បាតុករ​ជិត ៦០០ នាក់ ដែល​ភាគច្រើន​ជា​ស្រីៗ ត្រូវបាន​ចាប់ខ្លួន ចំពោះ​ការជំទាស់​នឹង​គោលនយោបាយ​ស្តីពី​ជនអន្តោប្រវេសន៍​របស់​ត្រាំ​

850
ចែករម្លែក

​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជិត ៦០០ នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មិថុនា​បន្ទាប់ពី​ស្ត្រី​រាប់រយ​នាក់​បាន​ស្រែក​ខ្លាំងៗ​នៅក្នុង​អគារ​ព្រឹទ្ធសភា​ប្រឆាំងនឹង​ការប្រព្រឹត្ត​ឃោរឃៅ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ​គ្រួសារ​ជនអន្តោប្រវេសន៍​។ សមាជិកសភា​ម្នាក់​បាន​និយាយ​នៅលើ​ធ្វី​ត​ធឺ​ថា ក្នុងចំណោម​ពួកគេ​ក៏មាន​សមាជិកសភា​រដ្ឋ​វ៉ាស៊ីនតោន​ម្នាក់​ផងដែរ​។​

​ការតវ៉ា​នេះ​បាន​កើតឡើង​ខណៈដែល​បាតុកម្ម​បានកើត​ឡើង​ទូទាំងប្រទេស​អំពី​គោលនយោបាយ​របស់​រដ្ឋ​បាល​ត្រាំ​ក្នុងការ​បំបែកបំបាក់​គ្រួសារ​ជនអន្តោប្រវេសន៍​។ ពួកគេ​បានបង្ហាញ​ពីអ្វី​ដែល​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ នៅពេល​ការប្រមូលផ្តុំ​គ្រោង​ធ្វើឡើង​នៅ​ទូទាំងប្រទេស​ពី​ឆ្នេរ​ម្ខាង​ទៅ​ឆ្នេរ​ទៀត​របស់​អាមេរិក​។​

​ក្នុងពេលដែល​រូបភាព​កុមារ​អន្តោប្រវេសន៍​រង​ទុក្ខ​បែកបាក់​ពី​ឪពុកម្តាយ​និង​សម្រុកចូល​តាម​របងលួស​លេចឡើង​រៀងរាល់ថ្ងៃ ស្ត្រី​បាតុករ​បាននាំគ្នា​អង្គុយ​តវ៉ា​នៅលើ​កម្រាល​ឥដ្ឋ​ក្នុង​ព្រឹទ្ធសភា​។​

​ដោយ​អង្គុយ​នៅ​ជុំវិញ​រូបចម្លាក់ “​ភ្នំ​និង​ពពក​” របស់លោក​អា​ឡិច​សង់​ឌ័​រ ខាល់​ឌ័​រ ពួកគេ​បាន​ស្រែក​ពាក្យស្លោក​និង​អបអរសាទរ​ចំពោះ​សមាជិក​សភាព​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មួយចំនួន ដែល​បាន​ដើរចូល​ទៅក្នុង​ហ្វូង​បាតុករ​។​

​ពួកគេ​ភាគច្រើន​ស្រែកថា “​តើ​យើង​ចង់បាន​អ្វី​? ដោះលែង​ក្រុមគ្រួសារ​ពួកគេ​ឱ្យមាន​សេរីភាព​វិញ​! នេះហើយ​ជា​រូបភាព​ពិត​ប្រា​ដក​នៃ​លទ្ធិប្រជាធិបតេយ្យ​”​។​

​បាតុករ​ភាគច្រើន​ដណ្តប់ភួយ​អាលុយមីញ៉ូម ដែល​ស្រដៀង​ទៅនឹង​ភួយ​ដែល​គេ​ផ្តល់​ឱ្យទៅ​ជនអន្តោប្រវេសន៍ ដែល​ជាប់ឃុំ​នៅ​ទីតាំង​នានា​នៅ​សហរដ្ឋអាមេរិក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ប៉ូលិស​បាន​និយាយថា មនុស្ស​ប្រហែល ៥៧៥ នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់​នៅក្នុង​អគារ​ព្រឹទ្ធសភា​។ ប៉ូលិស​បាន​និយាយថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់នោះ ត្រូវបាន​គេ​ដោះលែង​វិញ បន្ទាប់ពី​ធ្វើ​បែបបទ​ដោះលែង​រួច​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​និយាយថា មនុស្ស​ប្រហែល ៥៧៥ នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់​នៅក្នុង​អគារ​ព្រឹទ្ធសភា តែ​ត្រូវបាន​ដោះលែង​វិញ​ហើយ