បាតុកម្ម​នៅ​កូរ៉េ ប្រៀប​ដូច​ទូក​ទៅ កំពង់​នៅ តែ​ច្រាំងនៅតែ​ច្រាំង​ដដែល​!

725
ចែករម្លែក

​ក្រុម​អ្នកប្រឆាំង​មួយចំនួន ដឹកនាំ​ដោយ​លោក​សមរង្ស៊ី បាន​ចូលរួម​បាតុកម្ម “​ពន្លឺភ្លើងទៀន​” នៅ​ទីក្រុង​ក្វាង​យូ​នៃ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ព្រលប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​។ ក៏ប៉ុន្តែ​បាតុកម្ម​នោះ​ហាក់ដូចជាគ្រាន់តែ​ជាការ​ជួបជុំ​រវាង​កម្លាំង​បក្សប្រឆាំង ន​កូរ៉េ ហើយ​មិនបាន​ជះឥទ្ធិពល​អ្វី​លើ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា សោះឡើយ​។​

​ក្នុង​បាតុកម្ម​ លោក​សមរង្ស៊ី បានប្រកាស​សារ​នយោបាយ ដោយ​យក​លំនាំ​តាម លោកស្រី អ៊ុង សាន​ស៊ូ​ជី អតីត​មេបក្ស​ប្រឆាំង​នៅ​ភូមា ដោយ​បបួល​យុវជន និង​ពលករ​ខ្មែរ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ និង​ពលករ​នៅ​ថៃ​ឱ្យទៅ​ប្រទេស កម្ពុជា​ជាមួយ​លោក​វិញ​។​
​ ​
​ប៉ុន្តែ​សារ​នយោបាយ​របស់លោក​សមរង្ស៊ី​ដូច្នេះ គ្រាន់តែ​ជាការ​ប្រកាស​ឲ្យ​រួចពីមាត់ ហើយ​មិនអាច​ទៅរួច​ទាល់តែសោះ​។​មូលហេតុ​ព្រោះ​លោក​សមរង្ស៊ី ខ្លួនឯង​មិន​ទាំងហ៊ាន​ចូល​ស្រុក ដោយសារ​តែ​ខ្លាច​ជាប់ពន្ធនាគារ ដែល​តុលាការ​បានសម្រេចផ្តន្ទាទោសលោក​ជាច្រើន​ករណី​។ មួយ​វិញទៀត សួរថា បើសិនជា​ពលករ​ខ្មែរនៅ​កូរ៉េ និង​នៅ​ថៃ មក​ចូល​ស្រុក​តាម​លោក​សមរង្ស៊ី​មែន តើ​ពួកគេ​សុខចិត្ត​បោះបង់ការងារ ដែល​ផ្តល់​ចំណូល​រាប់រយ​ដុល្លារ​ក្នុង​មួយខែៗ​សម្រាប់​ជួយ​ជីវភាព​គ្រួសារ នៅក្នុង​ស្រុកឬទេ​? ហើយ​បើ​មក​មែន តើ​លោក​សមរង្ស៊ី រក​ការងារ​ឲ្យ​ពលករ​ខ្មែរ គ្រាន់តែ​នៅ​កូរ៉េ​រាប់ម៉ឺន​នាក់ និង​នៅ​ថៃ​ជាង​មួយ​លាន​នាក់​នោះ បាន​ឬទេ​? បើ​គ្រាន់តែ​សមាជិក​បក្សប្រឆាំង​រប​ស់លោក​សមរង្ស៊ី តែ​ប៉ុន្មាន​រយ​នាក់​សោះ​ក៏​អត់​ការងារធ្វើ​ផង​ហ្នឹង​។​

​មួយវិញទៀត​បាតុកម្ម​នៅ​កូរ៉េ​របស់លោក​សមរង្ស៊ី លើក​នេះ ក៏​មិនបាន​បង្រួបបង្រួមសមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​ឡើយ​។ ក្រុម​អ្នកគាំទ្រ​លោក កឹម​សុខា នៅតែ​បន្ត​វាយប្រហារ ហើយ​សូម្បីតែ​លោក​អ៊ូ​ច័ន្ទ​រ័ត្ន និង​លោក​ជីវ​កត្តា អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ខំ​ធ្វើដំណើរ​ទៅដល់​កូរ៉េ​ហើយក៏​នៅតែមិនអាច​ចូលរួម​ជាមួយ​លោក​សមរង្ស៊ី បានឡើយ ដោយសារតែ​ការមិនចុះសម្រុង ហើយ​លោក​ទាំងពីរ​នេះត្រូវបាន​ក្រុម​លោក​សមរង្ស៊ី ចាត់ទុកថា ជា​ក្រុម​ក្បត់បក្ស ដោយសារតែ​បានស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​
​ ​
​ម្យ៉ាងទៀត បាតុកម្ម​នៅក្រៅ​ប្រទេស មិនមែន​ត្រឹមតែ​នៅ​កូរ៉េ​នោះទេ គឺ​កន្លងមក មិនមាន​ឥទ្ធិពល​អ្វីដល់​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សោះឡើយ​។ ផ្ទុយទៅវិញ អ្នកចូលរួម​បាតុកម្ម​ជាមួយនឹង​លោក​សមរង្ស៊ី​ត្រូវ​ប្រឈម​នឹង​ការរើសអើង​ពី​ក្រុម អ្នកគាំទ្រ​លោក​កឹម​សុខា ហើយក៏​អាច​នឹង​ប្រឈម​មួយទៀត នឹង​កន្លែង​ការងារ លើ​ទឹកដី​កូរ៉េ ក៏​អាច​ថា​បាន​។​
​ ​
​ជាងនេះទៅទៀត នៅ​ទឹកដី​កូរ៉េ លោក​សមរង្ស៊ី បែរជា​ថ្លែង​តាម​វិទ្យុ​អាស៊ីសេរី ដោយដង្ហោយ​រក​ជំនួយ​ពីស​ម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​ប្រើ​ភាសា​ញុះញង់​បំបែកបំបាក់ ឲ្យ​សម្តេច​សខេង ធ្វើ​បក្ស​ប្រហារ​ប្រឆាំងសម្តេច​តេ​ជោ ហ៊ុន សែន​។ នេះ​ជា​ភាសា​ដដែលៗ ដែល​លោក​សមរង្ស៊ី​បាន​ប្រើប្រាស់តាំងពី​ដើមឆ្នាំ​២០០០ ដោយ​លោក​ញុះញង់​តាំងពី​សម្តេច​ជាស៊ីម និង​សម្តេច​ហ៊ុន សែន​។ ក៏ប៉ុន្តែ​ពាក្យ​ញុះញង់​របស់លោក​សមរ​ង្ស៊ី គឺ​គ្មាន​ប្រសិទ្ធភាព​សោះឡើយ​។​
​ ​
​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ពិធី​សម្ពោធ​ស្ពាន​ត​ភ្ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ជិត​ព្រំដែន​ប៉ោយប៉ែត សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មាន​អ្នក​នៅ​ខាងក្រៅ​ញុះញង់​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្វើ​រដ្ឋប្រហារ ហើយ​ថា បំណង​ទុច្ចរិត​បែបនេះគឺជា​រឿងដែល​មិនអាច​កើតឡើង​ឡើយ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បានប្រកាស​ហាម​សម្ដេច​ក្រឡាហោម ស ខេង រួមទាំង​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កុំ​ឆ្លើយឆ្លង​ជាមួយ​អ្នក​ញុះញង់​ឲ្យ​ធ្វើរដ្ឋប្រហារ ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជា​ជាន​កម្ពុជា​នោះទេ​។​

​ជារួម​ទៅ គឺ​ទាំង​សម្តី​លោក​សមរង្ស៊ី ទាំង​ចលនា​បាតុកម្ម​នៅ​កូរ៉េ គឺ​មិនមាន​ឥទ្ធិពល​អ្វីមកលើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ទាល់តែសោះ​។ ផ្ទុយទៅវិញ យុវជន ដែលភាគច្រើន​ជា​ពលករ​ខ្មែរធ្វើការ​នៅ​កូរ៉េ ត្រូវ​ចំណាយ​ពេលវេលា និង​ខ្លះ​ចំណាយ​ទាំងលុយកាក់ មក​ចូលរួម​ធ្វើបាតុកម្ម មក​ស្តាប់​លោក​សមរង្ស៊ី ដោយ​ឥតប្រយោជន៍​។ ការ​ចំណាយពេល​ឥតប្រយោជន៍​នេះ ក៏ដោយ​ទាំង​លោក​គឹម​សុខ ខំ​នាំ​កូនស្រី​តូចជិះ​យន្តហោះ ជិះឡាន មក​តាំងពី​ប្រទេស​ហ្វ្រាំង​ឡង់ មក​ហែហម​លោក​សមរង្ស៊ី នឹង​គេ​ដែរ តែ​គ្មាន​បាន​អី ក្រៅតែពី​សរសេរ​ប៉ុន្មាន​ឃ្លា​លើ​ហ្វេ​ស​ប៊ុ​ក និង​បង្ហាញ​រូបថត គួរ​ឲ្យ​សង្វេគ ជាមួយ​កូនស្រី អង្គុយ​លើ​ឡានក្រុង​ប៉ុណ្ណោះ​៕ ដោយ​: ម៉េង​ឆៃ​/Ha