បាត់​រថយន្ត​៣​ឆ្នាំ ម្ចាស់​ចាស់​ប្រទះឃើញ​ម្ចាស់​ថ្មី​យកមក​ជួសជុល​ក្នុង​យានដ្ឋាន​

1185
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: មានការ​ភ្ញាក់ផ្អើល​មួយ ខណៈពេលដែល​បុរស​ដែលជា​ម្ចាស់​រថយន្ត​មួយគ្រឿង​ម៉ាក COOPER MINI ពណ៌​លឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AA 9558 ដែល​បាន​បាត់​រថយន្ត​របស់​គាត​រយៈពេល​៣​ឆ្នាំ​ហើយ បែរជា​មក​ប្រទះឃើញ​រថយន្ត​របស់គាត់​វិញ នៅក្នុង​យានដ្ឋាន​មួយកន្លែង ស្ថិតនៅ​ផ្លូវ​លេខ​២១១​កែង​និង​ផ្លូវ​លេខ​៣៣៦ សង្កាត់​វាលវង់​ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​។​

​ក្រោយពេល​បានឃើញ​រថយន្ត​របស់​គាត់​ហើយ ម្ចាស់​រថយន្ត​ខាងលើ បាន​តេ​ទៅកាន់​អាវុធហត្ថ​ក្រុង ដែល​រូបគាត់​បានដាក់​ពាក្យបណ្តឹង និង​តម្កល់​ឯកសារ​នៅ​ទីនោះ បន្ទាប់ពី​បានទទួល​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ភ្លាម កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅដល់​គោលដៅ​យានដ្ឋាន​ខាងលើ​។ តែ​ដោយ​ម្ចាស់​រថយន្ត​ថ្មី​មិន​ចង់​អនុញ្ញាត​ឲ្យ​កម្លាំង​អាវុធហត្ថ​ដកហូត​ទេ ដោយ​រូបគាត់​អះអាងថា គាត់​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​ទោះជា​យ៉ាងណា​កម្លាំង​អាវុធហត្ថ​ក្រុង​នៅតែ​ផ្អែកលើ​ពាក្យបណ្តឹង​ជនរងគ្រោះ ដែលជា​ម្ចាស់​រថយន្ត ដែល​បានដាក់​ពាក្យបណ្តឹង​រយៈ​ពេល​៣​ឆ្នាំ បង្ខំ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕ ល​