បារាំង​បង្ក​ឱ្យ​ផ្ទុះ​កំហឹង​ចេញពី​ទីក្រុង​ព្រុ​ច​សែ​ល បន្ទាប់ពី​រារាំង​ផែនការ​បង្កើន​ទំហំ​សហភាព​អឺរ៉ុប​

615
ចែករម្លែក

​ស្នងការ​ទទួលបន្ទុក​ពង្រីក​ប្លុក​នេះ​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុងប៉ារីស​ជុំវិញ​ការបោះឆ្នោត​វេតូ​សមាជិកភាព ដោយ​និយាយថា “​វា​មិនមែនជា​ពេល​នៃ​ភាពរុងរឿង​របស់​អឺរ៉ុប​ទេ​” ហើយ​បាន​សុំ​អភ័យទោស​ដល់​បណ្តា​រដ្ឋ​នៅ​តំបន់​បាល់​កង់​។ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​អឺរ៉ុប​របស់​បារាំង​លោកស្រី អា​មេ​លី ដេ​មូ​ន​ឆា​ឡាំង (Amélie de Montchalin) បាន​និយាយថា រដ្ឋាភិបាល​ក្រុងប៉ារីស​នឹង​ប្រកាន់ខ្ជាប់​ជំហរ​តឹងរ៉ឹង​របស់ខ្លួន​រហូត​ដល់​មានការ​កែទម្រង់​ស៊ីជម្រៅ​នៃ​ច្បាប់​សមាជិកភាព​របស់​សហភាព​អឺរ៉ុប ដែល​រាប់​ចាប់ពី​គោលនយោបាយ​សេដ្ឋកិច្ច​រហូតដល់​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​។ លោកស្រី​ដេ​មូ​ន​ឆា​ឡាំង​និយាយថា “​រឿង​ដំបូង​ដែល​យើង​ត្រូវ​និយាយ​គឺ​របៀប​ដែល​អឺរ៉ុប​ត្រូវធ្វើ​កំណែទម្រង់​តាម​វិធី​ដែល​ខ្លួន​ពង្រីក​សមាជិកភាព​និង​ធ្វើ​ការចរចា​” ដោយ​ហៅ​ដំណើរការ​ដាក់បញ្ចូល​ស​មា​ជិ​ក​ថ្មី​គឺជា​រឿងរ៉ាវ​វែងឆ្ងាយ​គ្មាន​ទីបញ្ចប់​។

​លោកស្រី​បាន​បន្ថែមថា “​តាម​ទស្សនៈ​របស់​យើង តើ​ដំណើរការ​នេះ​មាន​ប្រសិទ្ធភាព​ទេ​? គឺ​គ្មាន​ប្រសិទ្ធភាព​ទេ​”​។

​មន្ត្រី​របស់​ប្រធានាធិបតី​បារាំង​មួយរូប​បាន​បន្ថែមថា រដ្ឋាភិបាល​របស់លោក​អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង​នឹងមិន​យល់ព្រម​បើក​ការចរចា​សម្រាប់​ពេលនេះ​ទេ​។​

​ប្រភព​នេះ​បាន​និយាយថា “​ប្រទេស​ទាំងនេះ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​វា​លឿន​ពេក​ហើយ​ក្នុង​ការបើក​ដំណើរការ​ស្របច្បាប់​ឆ្ពោះទៅរក​ការពង្រីក​សមាជិក​ឥឡូវនេះ​”​។​

​កាលពី​សប្តាហ៍​មុន​មន្ត្រី​បារាំង​ម្នាក់ទៀត​បាន​និយាយថា​ប្រទេស​ទាំងពីរ “​មិនទាន់​ទៅដល់​ទីនោះ​នៅឡើយ​ទេ​” ហើយ​ចាំបាច់​ត្រូវខិតខំ​បន្ថែមទៀត​ដើម្បី​ចូលរួម​ក្នុង​ប្លុក​នេះ​។ មន្ត្រី​នោះ​និយាយថា “​យើង​នឹងត្រូវ​វាយតម្លៃ​ស្ថានការណ៍​ម្តងទៀត​នៅ​ឆ្នាំ ២០២០”​។​

​ប៉ារីស​អះអាងថា ប្លុក​អឺរ៉ុប​កំពុង​ប្រឈម​បញ្ហា​ច្រើន​សម្បើម​ណាស់​រួមមាន បញ្ហា Brexit ចិន​ដ៏​មាន​ឥទ្ធិពល ការធ្វើ​ចំណាកស្រុក ការប្រែប្រួល​អាកាសធាតុ និង ការគំរាមកំហែង​សន្តិសុខ​ដែល​បង្កឡើង​ដោយ​រុស្ស៊ី ដូច្នេះ​មិនអាច​អនុញ្ញាតឱ្យ​រដ្ឋ​ពីរ​ទៀត​ពី​តំបន់​បាល់​កង់​ចូល​ជា​សមាជិក​បានទេ ខណៈដែល​តំបន់​នេះ​នៅ​កំពុង​ស្តារឡើងវិញ​ពី​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ ១៩៩០ របស់ខ្លួន​និង​កំពុង​ញាំញី​ដោយ​ឧក្រិដ្ឋកម្ម​និង​អំពើពុករលួយ​។​

​ជាង​ពាក់កណ្តាល​នៃ​រដ្ឋ​ជា​សមាជិក​ទាំង ២៨ របស់​សហភាព​អឺរ៉ុប​ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​បាន​គាំទ្រ​ការបើក​ការចរចា​នេះ​។ ប៉ុន្តែ​ការឯកភាព​គ្នា​ក្នុងចំណោម​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ទាំងអស់​តម្រូវឱ្យមាន ដើម្បី​ចាប់ផ្តើម​ការចរចា​។​

​គេ​បារម្ភ​ថា​ការពន្យារពេល​បន្ថែមទៀត​នៅក្នុង​ដំណើរ​ការដែល​កំពុង​ទាញ​ថយក្រោយ​រួចជាស្រេច​នេះ អាច​នឹង​ជះ​ផលប៉ះពាល់​ត្រឡប់មកវិញ ដោយ​រុញ​បណ្តា​ប្រទេស​តំបន់​បាល់​កង់​ឱ្យ​ធ្លាក់​ក្នុង​ដៃ​របស់​រុស្ស៊ី​ចិន​ឬ​តួ​ក​គី ដែល​អាច​ទាញយក​ផលប្រយោជន៍​ពី “​កង្វះ​យុទ្ធសាស្ត្រ​” នៅក្នុង​តំបន់​គ្មាន​ស្ថិរភាព​មួយ​នេះ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីក្រសួង​កិច្ចការ​អឺរ៉ុប​របស់​បារាំង​លោកស្រី អា​មេ​លី ដេ​មូ​ន​ឆា​ឡាំង