បាតុករ​ទាមទារ​អោយ​មេដឹកនាំ​អាស៊ាន​ហាមឃាត់​ការនាំ​ចូល​សម្រាម​

325
ចែករម្លែក

​អ្នក​ប្រឆាំង​តវ៉ា​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មិថុនា បាន​ចាក់គរ​សម្រាម​នៅមុខ​អាគារ​រដ្ឋាភិបាល​មួយ និង​បាន​អំពាវនាវ​អោយ​ពួក​មេដឹកនាំ​អាស៊ាន​ហាម​នាំ​​ចូល​សម្រាម​មកពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​។​

​បាតុកម្ម​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មុន​ជំនួប​អាស៊ាន​១០​ប្រទេស​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន​កំពុង​តស៊ូ​ដោះស្រាយ​ជំនន់​សម្រាម​ផ្លា​ស្ទិក​​ចូល​មក​តំបន់​នេះ​បន្ទាប់ពី​ចិន​បាន​សំរេចចិត្ត​ឈប់​នាំ​ចូល​សម្រាម​ដែល​អាច​កែច្នៃ​ប្រើ​ឡើងវិញ​បាន​កាលពី​ឆ្នាំមុន​។​

​បណ្តា​ប្រទេស​អាស៊ាន​ឥឡូវ​ទទួល​ជាង​១​ភាគ​៤​នៃ​សម្រាម​ផ្លា​ស្ទិក​ពិភពលោក ដោយ​ភាគច្រើន​បំផុត​មក​ពី​ប្រទេស​អភិវឌ្ឍន៍ ដូចជា​កាណាដា អាម៉េរិក អូស្ត្រាលី​និង​ជប៉ុន​។​

​សកម្មជន​ថៃ​ប្រមាណ​៥០​នាក់ ដែល​ខ្លះ​កាន់​បដា​សរសេរថា​« គ្មាន​កន្លែង​សំរាប់​សម្រាម​» បាន​ចូលរួម​ជាមួយ​អ្នក​ធ្វើ​យុទ្ធនាការ​នៃ​អង្គការ​បរិស្ថាន​Greenpeace​ដើម្បី​អំពាវ​​នាវ​អោយ​បញ្ចប់​ការនាំ​សម្រាម​ចូល​អាស៊ីអាគ្នេយ៍​។​

​គំនរ​សម្រាម​នៅ​អាស៊ីអាគ្នេយ៍​កាន់តែ​កើនឡើង​ចាប់តាំងពី​ចិន​ឈប់​ទទួល​យក​សម្រាម​នៅ​ឆ្នាំ​២០១៨ និង​អង្គការ​Greenpeace​និយាយថា ការនាំ​ចូល​ផ្លា​ស្ទិក​សំរាប់​ច្នៃ​ប្រើ​​ឡើងវិញ​បាន​កើនឡើង​ដល់​ទៅ​១៧១​ភាគរយ​នៅ​ឆ្នាំ​២០១៦​។​សម្រាម​នាំចូល​ខ្លះ ត្រូវ​គេ​គិត​ថា​អាច​ច្នៃ​ប្រើ​ឡើងវិញ​តែ ពេល​ខ្លះ​ជា​របស់​មិន​អាច​ច្នៃ​ប្រើ​ឡើងវិញ​បាន និង​បញ្ចប់​​ត្រឹម​ដុតចោល​ឬ​ហូរ​អណ្តែត​ចូលក្នុង​ផ្លូវ​ទឹក​និង​សមុទ្រ​។​

​បញ្ហា​សម្រាម​បរទេស​នេះ​ជា​បញ្ហា​លេចធ្លោ​នៅ​ពេល​ថ្មីៗ​នេះ ដោយ​ហ្វីលីពីន ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​បានសំរេច​នាំ​សម្រាម​ទាំង​កុង​តេនឺៗ​ទៅកាន់​ប្រទេស​ដើម​វិញ​។​ថៃ​នាំ​ចូល​​សំណល់​មកពី​ប្រទេស​ជាច្រើន និង​ត្រូវបាន​ទុក​ចោល​នៅ​ទីវាល​និង​ឃ្លាំង ដែល​បណ្តាល​អោយ​មានកា​រ​តវ៉ា​ពី​អ្នកស្រុក​អំពី​ការបំពុល​បរិស្ថាន​។​

​ជំនួប​កំពូល​អាស៊ាន​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ជាមួយនឹង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​មួយ មិន​បាន​ដាក់​បញ្ហា​សម្រាម​នេះ​ក្នុង​របៀបវារៈ​របស់​ខ្លួន​ទេ​។​តែ​ការពិភាក្សា​​នឹង​ផ្តោត​លើ​បញ្ហា​សំណល់​ក្នុង​សមុទ្រ​ដោយសារ​វា​ប៉ះពាល់​ដល់​អាហារ​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​៕​ដោយ​៖​វាសនា​

សកម្មជន​Greenpeace​និង​ថៃ​ចាក់សម្រាម​តវ៉ា​នៅ​មុខ​ក្រសួង​ការបរទេស​ថៃ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​២០​មិថុនា