បារាំង​ដាក់ពង្រាយ​កម្លាំង​ប៉ូលិស​៨​ម៉ឺ​នាក់ ខណៈ​ពួក​អាវកាក់​ពណ៌​លឿង​បន្ត​ការទាមទារ​

387
ចែករម្លែក

​អាជ្ញាធរ​បារាំង​កំពុង​ត្រៀមកម្លាំង​ប្រមាណ​៨០.០០០​នាក់​នៅ​ទូទាំងប្រទេស​នា​ថ្ងៃ​សៅរ៍​ទី​១២​មករា នៅមុន​ការជួបជុំ​តវ៉ា​ដល់​ចុង​សប្តាហ៍​ទី​៩​ជាប់ៗ​គ្នា​របស់​ចលនា​អាវកាក់​​ពណ៌​លឿង​។​

​បាតុកម្ម​ដែល​ពីដំបូង​ប្រឆាំង​ការដំឡើង​ពន្ធ​ប្រេងម៉ាស៊ូត​ ​ឥឡូវ​បានប្រែក្លាយ​ជាការ​បះបោរ​ប្រឆាំងនឹង​គោលនយោបាយ​រដ្ឋាភិបាល​ទោះជា​រដ្ឋាភិបាល​បាន​បញ្ឈប់​ការដំឡើង​ពន្ធ​ប្រេង​និង​ធ្វើ​សម្បទាន​ជាច្រើន​សំរាប់​ជួយ​ជីវភាព​វណ្ណៈ​កម្មករ​និង​កណ្តាល​។​ការទាមទារ​របស់​បាតុករ​មាន​ចាប់តាំងពី​ការយក​ច្បាប់​ពន្ធ​លើ​ទ្រព្យសម្បត្តិ​អ្នកមាន ​មក​អនុវត្ត​ឡើងវិញ​រហូតដល់​ការអនុវត្ត​ការបោះឆ្នោត​ដោយ​ប្រជាជន​ផ្ទាល់​ដែល​អនុញ្ញាតអោយ​ពលរដ្ឋ​ស្នើច្បាប់​ថ្មី​។​

​ការតវ៉ា​ទាមទារ​របស់​ពួកគេ​ត្រូវ​កត់សំគាល់​ដោយ​ការប៉ះទង្គិច​ហិង្សា​រវាង​សកម្មជន​អាវកាក់​ពណ៌​លឿង​និង​កងកម្លាំង​ប៉ូលិស ជាហេតុ​នាំអោយ​មានការ​ចាប់ខ្លួន​សរុប​​រាប់ពាន់នាក់​និង​របួស​រាប់រយ​នាក់​។​

​ក្នុងពេល​ជាមួយគ្នា គំនិត​របស់​ប្រធានាធិបតី អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង អំពី​ការបង្កើតអោយមាន​ការ​ជជែក​ដេញ​ដោយ​គ្នា​ថ្នាក់ជាតិ​រយៈពេល​៣​ខែ​សំរាប់​ជា​វិធី​រដ្ឋាភិបាល​​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ចលនា​នេះ កំពុង​ត្រូវបាន​ចំអក​ដោយ​អ្នកប្រឆាំង​តវ៉ា​។​

អ្នកប្រឆាំង​តវ៉ា​ពាក់អាវ​កាក់​ពណ៌​លឿង​នៅ​កន្លែង​ជួបជុំ​មួយ​នៅ​ក្រុងប៉ារីស​

​ពួក​អ្នក​តវ៉ា​ប្រឆាំង​ជាច្រើន​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវបាន​មិន​អើពើ​និង​បោះបង់ចោល​ដោយ​អ្នកនយោបាយ​។​ជាច្រើន​ឆ្នាំ​មកនេះ ពួកគេ​បាន​បោះឆ្នោតអោយ​គ្រ​ប់ម​ជ្ឈ​​ដ្ឋា​ន​នយោបាយ ចាប់តាំងពី​បក្ស​ស្តាំ​ជ្រុល​របស់ ម៉ា​រី​ន ឡឺ ប៉ែន ដល់​ក្រុម​ឆ្វេង​ជ្រុល តែ​គ្រប់ពេល ពួកគេ​អស់សង្ឃឹម​។​

​ចាប់តាំងពី​ពួក​អ្នកបើកបរ​ពាក់អាវ​ពណ៌​លឿង​នាំគ្នា​ជួន​ជុំ​តវ៉ា​ប្រឆាំងនឹង​ការដំឡើង​ពន្ធ​ប្រេង​របស់លោក​ប្រធានាធិបតី​ម៉ា​ក្រុង ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មក មនុស្ស​ជាង​១.០០០​នាក់​ត្រូវបាន​កាត់ទោស​នៅ​បារាំង នេះ​បើតាម​នាយករដ្ឋមន្ត្រី​បារាំង​លោក អេ​ដូ​អាត ហ្វី​លី​ប​។​

​លោក​បាន​ប្រាប់​វិទ្យុ​TF1​ថា​«​ជាង​១.០០០​នាក់​ត្រូវបាន​កាត់ទោស​និង​ប្រមាណ​៥.៦០០​នាក់​ត្រូវបាន​ឃាត់ខ្លួន​ចាប់តាំងពី​ពេល​ចាប់ផ្តើម​ចលនា​ប្រឆាំង​តវ៉ា​នេះ​»៕​ដោយៈ​
វាសនា