បា​សេ​ឡូ​ណា​នឹងដាក់​សម្ពាធ​លី​វើ​ភូ​ល​ជាមួយនឹង​សំណើ​ថ្មី​៩០​លាន​ផោន ដើម្បី​ផ្ទេរ ហ្វី​លី​ព កូ​ទី​ញ៉ូ​

1052
ចែករម្លែក

ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) នឹង​អង្វរ​គ្រូបង្វឹក​លី​វើ​ភូ​ល យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ឲ្យ​ខ្លួន​ចាក​ចេញទៅ​ចូលរួម ក្រុម​បា​សេ​ឡូ​ណា​។​
​ ​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​អន្ទះសា​ចង់​លេង​ជា​ដៃគូ​ជាមួយ​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង​មិត្ត​រួម​ក្រុម នៅ​ពហុកីឡាដ្ឋាន Nou Camp ហើយនឹង​អង្គុយ​ជជែក​ជាមួយ​លោក ក្លប់ ដើម្បី​ស្វែងយល់​ពី​ហេតុផល​ចំពោះ​ការចង់​ចាកចេញ​។​
​ ​
​ប្រសិនបើ​លី​វើ​ភូ​ល​ព្រម​លក់ កូ​ទី​ញ៉ូ ក្នុងតម្លៃ​៩០​លាន​ផោន​មែន​នោះ លោក ក្លប់ នឹង​ងាក​មករក​កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) របស់​ក្លឹប Dortmund ដើម្បី​មក​ជំនួស​តំណែង​របស់ កូ​ទី​ញ៉ូ​។ លោក ក្លប់ គឺជា​អ្នកគាំទ្រ​របស់​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប​បា​សេ​ឡូ​ណា​ជឿជាក់ ហើយ​ថា កូ​ទី​ញ៉ូ មានចិត្ត​ចង់​ផ្ទេរ​មកលេង​នៅ​អេ​ស្ប៉ា​ញ ហើយ​ពួកគេ​បានចាត់ទុក​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​លេខ​១​។​
​ ​
​ប្រភព​ជាច្រើន​នៅ​អេ​ស្ប៉ា​ញ​អះអាងថា លី​វើ​ភូ​ល​នឹង​លក់ ក្នុងតម្លៃ​សមរម្យ ហើយ​ថា ពួកគេ​ដាក់​តម្លៃ កូ​ទី​ញ៉ូ ១០០​លាន​ផោន​។​
​ ​
​បា​សេ​ឡូ​ណា​បាន​ត្រៀម​ដាក់​សម្ពាធ​លី​វើ​ភូ​ល​ជាមួយនឹង​សំណើ​៩០​លាន ផោន បន្ទាប់ពី​សំណើ​៨០​លាន​ផោន​ដំបូង​ត្រូវបាន​បដិសេធ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)