បារាំង​ត្រៀមខ្លួន​សម្រាប់​បញ្ហា​គមនាគមន៍​កាន់តែ​អាក្រក់ ខណៈ​កូដកម្ម​កាន់តែ​ផ្ទុះ​ធំ​ឡើង​

191
ចែករម្លែក

បារាំង​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ដឹកជញ្ជូន​កាន់តែ​អាក្រក់​នៅពេល​សប្តាហ៍​ការងារ​ថ្មី​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ធ្នូ​ ដោយសារតែ​ការធ្វើ​កូដកម្ម​ទូទាំងប្រទេស​ជុំវិញ​ការរៀបចំ​ឡើងវិញ​រប​ស់​រដ្ឋាភិបាល​នៃ​ប្រព័ន្ធ​ចូលនិវត្តន៍​ជាតិ​។ ប្រធានាធិបតី​បារាំង​ លោក​អេ​ម​ម៉ា ​នុយ​អែល ម៉ា​ក្រុង​ បាន​កោះប្រជុំ​មន្ត្រីជាន់ខ្ពស់​ដើម្បី​ធ្វើ​យុទ្ធសាស្ត្រ​សម្រាប់​សប្តាហ៍​ដ៏​សំខាន់បំផុត​នាពេលខាងមុខ​។​

​ថ្ងៃអាទិត្យ​ទី៨ធ្នូគឺជា​ថ្ងៃ​ច្របូកច្របល់​បំផុត​ក្នុងការ​ធ្វើដំណើរ​ ខណៈ​កូដកម្ម​បាន​ឈានចូល​ថ្ងៃទី​បួន ជាមួយ​រថភ្លើង​បារាំង​ភាគច្រើន​ជាប់​ទ្រឹង​មួយកន្លែង​។ ខ្សែ​រថភ្លើង​ក្រោម​ដី​របស់​ប៉ារីស​ចំនួន ១៤ ត្រូវបាន​បិទ ជាមួយ​ខ្សែ​រថភ្លើង​តែ​២​ប៉ុណ្ណោះ​នៅ​ដំណើរការ​ដោយ​ប្រើ​រថភ្លើង​ស្វ័យ​ប្រ​វ​ត្ដិ​គ្មាន​អ្នកបើកបរ​។ ផ្លូវ​រថភ្លើង​អន្តរជាតិ​ក៏​រង​ការរំខាន​ដែរ​។​

​ថ្ងៃ​ចន្ទ​គឺជា​ការសាកល្បង​កាន់តែ​ធំ​ទៀត​នៃ​កម្លាំង​កូដកម្ម​និង​ភាព​អត់ធ្មត់​របស់​អ្នកដំណើរ​និង​អ្នកទេសចរ​។ សហជីព​នានា​អំពាវនាវ​ឱ្យមាន​មនុស្ស​កាន់តែច្រើន​ចូលរួម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ​។ និយោជិត​ភាគច្រើន​បានធ្វើការ​ពី​ផ្ទះ​ឬ​ឈប់សម្រាក​មួយថ្ងៃ​នៅពេល​កូដកម្ម​បានចាប់ផ្តើម​កា​លពី​សប្តាហ៍​មុន ប៉ុន្តែ​វា​មិន​ជាប់លាប់​ទេ ប្រសិនបើ​កូដកម្ម​នៅតែ​បន្ត​កើតមាន​។​

​ព្រមាន​ពី​ហានិភ័យ​សុវត្ថិភាព បណ្តាញ​រថភ្លើង​ជាតិ SNCF និង​អាជ្ញាធរ​ដឹកជញ្ជូន​ឆ្លងកាត់​ប៉ារីស RATP បាន​ព្រមាន​អ្នកធ្វើដំណើរ​ឱ្យនៅ​ឆ្ងាយ​ពី​ស្ថានីយ​រថភ្លើង​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

SNCF បាន​ព្រមាន​ដល់​អ្នកដំណើរ​ថា “​នៅ​ថ្ងៃទី ៩ ខែធ្នូ​នេះ ត្រូវ​ស្នាក់​នៅផ្ទះ​សិន ឬ​មិន​អ៊ីចឹង​ស្វែងរក​មធ្យោបាយ​ធ្វើដំណើរ​ផ្សេង​”​។​

​ប្រឈមមុខ​នឹង​សប្តាហ៍​ដ៏​លំបាក​នាពេលខាងមុខ នាយករដ្ឋមន្ត្រី​បារាំង ​លោក អេ​ឌូ​អាត ហ្វី​លី​ព បាន​ជួប​នៅ​រសៀល​និង​ល្ងាច​ថ្ងៃអាទិត្យ​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​រដ្ឋា​ភិ​បាល​ដែល​ចូលរួម​ក្នុង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍ ហើយ​ក្រោយមក​បាន​ជួប​ជាមួយ​លោក​ម៉ា​ក្រុង​។​

​លោក​ម៉ា​ក្រុង​បាន​អះអាងថា ​ការផ្លាស់ប្តូរ​ការចូលនិវត្តន៍​នេះ​នឹង​ធ្វើឱ្យ​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍​ហួស​សម័យ​មាន​ភាពយុត្តិធម៌​និង​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ ដោយ​បង្រួម​ផែនការ ៤២ ផ្សេងគ្នា​ចូលគ្នា​តែមួយ​។ រដ្ឋាភិបាល​និយាយថា ខ្លួន​នឹងមិន​ផ្លាស់ប្តូរ​អាយុ​ចូលនិវត្តន៍​ជា​ផ្លូវការ ៦២ ឆ្នាំ​នោះទេ ប៉ុន្តែ​ផែនការ​ថ្មី​នេះ​ត្រូវគេ​រំពឹងថា​នឹង​រួមបញ្ចូល​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ធ្វើការ​បានយូរ​ជាង​មុន ព្រោះ​អាយុជីវិត​មនុស្ស​កាន់តែ​វែង​៕ ដោយ៖កញ្ញាដាលីស/Ha

រថភ្លើង​ចត​ចោល​នៅ​ស្ថានីយ Hendaye ក្នុង​ក្រុងប៉ារីស​កាលពី​ថ្ងៃអាទិត្យ