បាតុករ​ហុងកុង​និង​ប៉ូលិស​ប៉ះទង្គិច​គ្នា​នៅ​ទីប្រជុំជន​ជិត​ក្រុង​សេន​ជិន​របស់​ចិន​

810
ចែករម្លែក

​ការ​ប៉ះ​ទង្គិចបាន​ផ្ទុះឡើង​នៅ​ហុងកុង ពេលនេះ​នៅ​ទីប្រជុំជន​មួយ​ជិត​ព្រំដែន​របស់​ខ្លួន​ជាមួយ​ក្រុង​សេន​ជិន ដោយ​អ្នកប្រឆាំង​តវ៉ា​ស្លៀកពាក់​ខ្មៅ បាន​ដើរ​ដង្ហែ​នៅ​ទីប្រជុំជន​​សឿង ស៊ូ​យ នៅ​តំបន់​ទឹកដី​ថ្មី ដើម្បី​បង្ហាញ​ការមិនសប្បាយចិត្ត​របស់​គេ​ចំពោះ​ពួក​អ្នក​នាំ​ទំនិញ​ចូល​ខុសច្បាប់​មក​ពី​ចិន​។​

​ទោះជា​ការដើរ​ដង្ហែ​នេះ​បានចាប់ផ្តើម​និង​បញ្ចប់​ដោយ​អហិង្សា ក៏​ភាព​តានតឹង​បាន​កើតឡើង​នៅ​ពេល​អ្នក​ប្រឆាំង​តវ៉ា​នៅ​មិន​ព្រម​បំបែកហ្វូង ហើយ​ប៉ូលិស​បាន​ប្រើ​ម្សៅ​ម្ទេស​​ដើម្បី​បំបែក​ពួកគេ​។​

​ពួក​អ្នក​រៀបចំ​បាន​និយាយថា មនុស្ស​ប្រមាណ​៣​ម៉ឺន​នាក់​បាន​ចេញ​មក​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍ តែ​ប៉ូលិស​ថា​មាន​ចំនួន​តែ​៤​ពាន់​នាក់​ប៉ុណ្ណោះ​។​

​បាតុករ​ដែល​ពី​ដំបូង​ប្រឆាំងនឹង​ពង្រាង​ច្បាប់​បត្យាប័ន ឥឡូវ​ទំនងជា​បែរ​មក​ផ្តោតលើ​បញ្ហា​មូលដ្ឋាន​ខ្លាំង​ឡើង ដោយ​អ្នកនាំពាក្យ​ក្រុម​បាតុកម្ម​បាន​រិះគន់​រដ្ឋាភិបាល​និង​ក្រុម​​ប្រឹក្សា​​មូលដ្ឋាន​ថា ធ្វើ​មិនដឹង​មិនឃើញ ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ដ៏​រាលដាល​។​

​ពួក​អ្នក​រិះគន់​និយាយថា សកម្មភាព​របស់​ឈ្មួញ​នាំ​ចូល​ខុសច្បាប់ ធ្វើអោយប៉ះពាល់​ការលក់​រាយ​ក្នុង​ក្រុង​ហុងកុង បង្កើន​ថ្លៃឈ្នួល និង​ធ្វើអោយ​ស្ថានភាព​អនាម័យ​កាន់តែ​អាក្រក់​​ឡើង​ដោយសារតែ​ការហូរចូល​ទេសចរ​និង​ឈ្មួញ​មកពី​ចិន​ដីគោក​។​

​ពួក​អ្នក​តវ៉ា បានទាមទារ​អោយ​លុបចោល​គោលនយោបាយ​«​ចូល​មក​លេង​ម្តង​មួយ​សប្តាហ៍​»​សំរាប់​អ្នកស្រុក​សេន​ជិន ដាក់​ពួក​ឈ្មួញ​នាំ​ចូល​ខុស​ច្បាប់​ក្នុង​បញ្ជី​ខ្មៅ ពង្រឹង​ការ​អនុ​​ច្បាប់​ប្រឆាំង​ការ​កាន់កាប់​ចំណីផ្លូវ និង​ធ្វើ​អោយ​ប្រសើរឡើង​ស្ថានភាព​អនាម័យ​នៅ​តំបន់​នោះ​៕​ដោយ​៖​វាសនា​

ប៉ូលិស​បាន​និយាយថា ការដើរ​ដង្ហែ​នៅ​ទីប្រជុំជន​សឿង ស៊ូ​យ បាន​ចប់​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​សៅរ៍ តែ​«​ការប៉ះទង្គិច​បាន​ផ្ទុះឡើង​នៅ​ពេល​អ្នក​តវ៉ា​ប្រឆាំង​ខ្លះ​ឈ្លោះ​ជាមួយ​មនុស្ស​​ខ្លះ​និង​ប៉ះ​ជាមួយ​ប៉ូលិស​ដែល​ចូល​អន្តរាគមន៍​»