បាត់​ដំណឹង​សូន្យឈឹង​ជាង ១០ ឆ្នាំ ទីបំផុត​បាន​ជួប​ម្ចាស់​វិញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

199
ចែករម្លែក

​ឆ្កែ​ពូជ Toy Fox Terrier មួយ​ក្បាល​ដែល​បាន​បាត់​សូន្យឈឹង​ពី​ផ្ទះ​ម្ចាស់​របស់​វា​នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក តាំងពី​ក្នុង​ឆ្នាំ​២០០៧ ត្រូវបាន​រកឃើញ​វិញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ក្នុង​ក្រុង​ភី​ត​ស្បឺ​ក (Pittsburgh) រដ្ឋ​ផិ​ន​ស៊ី​ល​វ៉េ​នៀ (Pennsylvania) ហើយ​បាន​ជួបជុំ​ម្ចាស់​វិញ​គួរឱ្យ​ត្រេកអរ​។

​ឆ្កែ​ញី​អាយុ ១៤ ឆ្នាំ​ដែលមាន​ឈ្មោះថា Dutchess នេះ​ត្រូវគេ​ប្រទះឃើញ​ស្រេកឃ្លាន និង​រងា​ញ័រញាក់​នៅក្រោម រោង​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​អង្គការ​សង្គ្រោះ​សត្វ​។
​ ​
​ម្ចាស់​រោង​បានឃើញ​វា ហើយក៏​នាំ​វា​ទៅ​មណ្ឌល​សង្គ្រោះ​សត្វ Humane Animal Rescue Centre​។​បុគ្គលិក​មណ្ឌល បាន​ពិនិត្យមើល​បន្ទះ​មីក្រូ​ឈី​ប​បំពាក់​នៅ​នឹង​ករប​ស់វា ហើយ​រកឃើញថា ម្ចាស់​វា​រស់នៅ​ក្រុង​បូ​កា រ៉ា​ថុ​ន (Boca Raton) រដ្ឋ​ផ្លរីដា​។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ​ភ្លាម អ្នកស្រី ឃែត​ធើ​រី​ន ស្ទ្រែ​ង (Katheryn Strang) បាន​ប្រញាប់​ធ្វើដំណើរ​ទៅ​ក្រុង ភី​ត​ស្បឺ​ក ដែលមាន​ចម្ងាយ​ជាង ១.៨០០ គីឡូម៉ែត្រ​ដោយ​ចិត្ត​ត្រេកអរ​ឥតឧបមា​។ គ្រាន់តែ​ឃើញ​គ្នា​ភ្លាម​គាត់​បាន ស្ទុះ​ឱប​ឆ្កែ​របស់គាត់​ដោយ​ក្ដី​នឹករឭក​ជាទីបំផុត ព្រោះ​វា​ជា​រឿង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕ ប្រែ​សម្រួលៈ ខុម