បារាំង​អនុម័ត​ច្បាប់​យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្សៗ​, ធ្វើឱ្យ​អាម៉េរិក​ខឹង​និង​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​បារាំង​ដើម្បី​សងសឹក​

267
ចែករម្លែក

​សភា​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កក្កដា​បានអនុម័ត​ច្បាប់​មួយ ដោយ​ធ្វើឱ្យ​បារាំង​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទីមួយ​ដែល​វាយ​ពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​យក្ស ដោយ​ផ្គើន​ទៅនឹង​ការស៊ើបអង្កេត​ដែល​បញ្ជា​ដោយ​ប្រធានាធិបតី​អាម៉េរិក លោក​ដូ​ណា​ល់ ត្រាំ ដែល​ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​ការអនុម័ត​ច្បាប់​នេះ ដែល​អាច​នឹង​បង្កឱ្យមាន​ការសង​សឹក​លើ​ទំនិញ​បារាំង​វិញ​។​

​ច្បាប់​ថ្មី​នេះ​មាន​គោលបំណង​បិទ​គម្លាត​ពន្ធ​ដែល​ឃើញ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​តយ​ក្ស​មួយចំនួន​មិនបាន​បង់ពន្ធ​នៅតាម​បណ្តា​ប្រទេស​ដែល​ពួកគេ​រកបាន​ប្រាក់ចំណេញ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះទេ ដោយសារតែ​មូលដ្ឋាន​ច្បាប់​របស់​ពួកគេ​គឺ​ស្ថិតនៅក្នុង​រដ្ឋ​តូចៗ​របស់​សហភាព​អឺរ៉ុប​។​

​ច្បាប់ ដែល​គេ​ហៅថា ពន្ធ GAFA ជា​អក្សរ​កាត់​សម្រាប់​ក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Amazon ត្រូវបាន​អនុម័ត​យ៉ាង​រហ័ស​ដោយ​ព្រឹទ្ធសភា បន្ទាប់ពី​មានការ​យល់ព្រម​ពីស​ភា​នៅ​ដើមខែ​នេះ​។​

​ប៉ុន្តែ​ចំណាត់ការ​របស់​បារាំង​បាន​ទាក់ទាញ​ការឆ្លើយតប​ដ៏​ខឹងសម្បារ​ពី​សេត​វិមាន សូម្បីតែ​មុនពេល​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ទៅទៀត ជាមួយ​លោក​ត្រាំ​បាន​បញ្ជា​ឱ្យមាន​ការស៊ើបអង្កេត​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​បារាំង​និង​អាម៉េរិក​ទៅលើ​ច្បាប់​មួយ​នេះ​។​

​ច្បាប់​នេះ​នឹង​យកពន្ធ ៣ ភាគរយ​លើ​ប្រាក់ចំណូល​ដែល​បានមកពី​សេវាកម្ម​ដល់​អតិថិជន​បារាំង​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្សៗ​ទាំងនោះ​។​

​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយថា ការអនុម័ត​ច្បាប់​នេះ​បាន​កើតឡើង​នៅពេលដែល​ចក្រភព​អង់គ្លេស​បាន​បញ្ចេញ​នូវ​សេចក្តីព្រាងច្បាប់​សម្រាប់​ព​ន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​យក្ស ដែល​នឹងមាន​ចំនួន ២ ភាគរយ និង ឆ្លុះបញ្ចាំង​ពី “​តម្លៃ​ដែល​បានមកពី​អ្នកប្រើប្រាស់​នៅ​ចក្រភព​អង់គ្លេស​”​។​

​ក្រុមហ៊ុន Google, Apple និង Facebook មាន​ទីស្នាក់ការ​ធំ​នៅ​ទ្វីបអឺរ៉ុប​របស់​ពួកគេ​នៅក្នុង​ប្រទេស​អៀក​ឡង់ កន្លែង​ដែល​ពួកគេ​បង់ពន្ធ​សាជីវកម្ម​ទាប​បំផុត​នៅ​សហភាព​អឺរ៉ុប បើទោះបីជា​ពួកគេ​រកបាន​ប្រាក់ចំណូល​ច្រើន​សម្បើម​ពី​ទ្វីបអឺរ៉ុប ពោលគឺ​នៅក្នុង​ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​។​

​មូលដ្ឋាន​នៅ​អឺរ៉ុប​របស់​ក្រុមហ៊ុន Amazon គឺ​ប្រទេស​លុច​សំបួរ ដែលជា​ដែន​យុត្តាធិការ​យកពន្ធ​ទាប​មួយ​ផ្សេងទៀត​។ អៀរ​ឡង់ លុច​សំបួរ និង​សមាជិក​សហភាព​អឺរ៉ុប​តូចៗ​ដទៃទៀត​បាន​ចូលរួម​យ៉ាងសកម្ម​ដើម្បី​ទប់ស្កាត់​កិច្ចប្រឹងប្រែង​ដើម្បី​យកពន្ធ​ឌីជីថល​នៅ​ទូទាំង​សហភាព​អឺរ៉ុប ដោយ​រឹតតែ​នាំឱ្យ​មានការ​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ប្រទេស​បារាំង អង់គ្លេស និង​ប្រទេស​ដទៃទៀត​ដើម្បី​យកពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​ទាំងនោះ​៕ ដោយ៖ កញ្ញាដាលីស

ច្បាប់ ដែល​គេ​ហៅថា ពន្ធ GAFA ជា​អក្សរ​កាត់​សម្រាប់​ក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Amazon ត្រូវបាន​អនុម័ត​យ៉ាង​រហ័ស​ដោយ​ព្រឹទ្ធសភា បន្ទាប់ពី​មានការ​យល់ព្រម​ពីស​ភា​នៅ​ដើមខែ​នេះ