បាតុភូត “​ព្រះ​ចន្ទ​ឈាម​” កំពុង​ស្ថិតនៅ​លើផ្លូវ​ទ​ន្ទឹ​ម​គ្នា​ជាមួយ “​អាទិទេព​សង្គ្រាម​” (​ភព​អង្គារ​)

1260
ចែករម្លែក

“​ព្រះ​ចន្ទ​ឈាម​” នឹង​មកដល់​ទន្ទឹមគ្នា​ជាមួយនឹង​ភព​អង្គារ (​អាទិទេព​សង្គ្រាម​) ដោយ​បញ្ចេញ​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​រា​ហ៊ូ​ចាប់​ចន្ទ​យូរ​ជាងគេ​បំផុត​ប្រចាំ​សតវត្សរ៍​ទី​២១ ត្រូវគេ​រំពឹងថា​នឹង​កើតឡើង​នៅ​ថ្ងៃ​សុក្រ​ទី ២៧ ខែកក្កដា (​ម៉ោង​១២​យប់​ដល់​៦​ព្រឹក ឈានចូល​ថ្ងៃទី​២៨​កក្កដា​)​។​

​ខណៈដែល​វា​ស្ថិតនៅ​ស្របគ្នា​ជាមួយ​ផែនដី​និង​ព្រះអាទិត្យ ព្រះ​ចន្ទ​នឹង​ប្រែជា​ខ្មៅ​ងងឹត រួចហើយ​ប្រែ​ទៅជា​ពណ៌​ឈាម ឬ ក្រហមព្រឿងៗ​។​

​បាតុភូត​នេះ​បានធ្វើឱ្យ​បុព្វបុរស​យើង​ជំនាន់​មុនៗ​មានការ​ភ័យខ្លាច​និង​សព្វថ្ងៃ​នៅ​ប្រទេស​មួយចំនួន​មនុស្ស​នៅតែ​ចាត់ទុក​បាតុភូត​នេះ​ជា​ប្រផ្នូល​នាំមក​នូវ​ក្តី​វិនាស​អន្តរាយ​ដល់​ភពផែនដី​។​

​តាម​ការពិតទៅ បាតុភូត​នេះ​ត្រូវបាន​បង្កឡើង​ដោយ​ពន្លឺព្រះអាទិត្យ​ចាំង​ចូល​តាម​បរិយាកាស​របស់​ផែនដី ដូច្នេះ​ពណ៌​ក្រហម​នឹង​លេចឡើង​ខ្លាំង នៅពេល​ពន្លឺ​នេះ​ទៅដល់​ផ្ទៃ​ព្រះ​ចន្ទ​។​

​ភព​អង្គារ​នឹង​បន្ថែម​ពីលើ​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ ព្រោះ​វា​នឹង​លេចឡើង​នៅក្រោម​ព្រះ​ចន្ទ​ក្រហម​នៅ​ចម្ងាយ​កៀក​បំផុត​និង​បញ្ចេញ​ពន្លឺ​ភ្លឺ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។

​លើកចុងក្រោយ​ដែល​ភព​ក្រហម​នេះ​មាន​ទំហំ​ធំ​ជាង​មុន​និង​ភ្លឺ​ជាង​មុន គឺ​ក្នុង​ឆ្នាំ ២០០៣ នៅពេលដែល​ចម្ងាយ​រវាង​ភព​អង្គារ​និង​ផែនដី​នៅ​កៀក​គ្នា​បំផុត​ត្រឹម ៥៦ លាន​គីឡូម៉ែត្រ​។ ចម្ងាយ​ជា​មធ្យម​គឺ ២២០ លាន​គីឡូម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស

បាតុភូត​ចន្ទ​គ្រាស​ក្រហម​នឹង​កើតឡើង​នៅ​ថ្ងៃទី​២៧​កក្កដា ចាប់ផ្តើម​ពី​ពាក់កណ្តាល​យប់​ឈានដល់​ម៉ោង ៦ ព្រឹក​ថ្ងៃទី ២៨ កក្កដា