បិទទ្វារ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរបាន​ចំនួន​៨ កម្ពស់​ទឹក​កើន​ជាង​៦៣​ម៉ែត្រ​

1210
ចែករម្លែក

(​ស្ទឹងត្រែង​)៖ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង ចាប់ដំណើរការ​បិទទ្វា​រ​ទប់ទឹក​សាកល្បង ចាប់តាំងពី​ថ្ងៃទី​១៥​កក្កដា ហើយ​ដល់​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​ទឹកបាន​កើន​ឡើងដល់​កម្រិត​កម្ពស់ ជាង​៦០​ម៉ែត្រ​ហើយ ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​។​

​លោក ឆាយ​ ​ម៉េង​ ​សមាជិក​ក្រុមការងារ​នៅ​ការដ្ឋាន​ទំនប់​ខាងលើនេះ​បានឱ្យដឹងថា​ទឹក​នៃ​តំបន់​ទន្លេសេសាន​ចាប់តាំងពី​ថ្ងៃ​សាក​​ល្បង​ដំបូង រហូតមកដល់​វេលា​ល្ងាច​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧ បាន​កើន​ឡើងដល់​កម្រិត​កម្ពស់​៦៣,៨២​ម៉ែត្រ​(​ធារទឹក​២.៦៦០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​)​។ ក្នុងពេល​ជាមួយគ្នា​ ​ទឹក​នៅ​ភូមិ​ស្រែគ​ធ្លាក់ចុះ​កម្ពស់​ទឹក​៦៦,០៩​ម៉ែត្រ​។​ខ្សែទឹក​ខាងលើ​ស្រុក​លំផាត់​និង​​វ៉ឺ​ន​សៃ​ខេត្តរតនគិរី​កម្ពស់​ទឹក​ក៏បាន​ធ្លាក់ចុះ​ផងដែរ​។​

​ទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ទាំងអស់​១០​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២​ខែកក្កដា​បិទ​បាន​ចំនួន​៨​ហើយ​ដើម្បី​សាកល្បង​។​
​ ​
​លោក ម៉ែន​ ​គុង​ ​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ថា​​គណៈកម្មាការ​ដោះស្រាយ​ផលប៉ះពាល់​បាន​ដោះស្រាយ​ដល់​ពលរដ្ឋ​ទៅតាម​អ្វីដែល​បានកំណត់​រួចហើយ​។​ការដោះស្រាយ​នោះ​មាន​ច្រើន​​ដំណាក់កាល​គឺ​សំណង​ពលរដ្ឋ​យល់ព្រម​ទទួលយក​ដី​និង​ផ្ទះ​។​សំណង​ពលរដ្ឋ​ទទួលយក​លុយ​ទៅ​សង់ផ្ទះ​ដោយ​ខ្លួនឯង​ជាដើម​។​ក្រៅពី​សំណង​​ធំ​ពីរ​នេះ​មាន​សំណង​ជាច្រើន​ទៀត​ដែល​គណៈកម្មាការ​បានធ្វើ​និង​បន្តការងារ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​។​
​ ​
​លោក ម៉ែន គុង​បាន​និយាយ​បន្ថែមទៀតថា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ប៉ះពាល់​បាន​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​បង្កើត​ថ្មី​មានការ​រីក​​ចំរើន​ជាង​ភូមិ​ចាស់​លើ​គ្រប់​វិស័យ​។​ចំពោះ​ពលរដ្ឋ​ពុំទាន់​យល់ព្រម​ទទួលយក​សំណង​ក៏មាន​ផែនការ​ដោះស្រាយ​ជូន​ដល់​គាត់​រួចហើយ​។​
​ ​
​អ្នកនាំពាក្យ​សាលាខេត្ត​បាន​អះអាងថា រហូតមក​ទល់នឹង​ពេលនេះ​មាន​ពលរដ្ឋ​ប្រហែល​៨០​ភាគរយ​បាន​យល់ព្រម​ទទួលយក​សំណង​​ព្រម​ចេញពី​ភូមិ​ចាស់​។​ក្រៅពីនេះ​នៅសល់​ប្រហែល​១២​ភាគរយ មិន​ព្រម​ចេញពី​ភូមិ​ចាស់​ហើយ​អ្នកខ្លះ​ក្នុងចំណោម​ពលរដ្ឋ​មិនទាន់​​ចាកចេញ​ក៏បាន​ត្រៀមលក្ខណៈ​នឹង​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​ថ្មី​។​
​ ​
​ដោយឡែក ពលរដ្ឋ​ពុំ​ព្រម​ទទួលយក​សំណង បាន​លើកឡើងថា ពួកគាត់​មិនទាន់​ទទួលយក​ថវិកា ហើយ​ចាក​ចេញពី​ភូមិ​ព្រោះ​យល់ថា ទឹក​មិនអាច​លិច​ភូមិ របស់គាត់​។​បើសិនជា​ទឹក​លិច​ភូមិ​ចាស់​គាត់​នឹង​ទៅរក​កន្លែង​ទួល​សុវត្ថិភាព​ដោយ​ខ្លួនឯង​។​
​ ​
​លោក​ម៉ែន គុង​បានឱ្យដឹងថា​ខណៈ​កម្រិត​កម្ពស់​ទឹក​ឡើងដល់​កម្រិត​កម្ពស់​ជាង​៦៣​ម៉ែត្រ​ក្នុង​ការដ្ឋាន​នោះអាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ត្រៀមកម្លាំង​អន្តរាគមន៍​ប្រចាំការ​នៅ​ទីនោះ​មាន​សម្ភារៈ​និង​ស្បៀង​បឋម​ដើម្បី​រង់ចាំ​ជួយ​ដល់​ពលរដ្ឋ​ដែល​ពុំទាន់​ចេញពី​ភូមិ​​ចាស់​នោះ​ហើយ​។​ពេលនេះ​ទឹក​មិនទាន់​លិច​ដល់​ភូមិ​នៅឡើយ​ប៉ុន្តែ​អាជ្ញាធរ​បាន​ត្រៀមលក្ខណៈ​ជួយ​ដល់​ពលរដ្ឋ​ទៅកាន់​ទួល​សុវត្ថិភាព​ជាមុន​។​
​ ​
​សូមបញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​អនុភាព​ថាមពល​អគ្គិសនី​រហូត​ទៅដល់​៤០០ មេ​ហ្គា​វ៉ា​ត់​ម៉ោង​។​ទំនប់​ធំ​មួយ​នេះ មាន​ផ្ទៃដី​ទំហំ​៣​ម៉ឺន​៦​ពាន់​ម៉ែត្រ ក្រឡា​។​មាន​ទ្វារ​ទប់ទឹក​ចំនួន​១០​និង​ប្រើ​តួប៊ីន​ថាមពល​អគ្គិសនី​ចំនួន​៨៕ដោយ៖អេង សុខុម