បិទ​ការប្រកួត​កីឡាបាល់ទាត់​កុមារ យុវជន មហាជន និង​មនុស្ស​ចាស់ ដណ្តើមពាន​រង្វាន់​ជើងឯក ខេត្តបន្ទាយមានជ័យ

686

​​ដោយ​: ភ្នំ​ស្វាយ​ /
​បន្ទាយមានជ័យ​: ក្រោយពី​ដំណើរការ​ប្រកួត ចម្រាញ់​ជម្រើស​យ៉ាងយូរ មកទល់ពេលនេះ អាជ្ញាធរ មន្ទីរអប់រំ និង​គណ​:​កម្ម​ការ បានប្រកាស​បិទ ការប្រកួត​កីឡាបាល់ទាត់ កុមារ យុវជន មហាជន និង​មនុស្ស​ចាស់ ដណ្តើមពាន​រង្វាន់​ជើងឯក ខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ​២០១៨ កាលពី​រាត្រី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នៅ​តារាង​បាល់ទាត់ ហេ​ប​ភី​ស្ព័ត នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

​លោក ឈួ ប៊ុន​រឿង អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ​-​តំណាង​គណៈកម្មការ​ប្រកួត បាន​និយាយថា​: ការ​ប្រ​កូត​កីឡាបាល់ទាត់ កុមារ យុវជន មហាជន និង​មនុស្ស​ចាស់ ដណ្តើមពាន​រង្វាន់​ជើងឯក ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៨​នេះ មាន​ក្រុម​កី​បាល់ទាត់ ចូលរួម​ប្រកួត ចំនួន ៣២ ក្រុម​: U១២ មាន​៧​ក្រុម​, U១៦ មាន​៦​ក្រុម​, U១៨ មាន​៤​ក្រុម និង​មហាជន មាន​៧​ក្រុម វ័យ​ចំណាស់ មាន​៨​ក្រុម ដែល​បានជ្រើសរើស​ចេញពី គ្រប់​វិទ្យាល័យ ភូមិ ឃុំ មហាជន និង​វ័យ​ចំណាស់​។ ការប្រកួត បានចាប់ផ្តើម​ពីថ្ងៃ​ទី​១០ ខែមីនា ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​។ ក្រុម​ដែល​បានទទួល​ជ័យលាភី​លេខ​១ នឹង​ត្រៀម​ទៅ​ប្រកួត នៅ​រាជធានី​ភ្នំពេញ នាពេលខាងមុខ​ទៀត​។​

​ជា​លទ្ធផល ផ្នែក​មហាជន​: ជ័យលាភី​លេខ​១ បាន​ទៅលើ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME)​។ លេខ​២ បាន​ទៅលើ​មហាវិទ្យាល័យ ក្រុង​សិរីសោភ័ណ និង​លេខ​៣ បាន​ទៅលើ នាគ​ប៊ី​យូ​ធី ។ ផ្នែក​វ័យ​ចំណាស់​លេខ​១ បាន​ទៅលើ​ក្រុម Happy ។ លេខ​២ បាន​ទៅលើ​ក្រុម​ស្រមោច​ខ្មៅ​។ លេខ​៣ បាន​ទៅ​ក្រុម​ក្លិប​គ្រូ​ថ្មពួក​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​: ការប្រកួត​បាល់ទាត់ ដណ្តើមពាន​រង្វាន់​ជើងឯក ប្រចាំឆ្នាំ​២០១៨ ខេត្តបន្ទាយមានជ័យ​នេះ គឺ​ដើម្បី​លើក​កំពស់ ការយកចិត្តទុកដាក់ លើកកម្ពស់​ទៅ​វិស័យ​កីឡា​គ្រប់​ប្រភេទ និង​ក៏​បង្ហាញ​ពី​ស្មារតី​សេ្ន​ហា និង​លើកស្ទួយ​វិស័យ​កីឡា​។

​លោក​អភិបាលខេត្ត បាន​បន្តថា​: ការប្រកួត​ច្បាស់ ជាមាន​ចាញ់​-​ឈ្នះ​។ ប៉ុន្តែ​បំណង​ចម្បង នែ​ការប្រកួត គឺ​បណ្តុះ​ស្មារតី ស្រឡាញ់​រាប់អាន​គ្នា សាមគ្គីភាព មិត្តភាព កិច្ច​សហការគ្នា រវាង​កីឡាករ និង​កីឡាករ រវាង​ក្រុម​មួយ និង​ក្រុម​មួយទៀត កាន់​តែមាន​សារៈសំខាន់ ថែមទៀត ព្រោះ​វិស័យ​កីឡា កន្លងមក ក៏បាន​រួមចំណែក​យ៉ាងខ្លាំង សម្រាប់​សន្តិភាព លើ​លោក​។ លោក សួន បវរ ក៏បាន​កំពុង​បំផុស​ឱ្យ​ប្រធាន​មន្ទីរ កងរាជអាវុធហត្ថ អង្គភាព ក្រុមហ៊ុន អាជីវករ និង សិស្សានុសិស្ស យុវជន យុវនារី នៅតាម​មូលដ្ឋាន ចូលរួម​លេង​កីឡា​ផងដែរ​៕V

​លោក សួន បវរ និង​មន្ត្រី​ចូលរួម​ផ្តល់​ពានរង្វាន់ បិទ​ការប្រកួត​កីឡាបាល់ទាត់ កុមារ យុវជន មហាជន និង​មនុស្ស​ចាស់ ដណ្តើមពាន​រង្វាន់​ជើងឯក ខេត្តបន្ទាយមានជ័យ (​រូប​:​ភ្នំ​ស្វាយ​)