បារាំង​បើក​ការស៊ើបអង្កេត​ឡើងវិញ​ការបាត់​យន្តហោះ​MH370 ខណៈ​មានការ​លើកឡើង​អំពី​ការបិទបាំង​

2943
ចែករម្លែក

បារាំងបានបើកធ្វើការស៊ើបអង្កេតជាថ្មីអំពីជោគវាសនានៃយន្តហោះបាត់ខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរMH370បន្ទាប់ពី”របាយការណ៍ចុងក្រោយ”ដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះ ខកខានមិនបានផ្តល់ការពន្យល់អោយលម្អិតអំពីការបាត់យន្តហោះជាមួយនឹងមនុស្សជាងពីររយនាក់នេះទេ។

កាសែតបារាំងLe Parisienរាយការណ៍ថា ពួកអ្នកស៊ើបអង្កេតចង់បញ្ជាក់ទិន្នន័យមកពីInmarsat ការីអង់គ្លេសនៃបណ្តាញផ្កាយរណបសកលមួយ ដែលតាមរកយន្តហោះរហូតដល់មហាសមុទ្រឥណ្ឌាខាងត្បូង នៅឯនាយប្រទេសអូស្រ្តាលីខាងលិច កន្លែងដែលគេជឿថាយន្តហោះបានធ្លាក់។

ក្នុងប្រតិកម្មតប សាច់ញាតិរបស់ជនរងគ្រោះក្នុងយន្តហោះនៃជើងហោះហើរMH370បានចេញសេចក្តីថ្លែងការណ៍មួយដោយទទូចសុំអោយរដ្ឋាភិបាលម៉ាឡេស៊ីបញ្ចេញទិន្នន័យទាំងអស់ រួមមានទិន្នន័យពីរ៉ាដាយោធា ដើម្បីពិនិត្យមើលឡើងវិញនិងវិភាគដោយអ្នកជំនាញឯករាជ្យ។

របាយការណ៍៤៤៩ទំព័ររបស់ម៉ាឡេស៊ី អំពីការបាត់យន្តហោះMH370 ត្រូវបានបញ្ចេញកាលពីថ្ងៃ៣០កក្កដាកន្លងទៅ និងត្រូវបានថ្កោលទោសជាទូទៅព្រមទាំងបង្កកំហឹងនិងការចោទប្រកាន់ពីគ្រួសារជនរងគ្រោះថាជារបាយការណ៍បិទបាំងនិងមិនគ្រប់គ្រាន់។

ពួកគេក៏មិនជឿការច្រានចោលលទ្ធភាពនៃការធ្វើអត្តឃាតរបស់ប្រធានក្រុមអាកាសយានិកZaharie Shah ទោះជាភស្តុងតាងបង្ហាញថា មាននរណាម្នាក់មានបំណងធ្វើអោយគាំងប្រព័ន្ធទាក់ទងរបស់យន្តហោះ មុនពេលវាត្រូវបានប្តូរផ្លូវហោះ។

ឥឡូវ បើតាមកាសែតLe Parisien ក្រុមហ៊ុន Gendarmerie of Air Transport (GTA)បានធ្វើការស៊ើបអង្កេតផ្ទាល់របស់ខ្លួនចំពោះការបាត់យន្តហោះនេះ។វត្តមានជនជាតិបារាំង៤នាក់ក្នុងយន្តហោះនេះ អនុញ្ញាតអោយGTAធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួនបាន។

បំណែកដ៏សំខាន់នៃយន្តហោះMH370ត្រូវបានរកឃើញ នៅលើកោះReunionរបស់បារាំងកាលពីឆ្នាំ២០១៥។លទ្ធផលនៃការវិភាគរបស់បារាំងលើបំណែកស្លាបយន្តហោះនោះត្រូវបានបញ្ចេញទាំងស្រុង តែរបាយការណ៍បណ្តោះអាសន្នបាននិយាយថា ការស៊ើបអង្កេតត្រូវរំខានដោយអវត្តមានទិន្នន័យមកពីក្រុងហ៊ុនBoeing។

យោងតាម Le Parisien ពួកអ្នកស៊ើបអង្កេតបារាំងបានពិនិត្យមើលឡើងវិញ”ទិន្នន័យបច្ចេកទេសទាំងអស់” ផ្តល់ដោយInmarsatដើម្បីកំណត់ភាពពិតរបស់វា និងបញ្ជាក់ប្រាប់ថាតើផ្លូវរបស់យន្តហោះត្រូវបានគេបង្វែរមែនឬ។

ទោះជាយ៉ាងណា រដ្ឋាភិបាលបារាំថមិនបានធ្វើការប្រកាសផ្លូវការអំពីការស៊ើបអង្កេតនេះទេ។

សន្ទះបិតបើកធំមួយដែលគេរកឃើញនៅតង់ហ្សានីគឺជាផ្នែកមួយក្នុងចំណោមបំណែក៣ដែលគេសន្មតថាជារបស់MH370។បំណែកស្លាបយន្តហោះទាំងបីត្រូវបានរកឃើញក្នុងមហាសមុទ្រឥណ្ឌា៕ដោយ៖វាសនា  

អាជ្ញាធរបារាំងអះអាងថា ការស៊ើបអង្កេតរបស់គេលើបន្ទះស្លាបយន្តហោះដែលគេរកឃើញនៅលើកោះLa Reunionក្នុងឆ្នាំ២០១៥នោះ ត្រូវរារាំងដោយសារគ្មានទិន្នន័យផ្កាយរណបមកពីBoeing