បានឮ ១០០​ដង មិន​ស្មើនឹង​បានឃើញ​ម្តង​!

214
ចែករម្លែក

កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ អ្នកនាំពាក្យ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ សរុប​៧៨​នាក់ មកពី​ជិត ៤០ ស្ថាប័ន បានធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីតាំង មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ជាក់ស្តែង និង​ស្វែង រក​ការ ពិត ក្រោយ​សារព័ត៌មាន​បរទេសមួយ​ចំនួន បាន​ផ្សព្វផ្សាយ​ចោទប្រកាន់ថា ទីតាំង​មូលដ្ឋាន កងទ័ពជើងទឹក​រាម ត្រូវបាន​កម្ពុជា និង​ចិន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់ មួយ ដើម្បី​បើកផ្លូវ ឲ្យ​ចិន បង្កើត​មូលដ្ឋានទ័ព ឈរជើង​នៅក្នុង​ទឹកដី​កម្ពុជា ។

​ជា​លទ្ធផល​គឺ​មិន​ដូច​អ្វី ដែល​សារព័ត៌មាន​បរទេសមួយ​ចំនួន បាន​ផ្សព្វផ្សាយ​នោះ ទេ​។ ក្រុម​អ្នកសារព័ត៌មាន បាន​មើលឃើញ​ជាក់​សែ្ត​ង​ថា គ្មាន​ឡើយ​មូលដ្ឋាន និង​កងទ័ព ចិន នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម នៅ​ខេត្ត​ព្រះសីហនុ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង ការពារជាតិ​បាន​បញ្ជាក់ថា ការដឹកនាំ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មកកាន់ មូលដ្ឋាន កងទ័ពជើងទឹក​រាម​នេះ ជា​បង្ហាញ​ឲ្យ​ឃើញជាក់ស្តែង​ច្បាស់​តែម្តង​ដើម្បី​កុំ​ឲ្យ សល់​នៅ​មន្ទិលសង្ស័យ​នានា ជុំវិញ​បញ្ហា​នេះ​។

​ដោយឡែក លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ប្រាប់​ក្រុមអ្នកកាសែត​ថា ជំហរ​របស់​កម្ពុជា គឺ​មិន​អនុញ្ញាត ឡើយ ចំពោះ​វត្តមាន​បរទេស មក​ចាត់ចែង​ក្នុង​មូលដ្ឋានទ័ព​កម្ពុជា​។ ដំណើរ​ចុះ​ពិនិត្យ ជាក់ស្តែង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​នឹង​បង្ហាញ​ឲ្យ​កាន់តែច្បាស់​ពី​ភាព​ស្អាតស្អំ​របស់​កម្ពុជា​។

​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​បរទេស​មួយចំនួន ពិសេស​កាសែត​អាម៉េរិក The Wall Street Journal បាន​ចុះ​ផ្សាយដំណឹង ចោទប្រកាន់​មកលើ​កម្ពុជា​ថា កម្ពុជា​បាន​ចុះ​កិច្ច ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ដើម្បី​អនុញ្ញាត​ឲ្យ​ចិន​បង្កើត​មូលដ្ឋានទ័ព​នៅ​បញ្ជាការដ្ឋាន កងទ័ពជើងទឹក​រាម នៅ​ខេត្ត​ព្រះសីហនុ​។ ក៏ប៉ុន្តែ​ក្រោយ​ការចុះផ្សាយ​ភ្លាមៗ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ក៏បាន​ចេញប្រកាស​ច្រានចោល ជា​បន្តបន្ទាប់​។

​ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏បាន​ចាត់ទុក​ការចុះផ្សាយ ដំណឹង​របស់​កាសែត​អាម៉េរិក​នេះ ថា​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ដើម្បី​ប្រឆាំង ជាមួយ​កម្ពុជា​។

​រីឯ​ប្រមុខ​ដឹក​ក្រសួងការពារជាតិ​កម្ពុ​ជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​លើក ឡើង​ដែរ​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ ធ្វើឡើង​ក្នុង​គោលដៅ​បង្កើត​លេស​ដាក់​ទណ្ឌ កម្ម​មកលើ​កម្ពុជា និង​បម្រើឱ្យ​ចរន្ត​នយោបាយ​ណាមួយ​តែប៉ុណ្ណោះ​។ ការចុះផ្សាយ បែប​នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​គ្មាន​វិជ្ជាជីវៈ​សារព័ត៌មាន និង​មាន​ចេតនា​បំផ្លាញ​ដល់​សន្តិសុខ​របស់​កម្ពុ​ជា​។

​យ៉ាងណា​ក៏ដោយចុះ បន្ទាប់ពី​ប្រកាស​បដិសេធ​ផ្ទាល់មាត់ ជា​លាយលក្ខណ៍អក្សរ និង​ធ្វើ​សន្និសីទកាសែត​ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការពារជាតិ និង​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​នាំ​ក្រុមអ្នកកាសែត​ជាតិ​-​អន្តរជាតិ​ជិត ៨០​នាក់ ចុះ​ទៅយក​ព័ត៌មាន ថតរូប និង​ពិនិត្យ​ផ្ទាល់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ជាប់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ ថែមទៀត កាលពី​ថ្ងៃទី​២៦ ខែកក្កដា​។​

​ដំណើរ​ចុះ​ផ្ទាល់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នេះ ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ បានឃើញ​ដោយផ្ទាល់ បាន​ថតរូប ថត​វិ​ដេ​អូ និង​ជាពិសេស​បាន​ពិនិត្យមើល ដោយផ្ទាល់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​កុំ​ឲ្យ​តែ​លឺ​គេ​ថាៗ តែ​អ្នកសារព័ត៌មាន មិនបាន​ទៅដល់​ផ្ទាល់​កន្លែង​នោះ​។​

​ជារួម នៅពេល​ទៅដល់ ពិនិត្យ​ស្វែងយល់ និង​ថតរូប​រួចហើយ ក្រុម​អ្នកសារព័ត៌មាន បាន​មើលឃើញ​ជាក់​សែ្ត​ង​ថា គ្មាន​ឡើយ​មូលដ្ឋាន និង​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព ជើង​ទឹក​រាម នៅ​ខេត្ត​ព្រះសីហនុ​។ រីឯ​ដំណឹង​នៃ​ការចុះផ្សាយ​របស់​កាសែត​អាមេរិក ក៏​កាន់តែ​អស់​តម្លៃ និង​កាន់តែ​ក្លាយជា​ព័ត៌មាន​មិន​ពិត​ថែម​ទៀតផង​៕ ដោយ​: ម៉េង​ឆៃ​