បិទសាលារៀន​ជាង ​១០០​នៅ​ម៉ាឡេស៊ី ក្រោយ​៥០០​នាក់ចូលពេទ្យ​ដោយសារសារធាតុ​គីមី​ពុល

423
ចែករម្លែក
  • 250
    Shares

​ការចាក់ចោល​សារធាតុ​គីមី​ពុល​ចូល​ទៅក្នុង​ទន្លេ​មួយ នៅ​ភាគខាងត្បូង​នៃ​រដ្ឋ​ចូហ័រ​(Johor) ប្រទេស​ម៉ាឡេស៊ី​មួយ​សប្តាហ៍​កន្លងទៅ​នេះ​ បាន​ធ្វើឱ្យ​មនុស្ស​៥០០​នាក់​​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ការពិបាក​ដកដង្ហើម​និង​ជំងឺ​ផ្លូវដង្ហើម ដោយរួម​ទាំង​សិស្ស​រាប់សិប​នាក់​ផង​ដែរ​។​

​ក្រសួង​អប់រំ កាលពី​ថ្ងៃ​ពុធ​ទី​១៣​ខែ​មីនា បាន​បញ្ជា​ឱ្យ​បិទ​សលា​រៀន​ទាំងអស់​ចំនួន​១១១​នៅ​ទីក្រុង​Pasir Gudang នៅក្នុង​រដ្ឋ​នេះ ​នៅពេលដែលតំបន់​មួយ​នៃ​ទីក្រុង​នេះ បាន​ទទួលរង​សារធាតុ​គីមី​ពុល ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សាលារៀន​ទាំងនោះ​ដែល​នៅ​ជិត​ទ​ន្ល​Sungai Kim Kim ។ នេះ​បើ​យោង​តាម​សារព័ត៌មាន The Star Online ។​

​លោក Maszlee Malik រដ្ឋមន្ត្រី​អប់រំ​បាន​និយាយថា​” ដោយ​ផ្អែក​តាម​ស្ថានភាព​បច្ចុប្បន្ន​និង​ព័ត៌មានពី​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួង​អប់រំ​បាន​សម្រេច​​បិទ​សាលារៀន​ចំនួន​១១១​នៅ​ទីក្រុង​Pasir Gudang ចាប់ពី​ថ្ងៃ​ពុធ​ទី​១៣​ខែ​មីនា រហូត​ដល់​ថ្ងៃ​ដែល​ត្រូវបាន​ជូនដំណឹង​ជា​ថ្មី ” ។​

​លោក​បាន​និយាយថា​” សិស្ស គ្រូ និង​បុគ្គលិក​នៅ​សាលារៀន​ទាំងអស់នោះ​មិន​ចាំបាច់​ទៅ​សាលារៀន​របស់​ពួកគេ​ទេ រហូត​ទាល់តែ​ស្ថានភាព​មាន​ភាពល្អប្រសើរ​” ។​

​កាកសំណល់​ដែលមាន​សារធាតុ​គីមី​ពុល​ដែល​ត្រូវបាន​ប្រើ​សម្រាប់​រំលាយ លោហធាតុ​នៅ​ឃ្លាំង​ដែក​មួយ​កន្លែង​និង​រោងចក្រ​គីមី​មួយ​នៅ​ទីក្រុង​នេះ ត្រូវបាន​បង្ហូរ​ចូល​ទន្លេ​នេះ​។​

​ដោយសារ​ចំហាយ​សារធាតុ​គីមី​ពុល​ចេញ​ពី​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​នេះ សិស្ស​ជា​ច្រើន​នាក់បាន​ដួលសន្លប់​។ មនុស្ស​ជិត​៣០០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោកស្រី Yeo Bee Yin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ម្ចាស់​រោងចក្រ​ខុសច្បាប់​នេះនឹង​ត្រូវបាន​ចោទប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែ​មីនា ពាក់ព័ន្ធ​នឹង​​ការចាក់​ចោលការ​សំណល់​គីមី​ពុល​នេះ ។ បើសិន ម្ចាស់​រោងចក្រ​នេះត្រូវបាន​រកឃើញ​ទោសកំហុស​នោះ​អាច​ប្រឈម​នឹង​ការជាប់គុក​៥​ឆ្នាំ និង​ពិន័យ​ចំនួន​១២៦.០០០​ដុល្លារ​៕​ដោយ​៖​សុខា​/sn/Ha

ការចាក់ចោល​សារធាតុ​គីមី​ពុល​ចូល​ទៅក្នុង​ទន្លេ​មួយ នៅ​ភាគខាងត្បូង​នៃ​រដ្ឋ​ចូហ័រ​បាន​ធ្វើឱ្យ​មនុស្ស​៥០០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​