បាតុករ​ហុងកុង​ចម្អក​ដាក់​ភ្លេង​ជាតិចិន​អំឡុង​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​រវាង​ហុងកុង​និង​អ៊ីរ៉ង់​

128
ចែករម្លែក

​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​អង្រួន​ហុងកុង​ជាង ៣ ខែ បាន​រីក​រាលដាល​ដល់ទី​លាន​កីឡា​កាលពី​ថ្ងៃ​អង្គារ​ទី​១០ កញ្ញា ខណៈ​អ្នកគាំទ្រ​ក្នុងស្រុក​ជាច្រើន​បាន​ផ្គើន​នឹង​ច្បាប់​របស់​ចិន​ដើម្បី​ចម្អក​ដល់​បទ​ចម្រៀង​ជាតិ​របស់​ប្រទេស​នេះ​មុន​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​ទល់នឹង​ក្រុម​អ៊ីរ៉ង់​។​

​សញ្ញា​ចុងក្រោយ​នៃ​ភាពចលាចល​នៅ​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ចុង​សប្តាហ៍​មួយទៀត ដែល​ជួនកាល​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក្នុងការ​ប្រយុទ្ធ​គ្នា​ដូច​ឆ្មា​និង​កណ្តុរ​ជាមួយ​ក្រុមបាតុករ ដែល​ពេលខ្លះ​បាន​វាយ​បំបែក​បង្អួច​និង​ដុត​ភ្លើង​ឆេះ​នៅតាម​ដងផ្លូវ​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ មេដឹកនាំ​គាំទ្រ​ប៉េកាំង​លោកស្រី ខា​រី ឡាំ បាន​ព្រមាន​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​បរទេស​នៅក្នុង​កិច្ចការ​របស់​ហុងកុង ដោយ​បន្ថែមថា ការកើនឡើង​នូវ​អំពើហិង្សា​មិនអាច​ដោះស្រាយ​បញ្ហា​សង្គម​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ​បានទេ​។​

​ទីក្រុង​ហុងកុង​ត្រូវបាន​ប្រគល់ឱ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​រូបមន្ត “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ដែល​ធានា​នូវ​សេរី​ភាពមិន​ធ្លាប់មាន​សោះ​នៅ​ចិនដីគោក​។ ប៉ុន្តែ​ប្រជាជន​ហុងកុង​ជាច្រើន​បារម្ភ​ថា ប៉េកាំង​កំពុង​លុបបំបាត់ចោល​ស្វ័យភាព​នេះ​បណ្តើរៗ​ហើយ​។​

​ការតវ៉ា​ប៉ុន្មាន​សប្តាហ៍​ជុំវិញ​ច្បាប់​បត្យាប័ន​ដែល​ឥឡូវ​បាន​ដកចេញ​ហើយ​នោះ បាន​វិ​វត្ត​ទៅជា​ប្រតិកម្ម​ទូលំទូលាយ​ប្រឆាំងនឹង​រដ្ឋាភិបាល​និង​ការអំពាវនាវ​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​កាន់តែខ្លាំង​ឡើង​។​

​នៅ​ពហុកីឡាដ្ឋាន​ធំ​របស់​ហុងកុង​នៅ​យប់​ថ្ងៃ​អង្គារ ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ជាង​១​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​និង​កាន់​បដា​សរសេរ​ពាក្យ “​ចម្អក​” នៅពេល​បទ​ចម្រៀង​ជាតិចិន​ចាប់ផ្តើម​ចាក់ មុន​ការប្រកួត ខណៈដែល​អ្នក​ផ្សេងទៀត​ស្រែកថា “​បដិវត្តន៍​នៅ​សម័យកាល​យើង​” និង “​រំដោះ​ហុងកុង​”​។​

​ការមិន​គោរព​ភ្លេងជាតិ​គឺជា​បទល្មើស​នៅក្នុង​ប្រទេស​ចិន​។​

​អ្នកគាំទ្រ​បាល់ទាត់​ផ្សេងទៀត​បាន​ស្រែកច្រៀង​បទ “​ហុងកុង​រុងរឿង​” ដែលជា​បទ​មួយ​កំពុង​ក្លាយជា​សម្រែក​ទាមទារ​សេរីភាព​ប្រជាធិបតេយ្យ​កាន់តែច្រើន​នៅក្នុង​ទឹកដី​ចិន​ពាក់កណ្តាល​ស្វយ័ត​នេះ​៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​១​ម៉ឺន​នាក់​ស្រែក​ចម្អក​ដាក់​ភ្លេង​ជាតិចិន​អំឡុង​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​រវាង​ហុងកុង​និង​អ៊ីរ៉ង់
#