បិទ​ទីតាំង​ផលិត​ភ្លាមៗ ក្រោយ​រកឃើញ​សរសៃ​គុយទាវ មាន​សារ​ធាតុគីមី​បូរ៉ា​ក់​

1099
ចែករម្លែក
  • 30
    Shares

ដោយ​ ៖ ​តាកែវ /​
​តាកែវ​៖​ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​ សាខា​ខេត្តតាកែវ ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក ឌឹ​ម ថេ​ង អគ្គនាយករង​កាំកុងត្រូល និង​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល ខេត្តតាកែវ បាន​ចុះ​ត្រួតពិនិត្យ​ការលក់ទំនិញ គ្រឿងឧបភោគ​បរិភោគ នៅលើ​ទីផ្សារ​ក្រុង​ដូន​កែវ និង​នៅតាម​ដេប៉ូ ចែកចាយ​ស្រា​បៀរ មួយកន្លែង​។ នៅក្នុង​ការចុះពិនិត្យ​នោះ មន្ត្រី​ជំនាញ បាន​រកឃើញ​ប្រភេទ​សរសៃ​គុយទាវ​បាញ់​កាញ់​សរសៃ​ធំ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​ក្រុង​ដូន​កែវ ជាង ៣០ គីឡូក្រាម មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​បូរ៉ា​ក់ និង​បាន​ដកហូត យកមក​កម្ទេចចោល​។ ជាមួយគ្នានេះ មន្ត្រី​កាំកុងត្រូល សាខា​ខេត្តតាកែវ បាន​ឈានទៅ​បិទ ទីតាំង​ផលិត​ភ្លាមៗ​តែម្តង​។​

​ការចុះ​ត្រួតពិនិត្យ​ការលក់ទំនិញ គ្រឿងឧបភោគ​បរិភោគ នៅលើ​ទីផ្សារ​នេះ បាន​ត្រូវធ្វើឡើង បន្ទាប់ពី​លោក​អភិបាល ខេត្តតាកែវ បាន​ព្រមាន​ខ្លាំងៗ នៅក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ ឯកភាព​ខេត្ត កន្លងទៅ​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ការកើតឡើង​ដដែលៗ ចំពោះ​សិប្បកម្ម​កែច្នៃ ប្រហុក សរសៃ​គុយទាវ និង​ការកែច្នៃ​ស្ករស មកជា​ស្ករត្នោត យកមក​លក់​នៅតាម​ទីផ្សារ ដែលជា​កត្តា​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ​នោះ​។​

​លោក​ឌឹ​ម ថេ​ង អគ្គនាយករង កាំកុងត្រូល បានឱ្យដឹងថា សារធាតុ​គីមី​បូរ៉ា​ក់ ដែល​បានដាក់​បញ្ចូល ទៅក្នុង​សរសៃ​គុយទាវ ខាងលើ​នោះ គឺ​វា​មាន​ច្រើន ហួស​កំរិត (៣,៥​ក្រាម ក្នុង​មួយ​គីឡូក្រាម សរសៃ​គុយទាវ ) ដែល​ធ្វើឱ្យ​អ្នក​បរិភោគ​វា​ទៅ មានការ​ប៉ះពាល់​ដល់ សុខភាព​ធ្ងន់ធ្ងរ ឬក៏​ធ្វើឱ្យ​អ្នក​បរិភោគ​វា​រួចហើយ ភ្លាមៗ មាន​សភាព​ឈឺក្បាល រាគ​រួស ជាដើម ក៏ប៉ុន្តែ​បើសិនជា អ្នក​បរិភោគ​វា​យូរៗ​ទៅ អាច​បង្ករ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ប៉ះពាល់ ទៅដល់​ការ​ខូច​ក្រលៀន រលាក​ពោះវៀន រលាក​ក្រពះ និង​រលាក​ថ្លើម ជាដើម ។

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល ខេត្តតាកែវ បានឱ្យដឹងថា ការចុះពិនិត្យ​រកឃើញ សរសៃ​គុយទាវ ដែលមាន​ផ្ទុក នូវ​សារ​ធាតុគីមី ដែល​កំពុងមាន​ចរាចរ លក់​នៅលើ​ទីផ្សារ​នោះ លោក​បាន​ស្នើសុំ​គោលការណ៍ ជាមួយ​លោក អ៊ូច ភា អភិបាលខេត្ត ហើយ​លោក បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ សហកា​ជាមួយ អាជ្ញាធរ​មូលដ្ឋាន ចុះ​បិទ​ទីតាំង​ផលិត កែច្នៃ​សរសៃ​គុយទាវ ដែលមាន​ផ្ទុក​សារធាតុ​គីមី បូរ៉ា​ក់​នោះ​ភ្លាមៗ​។
​សិប្បកម្ម​ផលិត សរសៃ​គុយទាវ​នោះ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្លា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ម្ចាស់​ទីតាំង​ផលិត​ឈ្មោះ កែវ ឈួន ក្នុងនោះ មន្ត្រី​ជំនាញ ក៏បាន​ដកហូត ជា​បណ្តោះអាស្ន​ន​នូវ សម្ភារ​ផលិត​មួយចំនួន របស់​ម្ចាស់​ទីតាំង យកមក​រក្សាទុក នៅ​សាលាឃុំ​លាយ​បូរ ។

​សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​ផលិត​សរសៃ​គុយទាវ ដែល​ត្រូវ​មន្ត្រី​ជំនាញ និង​អាជា្ញធរ ចុះ​បិទ​ខាងលើ នោះ​គឺ​ធ្លាប់​បានធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការផលិត ដាក់​សារធាតុ​គីមី​នោះ ម្តង​រួចមកហើយ តែ​មិន​មានការ​រៀងចាល ដោយ​នៅតែ​លួច ផលិត​សរសៃ​គុយទាវ បន្ត​លក់​នៅលើ​ទីផ្សារ ៕V