បារាំង​ចាប់ខ្លួន​អ្នកគាំទ្រ​អាល់​ហ្សេ​រី​២៨២​នាក់ ខណៈ​ពួកគេ​ដុត​ឡាន​និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​បន្ទាប់ពី​ក្រុម​អាល់​ហ្សេ​រី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations

458
ចែករម្លែក

​ប៉ូលិស​បារាំង​បាន​ចាប់ខ្លួន​មនុស្ស ២៨២ នាក់​នៅ​ទូទាំងប្រទេស​ត្រឹម​តែមួយ​យប់ បន្ទាប់ពី​កោលាហល​កើតឡើង​ បន្ទាប់ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល់​ហ្សេ​រី​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់​ទ្វីបអាហ្វ្រិក ហៅថា Africa Cup of Nations​។​

​ការអបអរសាទរ​បែប​កុប​កម្មនេះ​បាន​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​នានា ​រួមមាន​ទីក្រុង​ប៉ារីស ម៉ាក​សែ​ល និង លី​យ៉ុង បន្ទាប់ពី​ក្រុម​អាល់​ហ្សេ​រី​ផ្តួល​នី​ហ្សេ​រី​យ៉ា ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​នៅ​កីឡដ្ឋាន​អន្តរជាតិ​ទីក្រុង​គែរ នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។​

​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ដំបងឆក់​ត្រូវបាន​ប្រើ​នៅ​វិថី​ហ្សាំ​អេ​លី​សេ ​នៅ​ទីក្រុង​ប៉ារីស កន្លែង​ដែល​មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៥​កក្កដា​។ កាំជ្រួច​និង​ផ្សែង​ពណ៌​ត្រូវបាន​ដុត ខណៈដែល​ចរាចរណ៍​ត្រូវបាន​ជាប់គាំង​។​

​មនុស្ស ៥០ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​រដ្ឋធានី​បារាំង​។ ក៏មាន​ឈុត​ឆាក​ស្រដៀង​គ្នា​នេះដែរ​នៅ​ទីក្រុង​ម៉ាក​សែ​ល កន្លែង​ដែល​ហ្វូងមនុស្ស​ដ៏​ធំ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កំពង់ផែ​ចាស់​។​

​រថយន្ត​រាប់សិប​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ​ពេញ​មួយ​យប់​ថ្ងៃអាទិត្យ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ទីក្រុង​លី​យ៉ុង​ភាគ​ខាងកើត​។​

​អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃ​បារាំង​និយាយថា នៅត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃ​ចន្ទ “​មាន​មនុស្ស​២៨២​នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ ២៤៩ នាក់​ត្រូវបាន​ឃុំឃាំង​”៕ ដោយ៖ កញ្ញាដាលីស/Ha

មនុស្ស​២៨២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​បារាំង​ក្នុងការ​អបអរ​ដ៏​ជ្រួលច្របល់​ចំពោះ​ជ័យជម្នះ​របស់​អាល់​ហ្សេ​រី​លើ​ក្រុម​នី​ហ្សេ​រី​យ៉ា