បាតុភូត​ចម្លែក​បក់បោក​ដុំ​ទឹកកក​រាង​ដូច​ស៊ុត​ឱ្យមក​ទើរ​ពាសពេញ​លើ​ឆ្នេរ​ខ្សាច់​រាប់​គីឡូ​ដី​

373
ចែករម្លែក

​បាតុភូត​ដ៏​ចម្លែក​បាន​បក់បោក​ដុំ​ទឹកកក​រាង​ដូច​ស៊ុត​ឱ្យមក​ទើរ​លើ​ឆ្នេរ​ខ្សាច់​រាប់​គីឡូ​ដី​លើ​កោះ​ដ៏​ស្រស់ស្អាត​មួយ​ជាប់ សមុទ្រ​បាល់​ទិ​ក (Baltic Sea) ប្រទេស​ហ្វាំ​ង​ឡង់​។

​តាមរយៈ​រូបភាព​ទាំងនេះ ដុំ​ទឹកកក​រលោង​ស្រិល​ច្រើន​រាប់មិនអស់​គ្របដណ្ដប់​ពេញ​លើ​ឆ្នេរ​ខ្សាច់​នៃ​កោះ​ហៃ​លួ​តូ (Hailuoto) ក្នុង​ឈូង​សមុទ្រ​បូ​ស្នី (Gulf of Bothnia) នា​ខែ​នេះ​។

​ស្ត្រី​ឈ្មោះ តា​ចា តា​រ៉េ​ន​ចេ​ហ្វ (Tarja Terentjeff) ដែល​រស់នៅ​ចម្ងាយ​ពី​ឆ្នេរ​ខ្សាច់​នេះ​ប្រមាណ ៥៦ គីឡូម៉ែត្រ​ក្នុង ទីក្រុង​អូ​លូ (Oulu) បាន​ប្រាប់ CNN ថា “​នេះ​ជា​បាតុភូត​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពីមុនមក​។ ឆ្នេរ​ខ្សាច់​ពោរ ពេញ​ទៅដោយ​ដុំ​ទឹក​កកមូលៗ​ទាំងនេះ​”​។

​ស្ត្រី​ខាងលើ បាន​បង្ហោះ​រូប​ដុំ​ទឹកកក​ទាំងនេះ​តាម​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram របស់ខ្លួន​។ គាត់ និយាយថា គាត់​ធ្លាប់​ឃើញ​ដុំ​ទឹកកក​មូលៗ​ដែរ ប៉ុន្តែ​មិន​ច្រើន​ដល់​ថ្នាក់​នេះ​ទេ​។

​យោងតាម CNN Weather បានឱ្យដឹងថា បាតុភូត​នេះ​កើតឡើង​នៅពេល​រលក​ជិត​ច្រាំង​បំបែក​ទឹកសមុទ្រ​ដែល កក​ដោយ​អន្លើ​។ បន្ទាប់មក​ស្រទាប់​ទឹកកក​ទាំងនេះ​ស្អិត​ចូលគ្នា​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​ដុំ​ធំៗ​ក្នុង​ទឹក បែបនេះ​៕ ប្រែ​សម្រួលៈ​ខុម​