បារាំង​លុបចោល​ការដំឡើង​ពន្ធ​ប្រេង​សំរាប់​អ្នកក្រ​ ប្រុង​ដំឡើង​ពន្ធ​លើ​អ្នកមាន​ឡើងវិញ​

225

ផែនការដំឡើងពន្ធប្រេងដែលបានបង្កការតវ៉ាប្រឆាំងរាប់សប្តាហ៍នៅបារាំងឥឡូវត្រូវបានដកចេញពីថវិកាឆ្នាំក្រោយ នេះបើតាមរដ្ឋាភិបាលបារាំងបានប្រកាស។

នាយករដ្ឋមន្រ្តី អេឌូអាត ហ្វីលីប ចុះជួបអ្នកតវ៉ាទាមទារដើម្បីស្តាប់សំណើរបស់គេ

ចំណាត់ការធ្វើតាមការទាមទាររបស់បាតុករនេះត្រូវបានប្រកាសឡើងដោយនាយករដ្ឋមន្រ្តី អេឌូអាត ហ្វីលីប កាលពីថ្ងៃពុធទី៥ធ្នូ នៅមួយថ្ងៃក្រោយពីលោកបានប្រកាសថាការពន្យារពេលដំឡើងពន្ធនឹងមានពេល៦ខែ។

សូមបញ្ជាក់ថាការតវ៉ាប្រឆាំងពីសំណាក់បាតុករអាវកាក់ពណ៌លឿងបានធ្វើអោយកក្រើកទីក្រុងធំៗនៅបារាំងអស់ពេល៣ចុងសប្តាហ៍កន្លងមក ខ្លាំងជាងគេកាលពីចុងសប្តាហ៍កន្លងទៅដោយកណ្តាលរដ្ឋធានីប៉ារីសរងកុបកម្មដ៏អាក្រក់បំផុតដែលបារាំងមិនដែលធ្លាប់ជួបក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះ។

ការតវ៉ាទាមទារឈានដល់កុបកម្មបណ្តាលអោយរដ្ឋាភិបាលបារាំងស្តាប់សម្លេងអ្នកក្រ

ទោះជារដ្ឋាភិបាលបានលុបចោលផែនការដំឡើងពន្ធក៏មានការគ្រោងធ្វើបាតុកម្មថែមទៀតនៅចុងសប្តាហ៍នេះ ដែលនេះវាឆ្លុះបញ្ចាំងអំពីកំហឹងទូទៅចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង។

វាជាការថយក្រោយមួយជំហានដ៏ធំសំរាប់ប្រធានាធិបតីម៉ាក្រុង ដែលបាននិយាយថាវិធានការដំឡើងពន្ធប្រេងនេះមានភាពចាំបាច់ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងបំពេញគោលដៅកាត់បន្ថយឱនភាព។

ប្រធានាធិបតីបារាំងដែលពេលនេះប្រជាប្រិយភាពធ្លាក់ចុះមែនទែន ត្រូវបាតុករចោទថាគាំទ្រអ្នកមាន គាបអ្នកក្រ

តាមពិតលោកម៉ាក្រុងបានជាប់ឆ្នោតដោយសារកម្មវិធីនយោបាយធ្វើអោយប្រសើរជីវភាពរស់នៅរបស់ប្រជាជនបារាំងតាមរយៈបន្ថយភាពអត់ការងារធ្វើ និងរុញអោយសេដ្ឋកិច្ចមានសកម្មភាពឡើងវិញ។តែប្រជាជនបារាំងជាច្រើនមានអារម្មណ៍ថា លោកមិនបានធ្វើតាមការសន្យាតែបែរជាដំឡើងពន្ធប្រេងនាំអោយថ្លៃប្រេងដែលប្រជាជនប្រើប្រាស់ជាទូទៅឡើងថ្លៃ ​។ពួកអ្នកប្រឆាំងតវ៉ានិយាយថាលោកម៉ាក្រុងមិនខ្វល់ខ្វាយចំពោះអ្នកក្រជាពិសេសអ្នកក្រីក្រនិងអ្នកមានចំណូលធម្យមដែលមិនមានលទ្ធភាពរស់នៅតាមទីក្រុងហើយត្រូវបើកបររថយន្តឆ្ងាយពីទីជនបទមកធ្វើការនៅតាមទីក្រុង។

ចលនាអាវកាក់ពណ៌លឿងបានចាប់ផ្តើមតវ៉ាប្រឆាំងនឹងការដំឡើងពន្ធលើប្រេងម៉ាស៊ូត ដែលអ្នកបើកបរបារាំងប្រើប្រាស់ជាទូទៅនិងជាប់ពន្ធទាបជាងប្រេងផ្សេងៗជាយូរមកហើយ។ចលនានេះក្រោយមកបានបង្ហាញទុក្ខសោករបស់គេហួសពីប្រេង រហូតដល់ការចោទប្រកាន់ថាទុកតំបន់ជនបទជាកន្លែងបន្ទាប់បន្សំ ថ្លៃរស់នៅប្រចាំថ្ងៃខ្ពស់និងកំហឹងទូទៅចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោកប្រធានាធិបតីម៉ាក្រុង។

សូមបញ្ជាក់ថា ការបញ្ឈប់យកពន្ធទ្រព្យសម្បត្តិលើអ្នកមានចំណូលខ្ពស់ជាផ្នែកសំខាន់មួយនៃយុទ្ធនាការគាំទ្រធុរកិច្ចរបស់លោកម៉ាក្រុងដែលត្រូវបានគេមើលឃើញថាជាវិធីមួយដើម្បីទាក់ទាញអ្នកមានអោយចូលមកវិនិយោគនៅបារាំងនិងទប់កុំអោយអ្នកអ្នកជំនួញរត់ទៅវិនិយោគនៅក្រៅប្រទេស។តែពួកអ្នករិះគន់ចោទប្រកាន់លោកថាគាំទ្រតែអ្នកមាន និងគាបអ្នកក្រដូចជាដំឡើងពន្ធលើអ្នកចូលនិវត្តន៍និងអ្នកក្រ។

ការស្តារឡើងវិញពន្ធលើទ្រព្យសម្បត្តិជាការទាមទារមួយរបស់ពួកអ្នកប្រឆាំងតវ៉ាហើយអ្នកនាំពាក្យរដ្ឋាភិបាលនិយាយថាពន្ធនេះអាចនឹងយកមកប្រើឡើងវិញ។រដ្ឋាភិបានក៏បាននិយាយថាខ្លួនមានផែនការផ្អាកការដំឡើងថ្លៃអគ្គិសនីនិងហ្គាសផងដែរ។

ឆ្លៀតឱកាសវឹកវរដល់ថ្នាក់រដ្ឋាភិបាលធ្វើតាមការទាមទាររបស់បាតុករស្ទើរទាំងស្រុងនេះ ពួកអ្នកបើករថយន្តពេទ្យក្រុមសហជីពនិងនិស្សិតក៏បានធ្វើការតវ៉ាផ្ទាល់របស់គេដែរ៕ដោយ៖វាសនា