បាតុករ​ប្រឆាំង​ត្រាំ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស នៅក្រៅ​កន្លែង​ជួបជុំ​អ្នកគាំទ្រ​របស់លោក​ត្រាំ​នៅ​ក្រុង​ហ្វី​និក​

440

​បាតុកម្ម​ប្រឆាំង​លោក​ដូ​ណា​ល់ ត្រាំ បានប្រែក្លាយ​ទៅជា​ការប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅក្នុង​ទីក្រុង​ហ្វី​និក (Phoenix) កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា ខណៈដែល​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ហ្វូងមនុស្ស ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​កន្លែង​ជួបជុំ​អ្នកគាំទ្រ​របស់លោក​ត្រាំ​។​

​នៅក្នុង​ទិដ្ឋភាព​មួយ​ដែល​បញ្ចាំង​លើ​កញ្ចក់​ប៉ុស្តិ៍​ទូរទស្សន៍ CBS5 និង​ត្រូវបាន​ថត​ជាប់​នៅលើ​ធ្វី​ត​ធើ (Twitter) អ្នក​តវ៉ា​ម្នាក់ ដែល​ពាក់​ម៉ាស់​ការពារ​ឧស្ម័ន បាន​ទាត់​បំពង់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ត្រឡប់​ទៅ​ប៉ូលិស​វិញ​។​

​មួយសន្ទុះ​ក្រោយមក ពពក​ផ្សែង​បាន​ហុយ​ចេញពី​ក្រលៀន​របស់គាត់ ដោយ​ធ្វើឱ្យ​គាត់​ឈឺផ្សា​ទ្វេដង​។​

​ពិធីករ​ទូរទស្សន៍​ម្នាក់​និយាយ​កត់សម្គាល់ថា “​បុរស​ម្នាក់​ត្រូវបាន​បាញ់​ជាមួយនឹង​គ្រាប់កាំភ្លើង​ជ័រ​” ខណៈ​ពិធីករ​ដទៃទៀត​និយាយ​ខ្សឹបៗ​ទាំង​ភ្ញាក់ផ្អើល​និង​រន្ធត់ចិត្ត​។

​ពិធីករ​ម្នាក់​បាន​និយាយ​ស្ងាត់ៗ​ថា “​អូ … អឺ … យ៉េ​ស មន្ត្រីប៉ូលិស​អត់​លេងសើច​ទេ​… កុំ​រញ៉េរញ៉ៃ​ជាមួយ​ពួកគាត់​” ខណៈដែល​បាតុករ​ត្រូវ​គ្រាប់​នោះ​ត្រូវបាន​គ្នីគ្នា​ទាញ​ចេញពី​ផ្លូវ​។​

​បាតុករ​ម្នាក់​នោះ​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាច្រើន​ដែល​ជាប់​នៅក្នុង​អំពើហិង្សា​ក្រោយ​ការប្រមូល​អ្នកគាំទ្រ​លោក​ត្រាំ​ប៉ុណ្ណោះ ខណៈដែល​សមត្ថកិច្ច​បា​ន​ប្រើ​វិធីសាស្ត្រ​គ្មាន​គ្រោះថ្នាក់​ដើម្បី​បំបែកហ្វូង​បាតុករ ដែល​បាន​គប់​ដុំថ្ម​និង​ដប​ដាក់​ប៉ូលិស​។​

​ការប៉ះទង្គិច​គ្នា​នេះ​បាន​ផ្ទុះឡើង​បន្ទាប់ពី​លោក​ត្រាំ​បាន​ឆ្លងកាត់​ទីក្រុង​ហ្វី​និក​សម្រាប់​ការជួបជុំ​អ្នកគាំទ្រ​របស់គាត់ ដែល​បង្កើតឡើង​ដើម្បី​ពង្រឹង​មូលដ្ឋាន​គាំទ្រ​របស់គាត់ ដែល​ទីបំផុត​គឺ​ពង្រឹង​បាន​ពិតមែន នៅពេល​អ្នកគាំទ្រ​របស់​គាត់ ដែលមាន​គ្នា​ច្រើនជាង​ចំនួន​អ្នក​តវ៉ា​ប្រឆាំង​ត្រាំ បាន​ចេញមក​ប្រឆាំង​ពួកគេ​វិញ​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​ប្រឆាំង​ត្រាំ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅ​ក្រុង​ហ្វី​និក​កាលពី​ថ្ងៃ​អង្គារ