បារាំង​និយាយថា តួ​ក​គី​ត្រូវតែ​បញ្ឈប់​ការឈ្លានពាន​ស៊ី​រី​

1539
ចែករម្លែក

​ប្រធានាធិបតី​បារាំង​បាន​ពិភាក្សា​អំពី​ការវាយលុក​របស់​តួ​ក​គី​ចូល​ស៊ី​រី​ជាមួយ​សម​ភាគី​អាម៉េរិក ដូ​ណា​ល់ ត្រាំ និង​បាន​ព្រមាន​អំពី​ការ​ងើប​ឡើងវិញ​នៃ​សកម្មភាព​ក្រុម​រដ្ឋ​អ៊ីស្លាម​​ដោយសារ​តែ​ប្រតិបត្តិការ​សឹក​នេះ​។​

​ការិយាល័យ​ប្រធានាធិបតី ម៉ា​ក្រុង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​តុលា​ថា នៅក្នុង​ការនិយាយ​ទាក់ទង​តាម​ទូរស័ព្ទ មេដឹកនាំ​បារាំង​បានបញ្ជាក់​​ឡើងវិញ​អំពី​តំរូវការ​អោយ​បញ្ឈប់​ប្រតិបត្តិការ​របស់​តួ​ក​គី​នេះ​ជា​បន្ទាន់ តែ​សេចក្តីថ្លែងការណ៍​មិន​បាន​និយាយថា​ប្រធានាធិបតី​បារាំង​សុំ​អោយ​កងកម្លាំង​អាម៉េរិក​អន្តរាគមន៍​​ទេ​។​

​តែ​ប្រធានាធិបតី​តួ​ក​គី កាលពី​ថ្ងៃ​សុក្រ​បានបញ្ជាក់​ថា​តួ​ក​គី​មិន​បញ្ឈប់​ការវាយប្រហារ​ទេ រហូត​ទាល់តែ​ពួក​ឃឺត​ក្នុងក្រុម​YPG​ដកថយ​ទៅ​៣២​គីឡូម៉ែត្រ​ពី​ព្រំដែន​តួ​ក​គី​។​

​ការសំរេចចិត្ត​របស់​លោក​ត្រាំ​ដើម្បី​ដក​កងកម្លាំង​អាម៉េរិក​ចេញពី​តំបន់ បាន​បើកផ្លូវ​អោយ​តួ​ក​គី​វាយលុក​ចូល​ស៊ី​រី​ខាងជើង​នៅ​សប្តាហ៍​នេះ ដើម្បី​បណ្តេញ​ពួក​ឃឺ​តដែល​ខ្លួន​គិត​​ថា​ជា​ការ​គំរាម​។​

​លោក​ម៉ា​ក្រុង​បាន​សង្កត់ធ្ងន់ថា «​ពិសេស​បំផុត កុំអោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​លេចមុខ​ជាថ្មី​នៅក្នុង​តំបន់​នេះ​» ហើយ​គាំទ្រ​កងកម្លាំង​ឃឺត ដែល​បាន​ជួយ​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​​អាម៉េរិក​ដើម្បី​ចាប់​យក​ទឹកដី​ស៊ី​រី​និង​អ៊ីរ៉ាក់​ពី​ពួកនិយម​ជ្រុល​រដ្ឋ​អ៊ីស្លាម​មកវិញ​។​

​ក្នុងពេល​ជាមួយគ្នា ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​តួ​ក​គី និយាយថា កងកម្លាំង​ប្រឆាំង​ស៊ី​រី​ដែល​គាំទ្រ​ដោយ​តួ​ក​គី បាន​ចូល​ទៅ​ដល់​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​នៅ​ស៊ី​រី​ភាគ​ឦសាន ចម្ងាយ​​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ព្រំដែន​តួ​ក​គី​នៅពេល​ការវាយប្រហារ​របស់​តួ​ក​គី​លើ​យុទ្ធជន​ឃឺត ចូល​ដល់​ថ្ងៃទី​៤​។​

​តួ​ក​គី​បាន​និយាយថា ខ្លួន​បាន​វាយ​រុញច្រាន ពួក​ឃឺត​ក្នុងក្រុម​ប្រជាជន​ឃឺត​ស៊ីរី​(YPG)​ដែល​ខ្លួន​គិតថា​ជា​ភេរវជន​ដោយសារតែ​ក្រុម​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ការបះបោរ​​របស់​ជនជាតិ​ឃឺ​តអស់​ពេល​រាប់ទសវ​ត្ស​រ៍​នៅក្នុង​ព្រំដែន​របស់​ខ្លួន​។​

​អង្គការសិទ្ធិមនុស្ស​ស៊ី​រី បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា យុទ្ធជន​ឃឺ​ត​ស៊ីរី​៧៤​នាក់​បាន​ស្លាប់​ក្នុង​ការប្រយុទ្ធ​ទល់​នឹង​កងកម្លាំង​តួ​ក​គី ដោយ​ភាគច្រើន​ស្លាប់​នៅ​តំបន់ តែ​ល អាប​យ៉ាត​។​យុទ្ធជន​ក្នុង​កងកម្លាំង​ប្រឆាំង​ស៊ី​រី ដែល​តួ​ក​គី​គាំទ្រ​ចំនួន​៤៩​នាក់ និង​ជន​ស៊ីវិល​២០​នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​៕​ប្រែ​សម្រួល​៖​វាសនា​

សមាជិក​នៃ​កងកម្លាំង​ប្រឆាំង​ស៊ី​រី ដែល​គាំទ្រ​ដោយ​តួ​ក​គី ចូល​ក្នុង​ទីប្រជុំជន​ដែល​ពួក​ឃឺត​បោះបង់​ចោល​កាលពី​ថ្ងៃ​សុក្រ​