បាតុកម្ម​នៅ​ប៉ារីស​ឈាន​ដល់​សប្តាហ៍​ទី​១៣, រថយន្តយោធា​ត្រូវ​ដុត បាតុករ​៣១​នាក់​ត្រូវ​ចាប់ខ្លួន​

879
ចែករម្លែក
  • 429
    Shares

​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក​Christophe Castaner​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រើ​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ដើម្បី​សម្តែង​«​ការ​ជិនឆ្អន់​»​របស់​លោក​ក្រោយ​ពួក​បាតុករ​នៃ​ចលនា​អាវ​កាក់​​ពណ៌​លឿង​ដុត​រថយន្តយោធា​នៅឯ​ការតវ៉ា​ប្រឆាំង​មួយ​នៅ​ក្រុង​ប៉ារីស​។​

​ពួក​បាតុករ​ដែល​ទើប​បញ្ចប់​ការតវ៉ា​នៅ​ចុង​សប្តាហ៍​ទី​១៣​របស់ខ្លួន បាន​ដុត​រថយន្តយោធា​ប្រឆាំង​ភេរវកម្ម​នេះ​អោយ​ឆេះ​នៅមុខ​ប៉ម​អេ​ហ្វ​ហ្វែល​។​

​លោក​Castaner បាន​និយាយថា​«​រាល់ថ្ងៃ​យោធា​…​ការពារ​ជនរួមជាតិ​របស់​យើង​ពី​ការវាយប្រហារ​ភេរវកម្ម​។​ការដុត​បំផ្លាញ​នេះ​មិន​អាច​អត់ឱន​បានទេ​»​។​

​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​ចាប់ខ្លួន​បាតុករ​៣១​នាក់​ខណៈ​ការ​ប្រវាយប្រតប់​បាន​ផ្ទុះ​ឡើង​រវាង​អ្នក​តវ៉ា​និង​ប៉ូលិស​។​រថយន្ត ទោចក្រយានយន្ត​និង​ធុងសម្រាម​ត្រូវបាន​​ដុតបំផ្លាញ តែ​បើ​តាម​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ បាតុកម្ម​នៅ​សប្តាហ៍​នេះ​មាន​អ្នកចូលរួម​តិចជាង​សប្តាហ៍​មុន​។​

​យោង​តាម​តួលេខ​រដ្ឋាភិបាល​បារាំង មនុស្ស​៥១.៤០០​នាក់​បាន​ចូលរួម​ការតវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​សៅរ៍ ក្នុងនោះ​៤.០០០​នៅ​ក្រុងប៉ារីស​។​ចំនួន​នេះ​តិច​ជាង​សប្តាហ៍​មុន ដែល​មាន​អ្នក​​ចូលរួម​ទូទាំងប្រទេស​៥៨.៦០០​នាក់ និង​ក្រុងប៉ារីស​១០.៥០០​នាក់​។​

ក្នុងបាតុកម្មនេះដែរ ដៃ​របស់​បាតុករ​ម្នាក់​បាន​រងរបួស​ក្នុងពេល​ប៉ះទង្គិច​ហិង្សា​ជា​មួយ​ប៉ូលិស​នៅ​ប៉ារីស​ខណៈ​អ្នកប្រឆាំង​តវ៉ា​ព្យាយាម​សំរុកចូល​សភាជាតិ​បារាំង​។​ប៉ូលិស​បាន​និយាយថា​បាតុករ​​ម្នាក់​បាន​ដាច់​ម្រាមដៃ​៤ ខណៈ​ប៉ូលិស​សំរុកចូល​រារាំង​មិន​អោយ​បាតុករ​ចូល​ក្នុង​បរិវេណ​សភា​។​បើ​តាម​សារព័ត៌មាន បាតុករ​នេះ​បាន​រងរបួស​ដៃ​ដោយសារ​ព្យាយាម​រើស​យក​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​។​

សូមរំលឹកថា ​ការប្រឆាំង​តវ៉ា​«​អាវកាក់​ពណ៌​លឿង​»​នេះ​បាន​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដោយសារ​ពន្ធ​ប្រេង​។​តែ​ទោះ​ជា​រដ្ឋាភិបាល​យល់ព្រម​ឈប់​ដំឡើង​ពន្ធ​ប្រេង ក៏​ចលនា​​នេះ​ពង្រីក​ការតវ៉ា​ទាមទារ​របស់គេ​ទៅ​ជា​ការបះបោរ​ប្រឆាំង​ប្រធានាធិបតី អេម​ម៉ានុយ​អេល ម៉ា​ក្រុង និង​វណ្ណៈ​នយោបាយ​មួយ​ដែល​ពួកគេចោទប្រកាន់ថានៅ​ផុត​ពី​ប្រជារាស្ត្រ​សាមញ្ញ​៕ដោយ៖វាសនា

​រថយន្ត​ក្រុមប្រឆាំង​ភេរវកម្ម​របស់​យោធា​បារាំង​ត្រូវ​ដុត​បំផ្លាញ​ជិត​ប៉ម​អេ​ហ្វ​ហ្វែល​

ការ​ប្រវាយប្រតប់​គ្នា​បាន​ផ្ទុះឡើង​នៅ​មុខ​សភាជាតិ និង​ប៉ូលិស​បាន​ឆ្លើយ​តប​ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក

​ប៉ូលិស​រត់​កាត់​ធុងសម្រាម​ដែល​ឆេះ​ក្នុង​បាតុកម្ម​នៅ​ប៉ារីស​