បារាំង​នឹង​វាយប្រហារ​តំបន់​អាវុធ​គីមី​របស់​ស៊ី​រី ប្រសិនបើ​ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​មនុស្ស​

1135
ចែករម្លែក

​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​និយាយថា ប្រទេស​បារាំង​ត្រៀម​វាយប្រហារ​ទីតាំង​ទាំងឡាយណា​ដែល​ទុក​អាវុធ​គីមី​នៅ​ប្រទេស​ស៊ី​រី ដែល​ត្រូវបាន​ប្រើ​ដើម្បី​វាយប្រហារ​ជន​ស៊ីវិល​។​

​លោក ម៉ា​ក្រុង និយាយថា នៅ​មុនពេល​អង្គការសហប្រជាជាតិ​គ្រោង​នឹង​ពិភាក្សា​អំពី​ស៊ី​រី​នោះ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​ស៊ី​រី លោក បា​សា អាល់ អាសាដ មិន​បានធ្វើ​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឱ្យមាន​ការផ្តល់​ជំនួយ​ដល់​តំបន់​ហ្គោ​តា ភាគ​ខាងកើត​នៃ​ទីក្រុង​ដា​ម៉ាស ដែល​គ្រប់គ្រង​ដោយ​ឧទ្ទាម​នោះទេ​។​

​នៅពេល​ត្រូវបាន​សួរ​អំពី​ជម្លោះ​ស៊ី​រី​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ប្រទេស​ឥណ្ឌា លោក ម៉ា​ក្រុង និយាយថា បារាំង​នឹង​ត្រៀមខ្លួន​វាយប្រហារ ប្រសិនបើ​ខ្លួន​រកឃើញ​ភស្តុតាង​ដែល​មិនអាច​បដិសេធ​បាន​ថា អាវុធ​គីមី​ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​មនុស្ស​។​

​លោក ម៉ា​ក្រុង និយាយថា “​ថ្ងៃ​ដែល​យើង​មាន​ភស្តុតាង​ជាក់ច្បាស់​ថា វា​ដល់​ចំណុច​គ្រោះថ្នាក់​ហើយ គឺ អាវុធ​គីមី​ត្រូវបាន​គេ​ប្រើ​ដើម្បី​សម្លាប់​ស​មុ​ស្ស​ដ៏​រង្គាល ជាពិសេស​ជាមួយ​ដៃគូ​អាមេរិក​របស់​យើង​នោះ យើង​នឹងធ្វើ​អ្វីដែល​ជនជាតិ​អាមេរិក​ខ្លួនឯង​បានធ្វើ​អស់​ពេល​ពីរ​បី​ខែ​មកហើយ​។ យើង​ត្រៀមខ្លួន វាយប្រហារ​លើ​ទីតាំង​ដែល​បាន​កំណត់ទុក​”​។​

​ប្រទេស​ស៊ី​រី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​រុស្ស៊ី​ដើម្បី​បោះបង់ចោល​អាវុធ​គីមី​របស់ខ្លួន​ដើម្បី​បញ្ចៀស​ការវាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋអាមេរិក​បន្ទាប់ពី​ការវាយប្រហារ​ដោយ​ឧស្ម័ន​ពុល​បំផ្លាញ​សរសៃប្រសាទ​បានសម្លាប់​មនុស្ស​រាប់រយ​នាក់​កាលពី​ឆ្នាំ​២០១៣​។ កាលពី​ឆ្នាំមុន សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ម្តងទៀត​អំពី​ការប្រើ​ឧស្ម័ន​ពុល និង​ការវាយប្រហារ​តាម​អាកាស​៕ ដោយ៖ សុខា

លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ធ្វើ​កាយវិការ នៅ​អំឡុង​ពេលធ្វើ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​វ៉ា​រ៉ា​ណា​ស៊ី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ