បាតុករ​គាំទ្រ​និង​ប្រឆាំង​ចិន​ត្រៀម​បង្ហាញ​កម្លាំង​នៅពេល​ចិន​ពន្លះ​អង់គ្លេស​

680
ចែករម្លែក

​បាតុករ​គាំទ្រ​ចិន​មាន​ផែនការ​ជួបជុំគ្នា​នៅ​ហុងកុង​នា​ថ្ងៃ​សៅរ៍​ទី​១៦​វិច្ឆិកា​ដើម្បី​ថ្កោលទោស​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ដែល​កាន់តែ​ហិង្សា​ឡើង និង​គាំទ្រ​ប៉ូលិស​ដែល​​ក្លាយ​ជា​គោលដៅ​នៃ​ការវាយប្រហារ​ពី​បាតុករ​ប្រឆាំង​ផ្កាប់មុខ​។​

​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ បាន​ស្ថិតក្នុង​ភាពវឹកវរ​អស់​ពេល​ជាង​៥​ខែ​មក​ហើយ ដោយ​ដំបូង​ពួក​បាតុករ​ប្រឆាំង​ពង្រាង​ច្បាប់​បត្យាប័ន​មួយ តែ​ក្រោយមក​ពួកគេ​​បង្កើន​ការទាមទារ​ចាប់ពី​កំណែ​ទំរង់​នយោបាយ​នៅ​ហុងកុង​រហូតដល់​ការទទួលខុសត្រូវ​របស់​ប៉ូលិស​លើ​អ្នក​ប្រឆាំង​តវ៉ា​។​

បុគ្គលិក​ពន្លត់​អគ្គិភ័យ ពន្លត់ភ្លើង​នៅ​រថយន្ត​មួយ​ដែល​ត្រូវ​បាន​ដុត​អោយ​ឆេះ​ដោយ​អ្នក​តវ៉ា​ប្រឆាំង​នៅ​ជិត​សកល​វិទ្យាល័យ​ចិន​មួយ​ក្នុង​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​១៥​វិច្ឆិកា​

​សូមបញ្ជាក់​ថា បាតុកម្ម​គាំទ្រ​ចិន​ក៏​ធ្លាប់​ត្រូវបាន​រៀបចំ​ធ្វើ​កាលពី​មុន តែ​វា​តូច​ជាង​និង​មិន​ត្រាំត្រែង​ដូច​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​ទេ​។​

​អស់​ពេល​១​សប្តាហ៍​មក​នេះ ពួក​និស្សិត​និង​សកម្មជន​ប្រឆាំង​ចិន​បាន​ចូល​កាន់កាប់​សកលវិទ្យា​ល័យ​យ៉ាងតិច​៥ ស្តុក​ទុក​គ្រាប់បែក​សាំង ដុំឥដ្ឋ ព្រួញ​និង​សព្វាវុធ​ផ្សេង ត្រៀម​ទប់​​ទល់​នឹង​ប៉ូលិស​។​

​ក្នុង​ការតវ៉ា​ប្រឆាំង​ជាប់​គ្នា​ដល់​ថ្ងៃទី​៥​កាលពី​ថ្ងៃ​សុក្រ ពួក​បាតុករ​បាន​បង្ខំ​អោយ​បិទ​សាលារៀន បិទ​ផ្លូវ​ហាយវ៉េ សង់រ​បាំង​ផ្លូវ​នៅតាម​សកល​វិទ្យាល័យ ។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​ចិន​និង​ហុងកុង​បាន​ថ្កោលទោស​ការវាយប្រហារ​ពី​សំណាក់​ហ្វូងមនុស្ស​លើ​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​ក្រុង​ហុងកុង នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​១៤​វិច្ឆិកា​។​

​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ឡុង​ដ៍​បាន​និយាយថា លោក​ស្រីថេ​រេសា ចេង​បាន​ទៅ​ទីក្រុង​ឡុង​ដ៍​ដើម្បី​ធ្វើ​ការងារ​តែ​រង​ការវាយប្រហារ​ពី​អ្នក​តវ៉ា​ប្រឆាំង​មួយ​ក្រុម​។​លោកស្រី​បាន​ដួល​និង​​រងរបួស​ដៃ​។​

លោក​ស្រីថេ​រេសា ចេង ត្រូវ​ហ្វូងមនុស្ស ស្រែក​ជេរ​និង​រុញ​អោយ​ដួល​កាលពី​ថ្ងៃ​១៤​វិច្ឆិកា ក្នុងពេល​ទស្សនកិច្ច​ក្រុង​ឡុង​ដ៍​

​ដោយ​ហៅ​វា​ថា​ជា​«​ការវាយប្រហារ​ដ៏​រន្ធត់​» ចិន​បាន​ចោទប្រកាន់​អង់គ្លេស​ថា​ញុះញុង​អោយ​មាន​ចលាចល​នៅ​ហុងកុង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ហ្គេង​សួង បាន​និយាយថា​« បើ​អង់គ្លេស​មិន​ដូរ​ទង្វើ​ខុសឆ្គង​របស់​ខ្លួន​ទេ ហើយ​បន្ត​បន្ថែម​ប្រេង​លើ​ភ្លើង សាប​ព្រួស​ការមិនចុះសម្រុង​​និង​ញុះញង់ ហើយ​បែរជា​ធ្វើការ​ចោទប្រកាន់​បក​ក្លែងក្លាយ នោះ​វា​នឹង​នាំ​អន្តរាយ​ខ្លួនឯង​»៕​ដោយ​៖​វាសនា​

ពួក​និស្សិត​និង​សកម្មជន​ហុងកុង ត្រៀម​សព្វាវុធ​ដើម្បី​ទប់ទល់​នឹង​ប៉ូលិស​