បារាំង​ចូលរួម​ប្រតិបត្តិ​ការឃ្លាំមើល​សកម្ម​ភាព​កូរ៉េខាងជើង​នៅ​សមុទ្រ​

121

​ក្រុមមន្ត្រី​បាន​និយាយថា​បារាំង​បាន​យល់ព្រម​កាលពី​ថ្ងៃ​សុក្រ​ទី​១១​ខែមករា​ថា​នឹងចូលរួម​ល្បាត​ជាមួយ​កងទ័ពជើងទឹក​ជប៉ុន​នៅ​សមុទ្រ នៅឯ​នាយ​ប្រទេស​កូរ៉េខាងជើង​​ក្នុង​សញ្ញា​ថ្មី​មួយ​នៃ​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ពង្រឹង​ចំណងទាក់ទង​យោធា​រវាង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​និង​រដ្ឋាភិបាល​ក្រុងប៉ារីស​។​

​ជប៉ុន​និង​បារាំង​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​មហាអំណាច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ដោយសារតែ​បារាំង​គ្រប់គ្រង​ទឹកដី​នៅក្នុង​តំបន់​នោះ​មានការ​ព្រួយបារម្ភ​រួមគ្នា​​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក៏ដូចជា​ភាពជឿនលឿន​កាន់តែខ្លាំង​ឡើង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្រុមមន្ត្រី​បាន​ប្រាប់​សារព័ត៌​មានបារាំង​ថា បារាំង​នឹង​បញ្ជូន​នាវាចម្បាំង​និង​និង​យន្តហោះ​ស៊ើបការណ៍​ដើម្បី​ចូលរួម​ការឃ្លាំមើល​កូរ៉េខាងជើង​នេះ​ដែល​ត្រូវបាន​ចូលរួម​​ដោយ​កងទ័ពជើងទឹក​ជប៉ុន​និង​កងទ័ពជើងទឹក​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ​កោះ​អូ​គី​ណា​វ៉ា​របស់​ជប៉ុន​។​

​រដ្ឋមន្ត្រីការបរទេស​បារាំង លោក Jean-Yves Le Drian បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​Le Telegramme daily នៅមុន​ជំនួប​ពិភាក្សា​សន្តិ​​សុខ​នៃ​ប្រទេស​ទាំង​២​នេះ​ថា ” តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ចនេះ​មាន​សារសំខាន់​សម្រាប់​យើង​”​។

​ជាមួយគ្នានេះដែរ ជប៉ុន​ក៏បាន​ស្នើ​បារាំង​ឱ្យ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​របស់ខ្លួន​ទៅ​ប្រទេស​ជប៉ុន ដែល​ទំនងជា​នាវា​ផ្ទុក​យន្តហោះ​នេះ​នឹង​បើក​កាត់​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ស្ទើរ​ទាំង​ស្រុក​ដោយ​ចិន​នោះ​៕ដោយ:សុខា/sn

នាវា​ផ្ទុក​យន្តហោះ​Charles de Gaulle របស់​បារាំង​