បាតុករ​អ៊ីរ៉ាក់​៤០​នាក់​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង ខណៈ​អំពើហិង្សា​កំពុង​រាលដាល​

282
ចែករម្លែក

​ក្រុមមន្ត្រី​សន្តិសុខ​និង​មន្ត្រី​ពេទ្យ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​វិច្ឆិកា គឺ​មួយថ្ងៃ​បន្ទាប់ពី​ស្ថាន​អគ្គ​កុងស៊ុល​អ៊ីរ៉ង់​ត្រូវបាន​ដុតបំផ្លាញ ថា កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ចំនួន​៤០​នាក់​អំឡុង​ការបង្ហូរ​ឈាម​រយៈពេល​២៤​ម៉ោង ចំពេល​មាន​ការរីក​រាលដាល​អំពើហិង្សា​ក្នុង​រដ្ឋធានី​និង​តំបន់​ភាគខាងត្បូង​ប្រទេស​។

​ក្រុមមន្ត្រី​បាន​និយាយថា អ៊ីរ៉ង់​បាន​ថ្កោលទោស​ការដុត​ស្ថាន​អគ្គ​កុងស៊ុល​របស់ខ្លួន​នៅក្នុង​ទីក្រុង​ណា​ចា​ហ្វ ខណៈ​អំពើហិង្សា​បាន​បន្ត​កើតមាន​ពេញ​មួយ​រាត្រី​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់ កន្លែង​ដែល​កម្លាំង​សន្តិសុខ​បានសម្លាប់​បាតុករ ៣៦ នាក់​និង​បង្ក​រងរបួស ២៤៥ នាក់​ចាប់តាំងពី​ល្ងាច​ថ្ងៃ​ពុធ​។ បាតុករ ៤ នាក់​ផ្សេងទៀត​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រដ្ឋធានី​។ មន្ត្រី​ទាំងនោះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​អនុលោម​តាម​បទ​ប្បញ្ញត្តិ​។​

​កងកម្លាំង​ប៉ូលិស​និង​យោធា​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​បណ្តា​ខេត្ត​សម្បូរ​ប្រេង​សំខាន់ៗ​ដើម្បី​បើកផ្លូវ​ដែល​បាន​បិទ​ដោយ​បាតុកម្ម​ឡើងវិញ​។​

​អំពើហិង្សា ដែល​កំពុង​កើនឡើង​និង​ការឆ្លើយតប​យ៉ាងខ្លាំង​ប្រឆាំងនឹង​ក្រុមបាតុករ​ដោយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​គំរាម​ធ្វើឱ្យមាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើងជា​ពិសេស​ប្រសិនបើ​កិច្ចប្រឹងប្រែង​ដើម្បី​អនុវត្ត​ការកែទម្រង់​ការបោះឆ្នោត​និង​ការប្រឆាំង​អំពើពុករលួយ​មិនបាន​ធ្វើឱ្យ​ក្រុមបាតុករ​ស្ងប់ចិត្ត​។​

​សេចក្តីថ្លែងការណ៍​មួយ​ពី​ទីបញ្ជាការ​ប្រតិ​ប​ត្ដិ​ការរួម​បាន​និយាយថា គណៈកម្មាធិការ​ដោះស្រាយ​វិបត្តិ​មួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កើន​ការសម្របសម្រួល​រវាង​នាយករដ្ឋមន្ត្រី អា​ឌី​ល អាប់​ឌុល​ម៉ា​ឌី​និង​អភិបាលខេត្ត​ដែល​រង​ផលប៉ះពាល់​ពី​ការតវ៉ា​នេះ “​សម្រាប់​សារៈសំខាន់​នៃ​ការគ្រប់គ្រង​សន្តិសុខ​និង​ការអនុវត្ត​ច្បាប់​”​។​

​កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​ក្រុមបាតុករ​ចំនួន ៤ នាក់​នៅក្នុង​ទីក្រុង​បា​កដាដ​និង​បង្ក​របួស ២២ នាក់​នៅពេល​ពួកគេ​បាន​ព្យាយាម​ឆ្លងកាត់​ស្ពាន​អា​រ៉ា​ដ៏​សំខាន់ ដែល​នាំ​ផ្លូវ​ឆ្ពោះទៅកាន់​តំបន់​បៃតង ដែលជា​ទីតាំង​រឹងមាំ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​។ ក្រុមអ្នកតវ៉ា​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ស្ពាន​ជុម​ហ៊ូ​រី​យ៉ា ស្ពាន​ស៊ីណា​ក់ និង ស្ពាន​អា​រ៉ា ដែលជា​ច្រកចូល​ឆ្ពោះទៅ​តំបន់​បៃតង​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​៤០​នាក់​ស្លាប់​ក្នុងពេល​ត្រឹម​២៤​ម៉ោង​ក្នុង​អំពើហិង្សា​នៅ​អ៊ីរ៉ាក់