បាតុករ​ហុងកុង​អំពា​នាវ​អោយ​អង់គ្លេស​ជួយ នៅពេល​ការប៉ះទង្គិច​កើតមាន​ជា​ថ្មី​

460
ចែករម្លែក

​អ្នក​តវ៉ា​ប្រឆាំង​នៅ​ហុងកុង​បាន​ជួបជុំ​នៅក្រៅ​ស្ថាន​កុងស៊ុល​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កញ្ញា ដើម្បី​ទាមទារ​អោយ​អតីត​មហាអំណាច​អាណានិគម​នេះ​ដាក់​សម្ពាធ​អោយ​ចិន​​ធានា​និង​គោរព​ការសន្យា​របស់​ខ្លួន អំពី​សេរីភាព​របស់​ទីក្រុង​នេះ​។​

​តែ​ចិន​សន្យា​អនុវត្ត​រូបមន្ត​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​សំរាប់​ហុងកុង និង​ថា​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​ចិន​ក៏​ចោទប្រកាន់​មហាអំណាច​បរទេស ជាពិសេស​អាម៉េរិក​​និង​អង់គ្លេស ថា​ញុះញង់​បង្ក​ចលាចល ហើយ​ប្រាប់​ពួកគេ​គិតតែ​ការងារ​ផ្ទាល់​របស់​គេ​។​

​ទោះជា​យ៉ាងណា អង់គ្លេស​និយាយថា ខ្លួន​មាន​ការទទួលខុសត្រូវ​ស្រប​ច្បាប់​ដើម្បី​ធានា​អោយ​ចិន​គោរព​សេចក្តីប្រកាស​ឆ្នាំ​១៩៨៤​រវាង​ចិន​និង​អង់គ្លេស​។​

​ទឹកដី​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ចិន​នេះ​ត្រូវបាន​ធ្វើ​អោយ​កក្រើក​រញ្ជួយ​អស់​ពេល​រាប់​ខែ​មក​ហើយ ដោយសារ​តែ​ការតវ៉ា​ទាមទារ​ដែល​ពីដំបូង​បង្ក​ឡើង​ពី​កំហឹង​របស់​ពល​​រដ្ឋ​ហុងកុង​ចំពោះ​ការជំរុញ​អនុម័ត​ច្បាប់​បត្យាប័ន ដែល​នឹង​អនុញ្ញាត​អោយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលាការ​ចិន​ដីគោក​។​

​ការជួបជុំ​តវ៉ា​នៅ​ថ្ងៃអាទិត្យ​នេះ កើត​មាន​ការប៉ះទង្គិច​ជាថ្មី ដោយ​ប៉ូលិស​បាញ់​ទឹក​ពណ៌​គីមី និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​អ្នក​ប្រឆាំង​តវ៉ា​ដែល​ចោល​គ្រាប់បែក​សាំង​នៅក្រៅ​អាគារ​​ការិយាល័យ​ហុងកុង ក្រោយ​ពី​បាតុករ​រាប់ពាន់​នាក់​នាំគ្នា​ដើរ​ដង្ហែរ​កាត់​កណ្តាល​ក្រុង​ដោយ​ផ្គើន​នឹង​បំរាម​របស់​ប៉ូលិស​។​

​សូមបញ្ជាក់​ថា មនុស្ស​ជាង​១.៣០០​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចាប់តាំងពី​ការប្រឆាំង​តវ៉ា​បាន​ផ្ទុះឡើង​កាលពី​ពាក់កណ្តាល​ខែ​មិថុនា​នៅពេល​ការប៉ះទង្គិច​កាន់តែ​កើន​ឡើង​រវាង​ប៉ូលិស​​និង​អ្នកប្រឆាំង​តវ៉ា​។​

​ចលាចល​នេះ​បាន​វាយប្រហារ​សេដ្ឋកិច្ច​ហុងកុង ដែល​កំពុង​ទន់​ជើង​ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​ចិន​-​អាម៉េរិក​៕ដោយ៖វាសនា

កាលពី​ព្រឹក​ថ្ងៃអាទិត្យ អ្នក​ប្រឆាំង​តវ៉ា​កាន់​និង​គ្រវី​ទង់​អង់គ្លេស និង​ស្រែក​«​អង់គ្លេស ជួយសង្គ្រោះ​ហុងកុង​» នៅក្រៅ​ស្ថាន​កុងស៊ុល​អង់គ្លេស​