បារាំង​ផ្តល់​ហិរញ្ញប្បទាន​១៤​លាន​ដុល្លារ​ដល់​ហ្គោល​ដេ​ន​រ៉ា​យស៍​ពង្រីក​សមត្ថភាព​លើ​វិស័យ​ស្រូវ​អង្ករ​

1265
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថាប័នហិរញ្ញវត្ថុ ប្រូ​ប៉ា​កូ​(PROPACO)​ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ជំនាញ​លើ​ការអភិវឌ្ឍ​វិស័យ​ឯកជន បានសម្រេច​ផ្តល់​កម្ចី​ចំនួន​១៤​លាន​ដុល្លារ​ដល់​ក្រុមហ៊ុនហ្គោល​ដេ​ន​រ៉ា​យស៍ (Golden Rice) ដែលជា​ដៃគូ​ដ៏​យូរលង់ និង​ជា​ក្រុមហ៊ុន​ផលិត​និង​នាំចេញ​អង្ករ​ក្រអូប​ដ៏​ធំ​មួយ​របស់​កម្ពុជា​។​

បារាំង​ផ្តល់​ហិរញ្ញប្បទាន​១៤​លាន​ដុល្លារ​ដល់​ហ្គោល​ដេ​ន​រ៉ា​យស៍​ពង្រីក​សមត្ថភាព​វិស័យ​ស្រូវ​អង្ករ​(​រូប សុផល​)

កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៧​មិថុនា​កន្លងទៅ​នៅ​ប្រទេស​សិង្ហ​បុរី​។​ជំនួយ​នេះ​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ហ្គោល​ដេ​ន​រ៉ា​យស៍​ពង្រីក​សមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ព្រមទាំង​អាច​ផលិត​ថាមពល​អគ្គិសនី​១​មេ​ហ្កា​វ៉ា​ត់​បន្ថែមទៀត​(​ដើរ​ដោយ​ការដុត​អង្កាម​)​។ ដូច្នេះ ជំនួយ​នេះ​ក៏​ជាការ​លើកទឹកចិត្ត​ដល់​បច្ចេក​វិទ្យា​បង្កើត​ថ្មី និង​លើកស្ទួយ​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ដែល​នឹង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការ​ចំណាយ​លើ​ថាមពល​របស់​ក្រុមហ៊ុន​ហ្គោល​ដេ​ន​រ៉ា​យស៍ ។

​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩​ហ្គោល​ដេ​ន​រ៉ា​យស៍​គឺជា​ក្រុមហ៊ុន​មាន​ជំនាញ​ក្នុងការ​កែច្នៃ​និង​នាំចេញ​អង្ករ​ក្រអូប​គុណភាព​ខ្ពស់​ពិសេស​អង្ករ​ផ្កាម្លិះ​។​ជំនាញ​នេះ​បាន​បង្កើតឱ្យមាន​ទីផ្សារ​ធំៗ​ថ្មីៗ​សម្រាប់​ក្រុមហ៊ុន​ដែល​បច្ចុប្បន្ន​នាំចេញ​ភាគច្រើន​ទៅកាន់​ទីផ្សារ​អឺរ៉ុប ចិន និង​ម៉ាឡេស៊ី​។

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា​បានឱ្យដឹងថា ហិរញ្ញប្បទាន​ថ្មី​នេះ​គឺជា​កម្ចី​ទី​៣​ដែល​ប្រូ​ប៉ា​កូ​បានផ្តល់​ឱ្យ​ក្រុមហ៊ុន​ហ្គោល​ដេ​ន​រ៉ា​យស៍​បន្ទាប់ពី​ការផ្តល់​កម្ចី​ដំបូង​ចំនួន​៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៩​ពេល​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ​និង​កម្ចី​លើក​ទី​២​ចំនួន​១០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​ដើ​ម្ប​ទ្រទ្រង់​កំណើន​និង​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន​។

បារាំង​ផ្តល់​ហិរញ្ញប្បទាន​១៤​លាន​ដុល្លារ​ដល់​ហ្គោល​ដេ​ន​រ៉ា​យស៍​ពង្រីក​សមត្ថភាព​វិស័យ​ស្រូវ​អង្ករ​(​រូប សុផល​)

​គុណភាព​អង្ករ​របស់​ក្រុមហ៊ុន​ហ្គោល​ដេ​ន​រ៉ា​យស៍​ត្រូវបាន​ទទួលស្គាល់​ពាសពេញ​ពិភពលោក​ដោយ​ទទួលបាន ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៤​។
​ក្រុមហ៊ុន​ក៏​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​គុណភាព​កម្រិត​អន្តរជាតិ ISO 9001 GMP/HACCP ផងដែរ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ទៅលើ​យុទ្ធសាស្ត្រ​គាំពារ​បរិស្ថាន​និង​សង្គម ដោយ​ទទួល​បាន​ជំនួយ បច្ចេកទេស​ពី​ប្រូ​ប៉ា​កូ​។

​កម្ចី​នេះ​ត្រូវបាន​ចុះហត្ថលេខា​នៅក្នុង​ឱកាស​ដែល​ប្រូ​ប៉ា​កូ​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់ ។ អតិថិជន​និង​ដៃគូ​របស់​ប្រូ​ប៉ា​កូ​បាន​ជួបជុំគ្នា​កាលពី​ថ្ងៃទី​៧​មិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​ដើម្បី​រិះរក​មធ្យោបាយ​លើកស្ទួយ​តួនាទី​របស់​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ជំនួប​នេះ​ក៏​ជា​ការបិទ​បញ្ចប់​ផងដែរ​នូវ​សន្និបាត Green Bond Asia ។

​ក្នុងនាម​ជា​អ្នកគាំទ្រ​ដ៏​មុតមាំ​នៃ​ការអភិវឌ្ឍ​កាតព្វកិច្ច​បៃតង (GreenBonds​ឬ​សញ្ញាប័ណ្ណ​ដែល​ផ្តោតលើ​ការ​គាំពារ បរិស្ថាន​) ប្រូ​ប៉ា​កូ​បាន​វិនិយោគ​១០០​លាន​ដុល្លារ​ក្នុង​មូលនិធិ Amundi Planet – Emerging Green One ដែលជា​មូលនិធិ​ធំ​ជាង​នៃ​កាតព្វកិច្ច​បៃតង​សម្រាប់​ទ្រទ្រង់​ទីផ្សារ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​៕​មន​