បាតុករ​ហុងកុង​រារាំង​សេវា​រថភ្លើង​ក្នុងពេល​មាន​ចរាចរណ៍​មមាញឹក​នៅ​ពេល​ព្រឹក​

509
ចែករម្លែក

​អ្នកធ្វើដំណើរ​នៅ​ក្រុង​ហុងកុង​បាន​ជួប​ការរំខាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០​កក្កដា ដោយសារ​តែ​ពួក​បាតុករ​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​បាន​ព្យាយាម​រារាំង​ឃាត់​មិន​អោយ​រថភ្លើង​​ចេញដំណើរ​។​

​សេវា​រថភ្លើង​នៅ​ភាគ​ខាងកើត ត្រូវបាន​ពន្យារពេល​និង​ក្រោយមក​ត្រូវបាន​ផ្អាក​បន្ទាប់​ពី​អ្នកប្រឆាំង​តវ៉ា​រាប់សិប​នាក់ ខ្លះ​ពាក់​ខ្មៅ​និង​ម៉ា​សមុខ បាន​ព្យាយាម​រារាំង​មិនអោយ​​រថភ្លើង​នៅ​ស្ថានីយ​Tiu Keng Leng ចេញដំណើរ​។​

​អ្នក​ប្រឆាំង​តវ៉ា​ខ្លះ​បាន​បង្ហាញខ្លួន​នៅ​ស្ថានីយ​តាំងពី​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ដើម្បី​បិទទ្វារ​រថភ្លើង ដោយ​ប្រើ​ដៃ រាងកាយ​របស់​គេ​ឬ​វត្ថុ​ផ្សេងៗ នៅពេល​អ្នកដំណើរ​បង្ហា​ញ​ការ​​មិន​ពេញចិត្ត​។​

​ទោះជា​យ៉ាងណា អ្នក​តវ៉ា​ម្នាក់​បាន​និយាយថា​«​វា​មិនមែន​ជា​បំណង​របស់​យើង​ទេ​ក្នុងការ​ធ្វើ​អោយ​ប្រជាជន​ជួប​ការលំបាក​តែ​យើង​ត្រូវតែ​ធ្វើអោយ​អាជ្ញាធរ​យល់ថា​ហេតុអ្វី​ក៏​ពួក​​យើង​តវ៉ា​។​យើង​នឹង​បន្ត​ការតវ៉ា​»​។​

​អ្នក​តវ៉ា​ម្នាក់​ទៀត​បាន​ស្រែកថា​«​រំដោះ​ហុងកុង​។​បដិវត្តន៍​នៃ​យុគ​របស់​យើង​»​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក៏​មាន​កំហឹង​ចំពោះ​ការព្រមាន​របស់​រដ្ឋាភិបាល​ចិន​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ដែលថា «​បើ​ហុងកុង​នៅតែ​បន្ត​ចលាចល សង្គម​ទាំងមូល​នឹង​ត្រូវ​បង់​នូវ​តំលៃ​នេះ​»​។​

​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​(HKMAO )​នៅក្រោម​ក្រុមប្រឹក្សារដ្ឋ​ចិន បាន​ចោទប្រកាន់​ក្រុម​ជន​ដែល​វាយបំផ្លាញ​ការិយាល័យ​រដ្ឋ​ថា​ប្រព្រឹត្ត​«​អំពើអាក្រក់​និង​ព្រហ្ម​​ទ​ណ្ឌ​»​និង​បាន​និយាយថា «​អំពើ​គួរអោយខ្លាច​ទាំងនោះ​»​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ចំពោះ​នីតិរដ្ឋ សេដ្ឋកិច្ច​និង​កេរ្តិ៍ឈ្មោះ​ហុងកុង​នៅ​ឆាក​អន្តរជាតិ​។​

​អ្នកនាំពាក្យ​HKMAO បាន​និយាយថា​រដ្ឋាភិបាល​ចិន​និង​អាជ្ញាធរ​ហុងកុង​នឹង​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច លើកស្ទួយ​កំរិតជីវភាព​ប្រជាជន​និង​​ជា​ពិសេស​ជួយ​ប្រជាជន​វ័យក្មេងៗ​ដោះស្រាយ​បញ្ហា​ផ្ទះសម្បែង​កន្លែង​ស្នាក់នៅ​របស់​ពួកគេ ការអប់រំ​និង​ការងារ​ធ្វើ​។​

​ទោះជា​យ៉ាងណា ពួក​អ្នករៀបចំ​ការតវ៉ា​បាន​ច្រានចោល​សម្តី​ខាងលើ និង​ហៅ​សន្និសីទ​កាសែត​នេះ​ថា​ជា​ការ​ចំណាយ​ពេល​ឥតប្រយោជន៍​។​

​សូមបញ្ជាក់​ថា អ្នក​ហុងកុង​រាប់សែន​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​តាម​ដងផ្លូវ​នៅ​រយៈពេល​២​ខែ​មកនេះ ដោយ​ដំបូង​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​បត្យាប័ន ដែល​អនុញ្ញាត​អោយ​នាំ​​ខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​និង​ប្រទេស​ដទៃ​ទៀត​។​ការទាមទារ​នេះ​ឥឡូវ​ក្លាយជា​ចលនា​ទាមទារ​ធំ​ឡើង រួម​មាន​ការទាមទារ​អោយ​មេដឹកនាំ​ហុងកុង​ចុះចេញ​ពី​តំណែង​ លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​រួម​ទាំង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​នៅ​អតីត​ទឹកដី​អាណានិគម​អង់គ្លេស​នេះ​និង​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ការប្រព្រឹត្ត​របស់​​ប៉ូលិស​លើ​អ្នក​ប្រឆាំង​តវ៉ា​៕​ដោយ​៖​វាសនា​