បាតុករ​រាប់ម៉ឺន​នាក់​តវ៉ា​នៅ​កណ្តាល​ទីក្រុង​អាថែន​ជុំវិញ​កិច្ចព្រមព្រៀង​របស់​រដ្ឋា​ភិ​បាល​ក្រិ​ក​ជាមួយ​ម៉ា​សេ​ដ្វា​ន​រឿង​ប្តូរ​ឈ្មោះ​ប្រទេស​

486
ចែករម្លែក

​អ្នក​តវ៉ា​យ៉ាងហោចណាស់ ៦០.០០០ នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​នៅ​ទីក្រុង​អាថែន​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មករា ដោយ​ប្រើប្រាស់​ដំបង​គ្រាប់​បែកផ្សែង​និង​សូម្បី​ដប​សាំង​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ប្តូរ​ឈ្មោះ​ដ៏​ចម្រូងចម្រាស់​ជាមួយ​ប្រទេស​ម៉ា​សេ​ដ្វា​ន (​ម៉ា​សេ​ដូ​នី​)​។​

​កិច្ចព្រមព្រៀង​ដែល​រដ្ឋសភា​ក្រិ​ក​គ្រោង​នឹង​ផ្តល់​សច្ចាប័ន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​នឹង​ឃើញ​អ្នកជិតខាង​របស់​ក្រិ​ក​ត្រូវបាន​ប្តូរ​ឈ្មោះ​ពី​ម៉ា​សេ​ដ្វា​ន​ទៅជា​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង (Republic of North Macedonia) បន្ទាប់ពី​មាន​ជម្លោះ​រយៈពេល ២៨ ឆ្នាំ​។​

​ឈ្មោះ​ម៉ា​សេ​ដ្វា​ន​គឺជា​បញ្ហា​រសើប​សម្រាប់​ជនជាតិ​ក្រិ​ក​ភាគច្រើន ដែល​ជឿថា​វា​មានន័យថា​អ្នកជិតខាង​របស់​ពួកគេ​មានបំណង​ទាមទារ​យក​ខេត្ត​របស់​ក្រិ​ក​ដែលមាន​ឈ្មោះ​ដូចគ្នា​។​

​នាយករដ្ឋមន្ត្រី​ក្រិ​កលោក អា​ឡិច​ស៊ី​ស ស៊ី​ប្រាស់ (Alexis Tsipras) ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​សម្បទាន​ច្រើន​ហួសហេតុ​ពេក​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​របស់គាត់ ហើយ​បាន​រួច​ផុតពី​ការបោះឆ្នោត​មិន​ទុកចិត្ត​កាលពី​សប្តាហ៍​មុន​យ៉ាង​ប្រផុតប្រផើយ​។​

​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​បន្ទាប់ពី​យុវជន​ពាក់​ម៉ា​សមុខ​ប្រហែល ៣០ នាក់​ព្យាយាម​ទម្លាយ​ចូល​អគារ​សភា​ដែល​បាន​បិទទ្វារ ជាហេតុ​នាំឱ្យ​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុករ​។​

​ប៉ូលិស​បាន​ប៉ាន់ប្រមាណ​ថា​បាតុករ​មាន​ចំនួន ៦០.០០០ នាក់ ខណៈ​អ្នករៀបចំ​បាតុកម្ម​និយាយថា មនុស្ស ១០០.០០០ នាក់​បានមក​ចូលរួម​ក្នុងការ​ជួបជុំ​តវ៉ា​នេះ​។​

​រថយន្ដក្រុង​រាប់រយ​បាន​នាំ​បាតុករ​មក​ទីក្រុង​អាថែន ជាមួយ​មនុស្ស​ជាច្រើន​គឺ​មកពី​តំបន់​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក ដែល​គេ​ហៅ​ផងដែរ​ថា ម៉ា​សេ​ដ្វា​ន​។​

​ប៉ូលិស​បាន​និយាយថា យ៉ាងហោចណាស់​ប៉ូលិស ២៥ នាក់​បាន​រងរបួស​និង​មនុស្ស ៧ នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​ស្ថានីយ​ផ្តល់ជំនួយ​សង្គ្រោះ​បឋម​បាន​និយាយថា ក្រុមអ្នកតវ៉ា ២ នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​ពិបាក​ដកដង្ហើម​។​

​យោងតាម​អ្នកយកព័ត៌មាន​ម្នាក់​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា អ្នក​តវ៉ា​ពាក់​ម៉ាស់​ខ្លះ​ក៏បាន​ផ្តោត​គោលដៅ​មកលើ​អ្នកកាសែត​នៅ​កន្លែងកើតហេតុ​ផងដែរ ដោយ​វាយកម្ទេច​គ្រឿង​សម្ភារៈ​របស់​អ្នកកាសែត​និង​អ្នក​ថតរូប​៕ ដោយ៖ កញ្ញាដាលីស