បារាំងទប់ស្កាត់ទាន់ការវាយប្រហារភេរវកម្ម

3033
ចែករម្លែក

ប៉ូលិសបារាំងបានធ្វើអោយបរាជ័យការវាយប្រហារភេរវកម្មមួយនិងបានចាប់ខ្លួនបងប្អូនដើមកំណើត​អេហ្ស៊ីប២នាក់,នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីមហាផ្ទៃបារាំងលោកជេរ៉ាត កូឡុម កាលពីថ្ងៃសុក្រទី១៨ឧសភា។

លោករដ្ឋមន្រ្តីបានប្រាប់ទូរទស្សន៍BFMTVថា” មានមនុស្សដើមកំណើតអេហ្ស៊ីប២នាក់ ដែលត្រៀមធ្វើការវាយប្រហារជាមួយនឹងគ្រឿងផ្ទុះឬសាធាតុគីមី រីស៊ីន ដែលមានជាតិពុលមហាខ្លាំង។”ពួកគេមានមេរៀនអំពីការផ្សំសារធាតុរីស៊ីនអោយក្លាយជាថ្នាំពុល”។

ការទម្លាយអោយដឹងនេះកើតឡើងបន្ទាប់ពីបុរសវ័យ២៩ឆ្នាំម្នាក់ ត្រូវបានសម្លាប់និង៤នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយកាំបិតក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន។

លោកកូឡុម មិនបានបញ្ជាក់ ថាពួកគេត្រូវបានចាប់ខ្លួនពេលណា តែប្រភពស្និទ្ធមួយចំពោះការស៊ើបអង្កេតបាននិយាយថា ពួកគេត្រូវបានចាប់ខ្លួននៅសង្កាត់ទី១៨នៃក្រុងប៉ារីសកាលពីថ្ងៃ១១ឧសភា នៅមួយថ្ងៃមុនបុរសឈ្មោះខាមហ្សាត អាហ្ស៊ីមូវ ធ្វើការវាយប្រហារដោយកាំបិត។

ប្រភពព័ត៌មានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ម្នាក់ក្នុងចំណោមជនសង្ស័យទាំងពីរបានសារភាពថា មានគំរោងវាយប្រហារ។

អាហ្ស៊ីមូវ ក៏រស់នៅក្នុងសង្កាត់ទី១៨ ដែលសំបូរអ្នកចំណូលទាបរស់នៅក្នុងសហគមន៍បារាំងចំរុះជាមួយជនអន្តោប្រវេសន៍។

កាលពីចុងខែមីនា នាយករដ្ឋមន្រ្តីបារាំង អេដូអាត ហ្វីលីព បានបញ្ជាក់ថាមានការវាយប្រហារសរុប៥១ត្រូវបានបញ្ចៀសដោយកងកម្លាំងសន្តិសុខបារាំងចាប់តាំងពីខែមករាឆ្នាំ២០១៥មក ជាពេលចាប់ផ្តើមនៃការវាយប្រហារជាបន្តបន្ទាប់លើទឹកដីបារាំង ដោយភាគច្រើនត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាម។ជាសរុប
មនុស្ស២៤៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចាប់តាំងពីពេលនោះមក៕ដោយ៖វាសនា

ប្រហោងគ្រាប់ស្ថិតលើកញ្ចក់បង្អួចនៃហាងកាហ្វេមួយនៅក្រុងប៉ារីសកាលពីថ្ងៃ១៣ឧសភា នៅមួយថ្ងៃបន្ទាប់ពីបុរសប្រដាប់ដោយកាំបិតបានសម្លាប់បុរសម្នាក់និងរបួស៤នាក់នៅក្នុងរដ្ឋធានីបារាំងនេះ

#