ទេសចរមួយចំនួនចូលចិត្តជិះទូកផ្សងព្រេង ដើម្បីដេញតាមមើលបាឡែនឱ្យជិតភ្នែក។ ប៉ុន្តែបើកៀកបែបនេះពេក អ្នកខ្លះអាចនឹងភ័យព្រលឹងចុងសក់ជាពិសេសអ្នកដែលមានស្មារតីខ្សោយ។
តាមរយៈរូបភាពគួរឱ្យព្រឺព្រួចទាំងនេះ បាឡែនយក្សពីរក្បាលបានផុសធ្លោកៀកទូកទេសចរណ៍ ខ្លាំងមែនទែនហាក់ប៊ិះធ្វើឱ្យវាក្រឡាប់ទៅហើយ។ ទោះជាយ៉ាងណាពួកវាផុសក្នុងចម្ងាយពីទូក ដល់ទៅប្រមាណ ៣០ ម៉ែត្រឯណោះ។
បាឡែនយក្សដែលមានទម្ងន់ ៤០ តោនទាំងនេះបានធ្វើឱ្យទឹកផុរយ៉ាងធំនៅពេលពួកវាផុសពីផ្ទៃទឹក បង្ហាញខ្លួននៅចំពោះមុខភ្ញៀវទេសចរ ដែលស្រែកហ៊ោកញ្ជ្រៀវដោយក្តីរំភើបនៅឆកសមុទ្រម៉ុនធឺរី (Monterey Bay) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
ទិដ្ឋភាពស្ទើរមិនគួរឱ្យជឿនេះថតបានដោយស្ត្រីអ្នកថតរូបម្នាក់ឈ្មោះ ចូឌី ហ្វ្រេឌានី (Jodi Frediani) កាលពីពេលថ្មីៗនេះ៕ ប្រែសម្រួល: ខុម