បាតុករ​ហុងកុង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​, ខឹងសម្បារ​ដែល​ពុំមាន​ការកាត់ទោស​នរ​ណា​ម្នា​ក់សោះ បន្ទាប់ពី​ហ្វូង​ជន​អន្ធពាល​ឆ្មក់​វាយ​បាតុករ​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​

388
ចែករម្លែក

​ប្រជាជន​ហុងកុង​រាប់ពាន់នាក់​បានធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ ទី​២១ សីហា នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជាយក្រុង ដែល​ត្រូវបាន​វាយប្រហារ​ដោយ​ហ្វូងមនុស្ស​កាលពី​ខែ​មុន ដោយ​ខឹងសម្បារ​យ៉ាងខ្លាំង​ដែល​គ្មាន​នរណាម្នាក់​ត្រូវបាន​កាត់ទោស​ពីបទ​ប្រើ​អំពើហិង្សា​។​

​ក្រុមបាតុករ​ពាក់​ម៉ាស់​មុខ​ខ្លះ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដោយ​បាញ់​បំពង់​ពន្លត់អគ្គីភ័យ​ចេញពី​ខាងក្នុង​ស្ថានីយ Yuen Long ខណៈដែល​អ្នកផ្សេង​ទៀត​បាន​ចាក់​ខ្លាញ់​ឆា​លើ​កម្រាល​ឥដ្ឋ​ដើម្បី​បញ្ឈប់​ប៉ូលិស​កុំឱ្យ​រុលទៅមុខ​បាន​។​

​បាតុករ​ខ្លះ​បាន​បិទ​ច្រកចេញ​របស់​ស្ថានីយ​និង​បិទផ្លូវ​នៅ​ខាងក្រៅ​ស្ថានីយ ដោយ​តម្រង់​កាំរស្មីឡាស៊ែរ​ពណ៌​បៃតង​ដាក់​ក្រុមប៉ូលិស​កាន់​ខែល​។ អ្នកខ្លះ​ទៀត​បាន​ចោល​បំពង់​ពន្លត់អគ្គីភ័យ​ទទេ​ទៅលើ​ប៉ូលិស​ពី​ស្ពាន​អាកាស​។​

​វា​ជាការ​បង្ហាញ​ចុងក្រោយបង្អស់​នៅក្នុង​បាតុកម្ម​ជា​ហូរហែ ដែល​ជួនកាល​ប្រែ​ទៅជា​អំពើហិង្សា​ចាប់តាំងពី​ខែមិថុនា​ប្រឆាំងនឹង​ការលុបបំបាត់ចោល​សេរីភាព​នៅក្នុង​អតីត​អាណានិគម​អង់គ្លេស ដែល​គ្រប់គ្រង​ដោយ​ចិន​នេះ​។​

​កាលពី​ថ្ងៃទី ២១ កក្កដា ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ជាង ១០០ នាក់​ពាក់​អាវយឺត​ពណ៌​ស​និង​ប្រដាប់​ដោយ​ដែក​ទីប​និង​ដំបង បាន​វាយ​ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​គ្មាន​អាវុធ​និង​ស្លៀកពាក់​ខ្មៅ​នៅឯ​ស្ថានីយ​រថភ្លើង​ក្រោម​ដី Yuen Long នៅ​ជិត​ព្រំដែន​ប្រទេស​ចិន​។​

​ការវាយប្រហារ​នោះបាន​បណ្តាលឱ្យ​មនុស្ស​ជិត ៥០ នាក់​ដេក​មន្ទីរពេទ្យ រួមទាំង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ខ្លះ​ក៏មាន​របួស​គួរឱ្យ​រន្ធត់​ដែរ​។​

​ប៉ូលិស​ហុងកុង​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការឆ្លើយតប​យឺតយ៉ាវ ដោយ​បង្កឱ្យមាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួក​ប៉ូលិស​បាន​ឃុបឃិត​ជាមួយ​ហ្វូង​ជនពាល​ទាំងនោះ​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​ហុងកុង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​ពុធ