បារី ៥៥៥ រួច​ពន្ធ​និង​ក្លែងក្លាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កំពុង​វាយលុក​ទីផ្សារ​បារី​កម្ពុជា​

2479
ចែករម្លែក
  • 381
    Shares
កញ្ចប់បារី555 ក្លែងក្លាយលក់ក្រៅតំបន់ duty free

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ស្ទើរតែ​គ្រប់​ទីតាំង​លក់រាយ បោះ​ដុំ​ផលិតផល​បារី​ក្នុង​ទីផ្សារ​ទូទាំងប្រទេស គឺ​សុទ្ធ​តែមាន​ការតាំង​លក់ និង​ការលក់​លួចលាក់​នូវ​ផលិតផល​បារី ៥៥៥ រួច​ពន្ធ (duty free) និង​ក្លែងក្លាយ ក្នុង​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​ផលិតផល​បារី ៥៥៥​។​

​យោងតាម​លោក អ៊ុ រតនា ជា​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា បាន​គូសបញ្ជាក់ថា “​យើង​គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួល​សិទ្ធិផ្ដាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​លក់​ផលិតផល​បារី ៥៥៥ ដូច្នេះ​រាល់​អាជីវករ​ដែល​ដាក់តាំង​លក់ ឬ​លក់​លួចលាក់​ផលិតផល​បារី​៥៥៥ រួច​ពន្ធ នៅក្រៅ​ពី​លក់​នៅក្នុង​ទីផ្សារ​រួច​ពន្ធ (duty free) និង​ក្លែងក្លាយ គឺ​សុទ្ធតែជា​អំពើ​ខុសច្បាប់​ទាំងអស់ ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​រឹបអូស​យកទៅ​កម្ទេចចោល ក៏ដូចជា​ជាប់ទោស​ទណ្ឌ​តាមផ្លូវ​តុលាការ ដូច​ករណី​ចុះបង្ក្រាប​ថ្មីៗ​របស់​សមត្ថកិច្ច​រឹប​អូស​យក​ជាង ១.០០០ សុង ពី​ទីតាំង​លក់​ក្នុង​ផ្សារ​ធំថ្មី និង​កន្លែង​ស្ដុក​បារី​របស់​អាជីវករ​មួយកន្លែង កាលពី​សប្ដាហ៍​មុន​។​

​លោក​បន្ថែមទៀតថា “​គ្រប់​បារី​ក្លែងក្លាយ​ទាំងអស់ គឺ​សុទ្ធតែ​ផលិតឡើង​ចេញពី​សារធាតុ​គីមី​ម្យ៉ាង ដែល​គេ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​ចំណីអាហារ ដែល​វា​ហុច​ផល​អាក្រក់​ដល់​អ្នក​ជក់​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​។ ចំពោះ​លក្ខណៈ​សម្គាល់ថា​ជា​ផលិតផល​បារី ៥៥៥ ពិតប្រាកដ និង​ស្របច្បាប់​វិញ គឺ​នៅលើ​កញ្ចប់ និង​សុង​របស់​បារី ៥៥៥ គឺមាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​ជា​ភាសា​ខ្មែរ ទំហំ ៥៥% ហើយ​នៅ​ផ្នែក​ចំហៀង​ខាងក្រោយ​កញ្ចប់ គឺមាន​បិត​តែមប្រិ៍​អាករ រីឯ​បារី​៥៥៥ ក្លែងក្លាយ​វិញ គឺមាន​សារ​ព្រមាន​ជា​ភាសា​អង់គ្លេស ពុំមាន​បិត​តែមប្រិ៍​អាករ ហើយ​លក់​នៅក្រៅ​ទីផ្សារ​រួច​ពន្ធ (duty free shop)”​។​

​គួររំឭកថា កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ គឺមាន​ការចុះ​បង្ក្រាប​ពី​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ស្ថា​ប័​យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅលើ​ទីតាំង​ក្នុង​ផ្សារ​ធំថ្មី និង​ទីតាំង​ស្ដុក​បារី​របស់​អាជីវករ ហើយ​រឹបអូស​បាន​បារី​ខុសច្បាប់ និង​បារី​គេចពន្ធ​យ៉ាងច្រើន ប្រមាណ​ជាង ១.០០០ សុង ដែល​កំពុង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី និង​ត្រូវ​កម្ទេចចោល​៕ ល​

#