បាត់​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​ជិត២លាន​ដុល្លារ រក​មិនឃើញ បាញ់សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន

2018

​អ្នកឈ្នះឆ្នោត​ម្នាក់ ដែល​ត្រូវ​រង្វាន់​ដល់​ទៅជិត ២ លាន​ដុល្លារ បានបញ្ចប់​ជីវិត​ខ្លួនឯង បន្ទាប់ពី​សន្លឹកឆ្នោត​ផ្លាស់​ប្តូរជីវិត​របស់គាត់ បាន​បាត់​យ៉ាង​អាថ៌កំបាំង​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​៧​កុម្ភៈ​។​

​លោក ជី​រ៉ាវុធ ពង់​ផាន (Jirawut Pongphan) អាយុ ៤២ ឆ្នាំ បាន​អញ្ជើញ​មិត្តភក្តិ និង​សាច់ញាតិ​មក​ផ្ទះ​គាត់​ដើម្បី​ផឹកស៊ី​អបអរ​ត្រូវ​ឆ្នោត​ធំ​នេះ ដែល​ស្រាប់តែ​ភ្ញាក់ឡើង​នៅ​ព្រឹកស្អែក​ក៏​បាត់​សន្លឹកឆ្នោត ជាហេតុ​ធ្វើឱ្យ​គាត់​មិនអាច​បើក​លុយ​ចំនួន ៤២ លាន​បាត (១,៧ លាន​ដុល្លារ​) បាន​នោះទេ​។​

​លោក ពង់​ផាន មកពី​ខេត្ត​ឈុន​បុរី នៅ​ភាគ​ខាងកើត​ប្រទេស​ថៃ​មាន​សន្លឹកឆ្នោត ៧ សន្លឹក ជាមួយ​លេខ​ឈ្នះ​រង្វាន់ ហើយ​គិតថា​ជីវិត​របស់គាត់​បាន​ផ្លាស់ប្តូរ​ល្អប្រសើរ​ឡើងជា​រៀងរហូត​ជាមួយនឹង​លុយ​រង្វាន់​ដ៏​ច្រើន​នេះ​។​

​ប៉ុន្តែ​ក្តីរំភើប​របស់គាត់​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ នៅពេល​គាត់​ភ្ញាក់ឡើង​នៅ​ថ្ងៃ​បន្ទាប់​ស្រាប់តែ​បាត់​សន្លឹកឆ្នោត​អស់រលីង​។​

​បន្ទាប់ពី​ស្ទើរតែ​ក្លាយជា​មហាសេដ្ឋី​តែ​ក្នុង​រយៈពេល​មួយ​យប់នោះ លោក​ពង់​ផាន​មិនអាច​ទ្រាំ​រស់នៅ​ទាំង​អារម្មណ៍​ជិត​ក្លាយជា​អ្នកមាន​បែរជា​នៅ​ក្រ​ដដែល​បានទេ ហើយក៏​បាញ់​សម្លាប់ខ្លួន​ចំក្បាល​តែម្តង​។​

​អ្នកលេង​ល្បែងស៊ីសង​រូបនេះ​បាន​បន្សល់​លិខិត​បណ្តាំ​អត្តឃាត​ដែល​សរសេរថា “​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ សូមកុំ​ធ្វើបាប​ក្រុមគ្រួសារ​ខ្ញុំ​។ ខ្ញុំ​ពិតជា​ឈ្នះឆ្នោត​មែន​”៕ ដោយ៖ កញ្ញាដាលីស

លោក ជី​រ៉ាវុធ ពង់​ផាន បានបញ្ចប់​ជីវិត​បន្ទា​ប់​ពី​បាត់​ឆ្នោត​រង្វាន់​ធំ​ជិត ២ លាន​ដុល្លារ