បាតុករ​ស៊ូដង់​ជិះ​រថភ្លើង​ចូលមក​រដ្ឋធានី​ខា​ទុំ ខណៈ​អាម៉េរិក​ទទូច​ឱ្យ​យោធា​ប្រគល់​អំណាច​ឱ្យ​ស៊ីវិល​

591
ចែករម្លែក

​ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​បានមក​ដល់​តាមរ​យៈ​រថភ្លើង​ដ៏​ណែន​មួយ​ក្នុង​ក្រុង​ខា​ទុំ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​មេសា ​ដើម្បី​ចូលរួម​ក្នុងការ​អង្គុយ​តវ៉ា​មួយ​សប្តាហ៍​ពេញ​នៅ​ខាងក្រៅ​ទីបញ្ជាការ​កងទ័ពជើងគោក ខណៈដែល​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​បាន​រំលឹក​ឡើងវិញ​នូវ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការទាមទារ​ឱ្យ​ក្រុមប្រឹក្សា​យោធា​របស់​ប្រទេស​នេះ​ប្រគល់​អំណាច​ដល់​រដ្ឋាភិបាល​ស៊ីវិល​។​

​ក៏ប៉ុន្តែ​ពួក​មេដឹកនាំ​អាហ្វ្រិក​ដែល​ជួបប្រជុំគ្នា​នៅ​ទីក្រុង​គែរ បាន​ទទូច​អំពី “​តម្រូវការ​សម្រាប់​ពេលវេលា​បន្ថែម​” សម្រាប់​អន្តរកាល ដោយ​ជំរុញ​សហភាព​អាហ្វ្រិក​បន្លាយពេល​បី​ខែ គិត​ចាប់ពី​ចុងខែ​មេសា ដល់​ក្រុមប្រឹក្សា​យោធា​ដើម្បី​ប្រគល់​អំណាច​ឱ្យទៅ​ស៊ីវិល​ឬ​មិន​អ៊ីចឹង​ទេ​ប្រឈមមុខ​នឹង​ការព្យួរ​ពី​ប្លុក​អាហ្វ្រិក​។ នេះ​បើតាម​ប្រសាសន៍​របស់​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​។​

​ក្រុមអ្នកតវ៉ា​ស៊ូដង់​បាន​ប្តេជ្ញា​បន្ត​ការតស៊ូ​របស់ខ្លួន​ដើម្បីឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ចូលកាន់​កាប់​អំណាច​ពី​ក្រុមប្រឹក្សា​យោធា​ដែល​បាន​បង្កើតឡើង បន្ទាប់ពី​កងទ័ព​បាន​បណ្តេញ​ប្រធានាធិបតី​ចាស់វស្សា លោក​អូ​ម៉ា អាល់​បា​សៀរ កាលពី​ថ្ងៃទី ១១ មេសា បន្ទាប់ពី​ការតវ៉ា​ដ៏​ធំ​ជាច្រើន​ខែ​។​

​បាតុកម្ម​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​កាលពី​ខែធ្នូ​ នៅ​ទីក្រុង​អា​តបា​រ៉ា​នៅ​ភាគ​កណ្តាល​ប្រទេស​ស៊ូដង់​។​

​អ្នក​ថតរូប​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់​បាន​និយាយថា កាលពី​ថ្ងៃ​អង្គារ​រថភ្លើង​មួយ​ចេញពី​ទីក្រុង​អាត​បា​រ៉ា ដែល​ដឹក​ពេញ​ហៀរ​ទៅដោយ​បាតុករ ដែល​គ្រវីទង់ជាតិ បាន​មកដល់​ស្ថានីយ​រថភ្លើង Bahari ភាគ​ខាងជើង​ទីក្រុង​ខា​ទុំ នៅមុន​ពេលធ្វើ​ដំណើរ​ទៅ​កន្លែង​តវ៉ា​។​

​ក្រុមអ្នកតវ៉ា​ដែល​អង្គុយ​នៅលើ​ដំបូល​រថភ្លើង​បាន​ស្រែកថា “​សេរីភាព សន្តិភាព និង​យុត្តិធម៌​” ខណៈ​ហ្វូង​បាតុករ​ដែល​កំពុង​រង់​ចាំ​ជាច្រើន​ម៉ោង បាន​ស្វាគមន៍​ពួកគេនៅពេលដែល​ក្បួន​ដង្ហែ​បានចាប់ផ្តើម​ទៅកាន់​ទីសំចត​នៅ​ខាងក្រៅ​ទីបញ្ជាការ​កណ្តាល​កងទ័ព​ជើងគោក​នៅ​កណ្តាល​ទីក្រុង​ខា​ទុំ​។​

​ដោយ​អំពាវនាវ​ឱ្យ​មានការ​សងសឹក​ចំពោះ​អ្នក​ដែល​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​នៃ​ការគ្រប់គ្រង​របស់លោក​បា​សៀរ ក្រុមអ្នកតវ៉ា​បាន​ស្រែកថា “​ឈាម​ត្រូវ​សង​ដោយ​ឈាម យើង​នឹងមិន​ទទួលយក​សំណង​នោះឡើយ​”​។​

​ការតវ៉ា​ដែល​បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​អាត​បា​រ៉ា​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅជា​បាតុកម្ម​ទូទាំងប្រទេស​ប្រឆាំងនឹង​ការគ្រប់គ្រង​កណ្តាប់ដៃ​ដែក​របស់លោក​បា​សៀរ ដែល​ទីបំផុត​បាន​នាំទៅដល់​ការបណ្តេញ​លោក​ចេញពី​អំណាច​ពី​សំណាក់​យោធា​៕ ដោយ៖ កញ្ញាដាលីស/Ha

បាតុករ​ស៊ូដង់​ចូលមក​ដល់ទី​ក្រុង​ខា​ទុំ​តាមរយៈ​រថភ្លើង​ដើម្បី​អង្គុយ​តវ៉ា​នៅ​ខាងក្រៅ​ទីបញ្ជាការ​កណ្តាល​យោធា