បារាំង​ចាប់អារម្មណ៍​ខ្លាំង​ពី​ភាព​រីកចម្រើន​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា

515
ចែករម្លែក

​ដោយ:ពៅ និមល​/ភ្នំពេញ ៖ ក្នុងជំនួប​ការងារ រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​ដែល​បាន​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ កែលម្អ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​។​
​ ​

ប្រភពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងជំនួប​កាលពី​រសៀល​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩​កន្លងទៅ ភាគី​បារាំងបានបញ្ជាក់​ថា​ថា ជំនួប​នា​ពេលនេះ​គឺជា​ឱកាស​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធន៍​ល្អៗ និង​ធ្វើការ​សិក្សា លើក​ទិសដៅ​បន្ត​អនុវត្ត​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។ ទន្ទឹមនេះ លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​អះអាងថា នឹង​ខិតខំ​ផ្តល់​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​ក្រសួង​កសិកម្ម ធ្វើយ៉ាងណា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជាឲ្យមាន​ការរីកចម្រើន​ស​ម​ស្របតាម​ចក្ខុវិស័យ​របស់ រដ្ឋាភិបាល​កម្ពុជា​។​
​ ​

ជុំវិញ​ការលើកឡើង​នេះ លោក​រដ្ឋមន្ត្រី វេ​ង សាខុន អរគុណ​ដល់​រដ្ឋាភិបាល​បារាំង ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ជារួម និង​ដោយ​ឡែក​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ ជំនួយ​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​របស់​រដ្ឋាភិបាល​បារាំង​បាន​ចូលរួមចំណែក​ធ្វើឱ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន គួរឱ្យ​មោទនភាព​។ លោក​រដ្ឋមន្ត្រី សង្ឃឹមថា​រដ្ឋាភិបាល​បារាំង​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែមទៀត ជាពិសេស​ដល់​វិស័យ​កៅស៊ូ​គ្រួសារឲ្យកាន់តែ​មានការ​រីកចម្រើន​សមស្រប​តាម​និន្នាការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច កំណើនប្រជាជន និង​ការប្រកួតប្រជែង​ទីផ្សារ​។​
​ ​

ក្នុងជំនួប​នាឱកាស​នោះដែរ ភាគី​ទាំងពីរ​ក៏បាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​ផងដែរ ដូចជា​ ៖​ ការអភិវឌ្ឍ​វិស័យ​កៅស៊ូ​គ្រួសារ​, ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​ស្រូវ អង្ក​កម្ពុជា​, ការលើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម ការកែច្នៃ ការ​វេច​ខ្ចប់ ការធានា​គុណភាព សុវត្ថិភាព អនាម័យ និង​ភូតគាម​អនាម័យ (SPS) ឆ្លើយតប​តាម​និយាម​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​, ការលើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ដី​កសិកម្ម​ឱ្យមាន​និរន្តរភាព និង​វិធាន​ការការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ជ្រូក​អា​ហ្វិ​ច (African Swine Fever)៕B/