បិទ​ទីក្រុង​ចិន​មួយ ​នៅពេល​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​១៧​នាក់​និ​ងជាង​៥០០​នាក់​ឆ្លង​

172
ចែករម្លែក

​កាសែត​រដ្ឋ​People’s Daily​បាន​និយាយថា មិន​មាន​នរណា​ម្នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​ទីក្រុង​វូ​ហាន ចាប់ពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ នៅពេល​​សេវាគម​នា​គមន៍​ត្រូវ​បិទ​ ក្នុងពេល​អាជ្ញាធរ​ព្យាយាម​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​វីរុស​បង្ក​ជំងឺរលាក​សួត​ស្រដៀង​គ្នា​នឹង​ជំងឺសា​ដែល​បាន​ផ្ទុះ​នៅ​ចិន​កាលពី​១៧​ឆ្នាំ​​មុន​។​

​ទីក្រុ​ងដែល​ជា​ប្រភព​ចម្លង​វីរុស​ផ្តាច់​ជីវិត​ ឥឡូវ​ស្ថិតក្រោម​ការ​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ ដោយ​ជើងហោះហើរ​ចេញ និង​សេវា​រថភ្លើង​ត្រូវ​ផ្អាក រថភ្លើង​ក្រោម​​ដី​ត្រូវ​បញ្ឈប់​និង​ព្រឹត្តិការណ៍​សាធារណៈ​ធំៗ​ត្រូវ​បាន​លុបចោល នៅ​ពេល​ពួក​គ្រូពេទ្យ​ស្លៀកពាក់​សម្លៀកបំពាក់​ការពារ​ពេញ​មួយ​តួខ្លួន​ក្នុងពេល​ព្យាបាល​អ្នក​ជំងឺ។​

​កូរ៉ូណា​វីរុស​ដែល​ចាប់ផ្តើមច​ម្ល​ង​នៅ​ទីក្រុង​វូ​ហាន ឥឡូវ​ចម្លង​ទៅ​ពាសពេញ​ប្រទេស​ចិន​និង​ហួស​ពី​ព្រំដែន​ចិន ​ដោយ​វា​បាន​សម្លាប់​មនុស្ស​១៧​នាក់​និង​ជាង​៥០០​នាក់​ឆ្លង​។​ករណី​ស្លាប់​និង​ឆ្លង​ភាគច្រើន​បំផុត​ស្ថិតនៅ​ទីក្រុង​វូ​ហាន​ដែលមាន​ប្រជាពលរដ្ឋ​១១​លាន​នាក់ ។​

​អាជ្ញាធរ​បាន​ប្រកាសថា ជើងហោះហើរ​និង​រថភ្លើង​ចេញពី​ទីក្រុង​នេះ​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មករា ហើយ​រថយន្តក្រុង រថភ្លើង​​ក្រោម​ដី​និង​រថយន្តក្រុង​ចម្ងាយ​ឆ្ងាយ​ក៏​ត្រូវបាន​បញ្ឈប់​សេវា​រហូត​ដល់​មាន​ការជូនដំណឹង​ជា​ថ្មី​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ ចំណាត់ការ​ទាំងនេះ​មាន​គោលបំណង​កាត់ផ្តាច់​ការចម្លង​រាលដាល​វីរុស​ ទប់ស្កាត់​ការផ្ទុះ​ជំងឺ​និង​ធានា​សុវត្ថិភាព​​និង​សុខភាព​របស់​ប្រជាជន​»​។​

​ការសម្រេចចិត្ត​នេះ​កើតឡើង​ចំពេល​ប្រជាជន​ចិន​រាប់លាន​នាក់​កំពុងធ្វើដំណើរ​ទូទាំង​ប្រទេស​ចិន​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​២៤​មករា​។​នាយកដ្ឋា​នទេសចរណ៍​និង​វប្បធម៌​របស់​ទីក្រុង​បាន​លុបចោល​ដំណើរ​ទេសចរណ៍​ជា​ក្រុម​រហូត​ដល់​ថ្ងៃ​០៨​កុម្ភៈ​។​

​ការសម្តែងពិព័រណ៍ និង​ការប្រកួត​កីឡា ក្នុង​ទីក្រុង​នេះ​ត្រូវបាន​លុបចោល ហើយ​សារមន្ទីរ​៤​ក្នុង​ក្រុង​វូ​ហាន ត្រូវ​បិទ​ផងដែរ​៕ប្រែសម្រួល៖វាសនា/Ha

​ជើងហោះហើរ​ចេញ​និង​រថភ្លើង​ចេញពី​ក្រុង​វូ​ហាន​ត្រូវ​ផ្អាក​រហូតដល់​មាន​ការជូន​ដំណឹង​ថ្មី