បាតុកម្ម​នៅ​តំបន់​ហ្កា​ហ្សា​បន្ត​ឡើង​វិញ​នៅពេលដែល​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​

1003
ចែករម្លែក

ក្រុមជនប៉ាឡេស្ទីនបានបន្តការតវ៉ាដ៏ខ្លាំងរបស់ពួកគេនៅព្រំដែនតំបន់ហ្កាហ្សាជាប់មួយនឹងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ខណៈអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរិះគន់អ៊ីស្រាអែលចំពោះការប្រើប្រាស់កម្លាំងដោយមិនសមមាត្រនិងមិនរើសមុខ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៥៩
នាក់កាលពីដើមសប្តាហ៍នេះ។ អ៊ីស្រាអែលបានថ្កោលទោសចំពោះដំណោះស្រាយ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថាមានភាពលម្អៀង។

ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថាការតវ៉ាកាលពីថ្ងៃសុក្រនៅក្នុងតំបន់ហ្កាហ្សាដែលចូលដល់សប្តាហ៍ទី៨ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ បាននាំឱ្យអ៊ីស្រាអែល មានការបាញ់កាំភ្លើងនិងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដោយបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់២៣នាក់បានរងរបួស។

ទន្ទឹមនឹងនេះដែរ អេហ្ស៊ីបបាននិយាយថាខ្លួនបានបើកផ្លូវឆ្លងកាត់ច្រកព្រំដែនRafahរបស់ខ្លួនជាមួយតំបន់ហ្កាហ្សាសម្រាប់បុណ្យរ៉ាម៉ាដានក្នុងខែបុណ្យមូស្លីមទាំងមូលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយវិបត្តិនៅក្នុងទឹកដីដែលមានប្រជាជនក្រីក្ររស់នៅដ៏ច្រើននោះ។

ក្រុមអ្នករៀបចំធ្វើបាតុកម្មបាននិយាយថាពួកគេមានគោលបំណងធំក្នុងការបញ្ឈប់ការរាំងខ្ទប់ដោយអ៊ីស្រាអែលនិងអេហ្ស៊ីបហើយដាក់សម្ពាធលើប្រទេសអ៊ីស្រាអែលដើម្បីបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួន។

ចាប់តាំងពីការធ្វើបាតុកម្មបានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមីនាមកនោះ ជនជាតិប៉ាឡេស្ទីនជាង១១០នាក់ត្រូវបានសម្លាប់និងជាង២.៥០០ នាក់បានរងរបួសដោយសារត្រូវគ្រាប់កាំភ្លើង។ នេះបើយោងតាមក្រសួងសុខាភិបាលនេះ ។

ក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថាភាគច្រើននៃជនរងគ្រោះគឺជាអ្នកតវ៉ាដែលគ្មានអាវុធ។ ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានរងរបួស៕ដោយ៖សុខា/SN

គ្រាប់បែកផ្សែងដែលបាញ់ដោយកងទ័ពអ៊ីស្រាអែលធ្លាក់លើពួកអ្នកតវ៉ាប៉ាឡេស្ទីននៅតំបន់ព្រំដែនហ្កាហ្សាជាប់ជាមួយនឹងអ៊ីស្រាអែលកាលពីថ្ងៃសុក្រអ្នកតវ៉ា ចោលដុំថ្មទៅលើកងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាជាប់ជាមួយនឹងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ