បា​រ៉ែ​ន បញ្ជា​អោយ​ពលរដ្ឋ​ខ្លួន​ចាកចេញ​ពី​អ៊ីរ៉ាក់​-​អ៊ីរ៉ង់ ដោយសារ​ស្ថានភាព​ផ្ទុះ​សង្គ្រាម​

711
ចែករម្លែក

​ក្រសួងការបរទេស​បា​រ៉ែ​ន បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ឧសភា​ថា បា​រ៉ែ​ន​បញ្ជា​អោយ​ពលរដ្ឋ​ខ្លួន​ទាំងអស់​ចាកចេញ​ពី​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​ជាបន្ទាន់​ចំពេល​មាន​ភាព​តានតឹង​​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​ប្រេង​អ៊ីរ៉ាក់​ម្នាក់​បាន​និយាយថា និយោជិត​នៃ​ក្រុមហ៊ុន​ថាមពល​Exxon Mobil​របស់​អាមេរិក បានចាប់ផ្តើម​ជម្លៀស​បុគ្គលិក​ចេញពី​តំបន់​អាជីវកម្ម​​ប្រេង​នៅក្នុង​ខេត្ត​បា​ស្រា​របស់​អ៊ីរ៉ាក់​ដោយសារតែ​ភាព​តានតឹង​និង​ការត្រៀម​ធ្វើ​សង្គ្រាម​រវាង​អាមេរិក​និង​អ៊ីរ៉ង់​។​

​អាមេរិក​ក៏​បាន​បញ្ជា​អោយ​បុគ្គលិក​ទូត​មិន​ចាំបាច់​របស់​ខ្លួន​នៅ​អ៊ីរ៉ាក់​ចាកចេញ​ពី​ប្រទេស​នេះ​រួច​ហើយ​ផងដែរ​។​

​សូមបញ្ជាក់​ថា អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​នាវា​ផ្ទុក​យន្តហោះ​ទៅ​កាន់​ឈូង​សមុទ្រ​ពែ​ក្ស ដោយសារតែ​ការ​គំរាម​ពី​អ៊ីរ៉ង់​។​

​ពួក​អ្នកការទូត​អាមេរិក​ក៏​បាន​ព្រមាន​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​កុំអោយ​យន្តហោះ​ហោះ​លើ​ឈូង​សមុទ្រ​ពែ​ក្ស ដោយសារ​ប្រឈម​ការ​សំគាល់​មុខសញ្ញា​ខុស​និង​រង​ការបាញ់​​ទម្លាក់​។​

​ទោះជា​មាន​ការព្រមាន រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​និយាយថា សាធារណរដ្ឋ​អ៊ីស្លាម​(​អ៊ីរ៉ង់​)​មិន​ស្វះស្វែង​ធ្វើសង្គ្រាម​ឡើយ​។​លោក​ហ្សា​វ៉ាត ហ្សារី​ហ្វ ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​​ចិន បាន​និយាយថា​«​ការពិត ដូច​មេដឹកនាំ​ជាន់ខ្ពស់​របស់​យើង​បាន​និយាយ នឹង​មិន​មាន​សង្គ្រាម​ទេ​ដរាបណា​យើង​មិន​ស្វះស្វែង​ធ្វើសង្គ្រាម និង​គ្មាន​នរណា​រងគ្រោះ​ពី​ការ​ស្រ​មើ​​ស្រមៃ​ថា គាត់​(​ប្រធានាធិបតី​អាមេរិក​)​អាច​ទប់ទល់​នឹង​អ៊ីរ៉ង់​»​។​

​ហ្សារី​ហ្វ បាន​បន្ថែមថា ទោះ​ជា​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បាន​និយាយថា គាត់​មិន​ស្វះស្វែង​ធ្វើសង្គ្រាម​តែ​មនុស្ស​ខ្លះ​នៅ​ជុំវិញ​ខ្លួន​លោក​ជំរុញអោយមាន​ជម្លោះ​ដូច្នេះ​៕​ដោយ​៖​វាសនា​

​រូបភាព​កាលពី​ថ្ងៃ​ពុធ ទី​១៥​ឧសភា បង្ហាញ​ទាហាន​អាមេរិក​ពិនិត្យ​គ្រាប់បែក​នៅ​លើ​នាវា USS Abraham Lincoln ពេល​វា​បើក​នៅក្នុង​សមុទ្រ​អារ៉ាប់​

#