បាល់ទះ នឹង​រៀបចំ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ប្រធាន​សហព័ន្ធ​លើកដំបូង​

224
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍ ប្រកួត​បាល់ទះ ដណ្ដើម​ពានរង្វាន់ ឆ្នាំ​២០២០ ដែល​ព្រឹត្តិការណ៍​នេះ ត្រូវគេ​ប្រសិទ្ធ​នាម​ថា «​ពានរង្វាន់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ និង​ការប្រកួត​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ »​។ ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១១ ខែ​មិនា ដែល​ទីកន្លែង នៃ​ការប្រកួត នៅក្នុង​វិមាន ពហុ​កីឡដ្ឋាន​ជាតិ និង​ទីលាន​វិសាខា រាជធានី​ភ្នំពេញ​។ នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១ សម្រាប់​ឆ្នាំ​២០២០​នេះ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រៀបចំ​នូវ​ការប្រកួត​បាល់ទះ ដ៏​ធំ​អស្ចារ្យ​នេះ​។​

​ក្នុង​អង្គប្រជុំ ដែល​ប្រព្រឹត្តធ្វើ ក្នុង​សប្ដាហ៍​នេះ ដែលមាន​ការចូលរួម​ពី លោក ស សុខា រដ្ឋលេខាធិការ តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ ត្រៀម​រៀបចំ​ការប្រកួត​កីឡាបាល់ទះ ដណ្តើមពាន​រង្វាន់ លោកនាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ការប្រកួត​ជ្រើស រើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​។​

​លោក បឹង គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ដណ្ដើម​ពានរង្វាន់ ឆ្នាំ​២០២០ ដែល​គេ​ប្រសិទ្ធ​នាម​ថា «​ពានរង្វាន់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ និង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ » នឹង​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១១ ខែ​មិនា ដែល​ទីកន្លែង នៃ​ការប្រកួត នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ទីលាន​វិសាខា រាជធានី​ភ្នំពេញ​។​

ទិដ្ឋភាព​ប្រកួត​កន្លងមក​

​លោក បឹង គឹម​តោ បាន​ឲ្យ​ដឹង​ទៀតថា ការដាក់​ពាក្យ​ចូលរួម​ប្រកួត នឹង​ចាប់​ទទួល​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា ការប្រកួត គឺ​បើកទូលាយ សម្រាប់​រាជធានី ខេត្ត តែ​កីឡាករ ដែល​អាច​ចូលរួម​ប្រកួត​បាន ត្រូវមាន​អាយុ ២៥ ឆ្នាំ​ចុះ គឺ​កើត​ឆ្នាំ​១៩៩៥ ហើយ​កីឡាករ អតីត​ដែលមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាបាល់ទះ ក្នុង​សាល​ជម្រើសជាតិ ឆ្នាំ​២០១៥ ដល់ ឆ្នាំ​២០១៩ ពុំ​អនុញ្ញាត​ឲ្យ​ចូលរួម ក្នុងការ​ប្រកួត​នេះ​ទេ​។​

​ចំពោះ​ពាន និង​រង្វាន់​វិញ គឺ​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន​១ មេដាយមាស ១៨ គ្រឿង និង​ថវិកា អម ១៥ លាន​រៀល ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់ ចំនួន ១៨​គ្រឿង ថវិកា​អម ៨​លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ ១៨ គ្រឿង ថវិកា​អម ៤ លាន​រៀល និង ចំណាត់ថ្នាក់​លេខ ៤ ទទួលបាន​ប្រាក់រង្វាន់ លើកទឹកចិត្ត ២ លាន​រៀល​។​

​ក្រៅពីនេះ ក៏មាន​រង្វាន់ សម្រាប់​ក្រុម​គោរព​តាម​គោលការណ៍ ដោយ​យុត្តិធម៌ (Fair Phay) ទទួលបាន ១ លាន​រៀល កីឡាករ វាយ​បាល់​បានល្អ​ជាងគេ ថវិកា ៤០ ម៉ឺន​រៀល កីឡាករ​បញ្ជូន​បាល់ បានល្អ​ជាងគេ ថវិកា​អម ៤០ ម៉ឺន​រៀល កីឡាករ ការពារ​ល្អ​ជាងគេ ថវិកា​អម ៤០ ម៉ឺន​រៀល កីឡាករ​វាយ​សេវា​ល្អ ជាងគេ ថវិកា​អម ៤០ ម៉ឺន​រៀល កីឡាករ​ធ្វើ​រនាំង​ការពារ​ល្អ​ជាងគេ បាន​ទ​ទួថ​វិកា​លើកទឹកចិត្ត​៤០​ម៉ឺន​រៀល និង អាជ្ញាកណ្ដាល​ល្អ​ជាងគេ បាន​រង្វាន់ ៤០ ម៉ឺន​រៀល ។​

​ចំពោះ​រូបមន្ត នៃ​ការប្រកួត បើតាម លោក បឹង គឹម​តោ ឲ្យ​ដឹង​នោះ​ថា ប្រសិនបើ​មាន ១០ ក្រុម​អនុវត្តតាម​រូបមន្ត​វិលជុំ យក​ចំណាត់ថ្នាក់​លេខ​១ ជួប​ប្រកួត​ជាមួយ ចំណាត់ថ្នាក់​លេខ​៤ និង​ចំណាត់ថ្នាក់​លេខ​២ ជួប​ប្រកួត​ជាមួយ​ចំណាត់ថ្នាក់​លេខ​៣ (​ក្នុង​ពូ​ល​) រួច​យក​ក្រុម​ចាញ់ ប្រកួត​ជាមួយ​ក្រុម​ចាញ់ ផ្ដាច់ព្រ័ត្រ យក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤ ហើយ​ក្រុម​ឈ្នះ ប្រកួត​ជាមួយ​ក្រុម​ឈ្នះ ផ្ដាច់ព្រ័ត្រ​យក​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២​។ លោក​បឹង គឹម​តោ បញ្ជាក់ថា ប្រសិនបើ​មាន​លើសពី ១០ ក្រុម គឺ​ត្រូវអនុវត្ត​ជាក់ស្ដែង ដោយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​៕v