បារាំង​ដាក់​កម្លាំង​ប៉ូលិស​ជិត​១០​ម៉ឺន​នាក់ បិទ​ប៉ម​តួ​អេ​ហ្វែ​ល ហាង ភោជនីយដ្ឋាន​និង​សារមន្ទីរ​នៅ​ប៉ារីស​ដោយ​ខ្លាច​ផ្ទុះ​អំពើហិង្សា​ធំ​

1876
ចែករម្លែក

រដ្ឋាភិបាលបារាំងនិយាយថា ខ្លួនបារម្ភខ្លាចផ្ទុះអំពើហិង្សាធំនៅក្រុងប៉ារីសនៅថ្ងៃសៅរិ៍ទី៨ធ្នូ ខណៈចលនាប្រឆាំង«អាវកាក់ពណ៌លឿង»បង្ហាញសញ្ញាតិចតួចក្នុងការបន្ថយការទាមទាររបស់គេ។

ប៉មតួអេហ្វែលត្រូវបិទជាមួយនឹងហាងទំនិញ ភោជនីយដ្ឋាននិងសារមន្ទីរខ្លះ ខណៈប៉ូលិសរាប់ពាន់នាក់បន្ថែមត្រូវដាក់អោយការពារសន្តិសុខ។ការប្រកួតបាល់ទាត់ខ្លះក៏ត្រូវផ្អាក រួមមានការប្រកួតរវាងក្លឹបរវាងទីក្រុងMonaco-Nice,Toulouse – Lyon, Saint-Etienne -Marseille។

នាយករដ្ឋមន្រ្តីបារាំងនិយាយថា ប៉ូលិស៨៩.០០០នាក់នឹងត្រូវដាក់ពង្រាយនៅថ្ងៃសៅរិ៍នៅទូទាំងប្រទេសចំពេលមានការបារម្ភអំពីការផ្ទុះកុបកម្មថ្មីនៅតាមកន្លែងតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង។

ថ្លែងក្នុងទូរទស្សន៍TF1 កាលពីយប់ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីអេឌូអាត ហ្វីលីប បាននិយាយថា ប៉ូលិសនឹងដាក់កម្លាំង៨.០០០នាក់នៅក្រុងប៉ារីស ច្រើនជាងកម្លាំងដែលត្រូវបានដាក់កាលពីចុងសប្តាហ៍មុន។

នៅក្នុងរដ្ឋធានីបារាំង កម្លាំងប៉ូលិសត្រូវបំពាក់ដោយរថពាសដែកផង ដែលនេះជាការបំពាក់អាវុធធុនធ្ងន់ជាលើកដំបូងនៅតំបន់ទីក្រុងចាប់តាំងពីឆ្នាំ២០០៥ដោយសារតែលោកហ្វីលីបនិយាយថា«នៅប៉ារីសនិងកន្លែងផ្សេងទៀតនៅទូទាំងបារាំង យើងប្រឈមមនុស្សដែលមិនមែនចូលមកតវ៉ាទាមទារ តែមកកំទេចបំផ្លាញតែម្តង»។

ការប្រឆាំងតវ៉ាកាលពីថ្ងៃ១ធ្នូ បានប្រែក្លាយជាកុបកម្មដ៏អាក្រក់បំផុតមួយ ដោយមនុស្សរាប់រយនាក់រងរបួសនិងត្រូវចាប់ខ្លួន។រដ្ឋាភិបាលនិយាយថា ពួកនិយមជ្រុលបានចាប់ការតវ៉ាទាមទារនេះជាចំណាប់ខ្មាំងនិងញុះញង់បង្កហិង្សា។រដ្ឋាភិបាលក៏ពិចារណាប្រើកម្លាំងយោធាដើម្បីការពារវិមានសំខាន់ៗ ក្រោយពីវិមានដ៏ល្បីលើលោកArc de Triomphe នៅប៉ារីសត្រូវបានបាតុករបំផ្លាញកាលពីសប្តាហ៍មុន។

លោកនាយករដ្ឋមន្រ្តីបានលុបចោលផែនការដំឡើងពន្ធប្រេងតាមការទាមទាររបស់ពួកបាតុករ តែចំណាត់ការរបស់រដ្ឋាភិបាលហាក់យឺតពេលបន្តិចដោយការតវ៉ាប្រឆាំងហាក់ទុំជោដោយវារាលដាលទៅជាការតវ៉ាដោយហិង្សា និងទាមទារហួសពីអ្វីដែលពួកគេតវ៉ាប្រឆាំងពីដំបូង។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកតវ៉ាក្មេងៗបានចេញមកតាមដងវិថី ដោយប្រឆាំងនឹងកំណែទំរង់អប់រំ។ មនុស្សជាង១៤០នាក់ត្រូវចាប់ខ្លួននៅពេលពួកគេតវ៉ាប្រឆាំងនៅក្រៅសាលារៀនមួយនៅក្រុងអ៊ីវីលីន ។សាលារៀនជាច្រើនទៀតនៅទីក្រុងម៉ាស៊ី,ណង់និងប៉ារីសបានបិទទ្វារ៕ដោយ៖វាសនា

ពួកអាវកាក់ពណ៌លឿងទៅហួសពីការទាមទាររឿងប្រេងកាលពីដំបូង ។ឥឡូវចលនានេះទាមទារដល់ទៅជាង៤០សំណើ ចាំមើលថាតើរដ្ឋាភិបាលបារាំងឆ្លើយតបបានប៉ុន្មាន

#