បិទ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​ថ្នាក់​ខេត្ត​ លើក​ទី​៥ នៅ​ខេត្តសៀមរាប​

158
ចែករម្លែក
​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​ថ្នាក់​ខេត្ត​លើក​ទី​៥ នៅ​ខេត្តសៀមរាប​៕​គូលែន​

ដោយ​គូលែន​/​សៀមរាប​: អាជ្ញាធរ​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ថែរក្សា និង​អភិរក្ស​ប្រពៃណី​វប្បធម៌​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ខណៈ​ការទទួលយក​វប្បធម៌​ពី​បរទេស ត្រូវ​ឈរលើ​ទ្រឹស្តី សម័យ​មិនមែន​បរទេស តែ​បុរាណ​មិនមែន​អន់ថយ​។​នេះ​គឺជា​ការលើកឡើង​របស់លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប ក្នុងឱកាស​បិទ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​ថ្នាក់​ខេត្ត​លើក​ទី​៥ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការនិយាយ​យ៉ាង​ដូច្នេះ មិនមែនជា​ការចោទប្រកាន់​ថា វប្បធម៌​បរទេស​សុទ្ធតែ​មិនល្អ​ទាំងអស់​នោះទេ ក៏ប៉ុន្តែ​អ្វីដែល​អាច​ទទួលបាន​ពី​បរទេស ក៏​ត្រូវតែ​ទទួលយក ដោយ​មិនមែន​ទទួលយក​ទាំង​ឫស​ទាំង​គល់​នោះទេ គឺ​ត្រូវ​ទទួលយក​ក្នុងការ​វិភាគ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ភាពជឿនលឿន និង​ការរីកចម្រើន​ទាន់សម័យ ក្នុង​ព្រំដែន​មួយ គឺ​សម័យ​មិនមែន​បរទេស តែ​បុរាណ​មិនមែន​អន់ថយ ហើយ​ត្រូវតែ​ចងចាំ​ថា បុព្វបុរស​ដូនតា​ខ្មែរ​បាន​កសាង និង​បន្សល់ទុក​បេតិកភណ្ឌ​ទាំង​រូបី​និង​អរូបី សិល្បៈ វប្បធម៌ ប្រពៃណី សម្រាប់​កូនចៅ​ខ្មែរ​មកដល់​ជំនាន់​នេះ តើ​កូន​ខ្មែរ​ជំនា​ន់ប​ច្ចប្ប​ន្ន​នេះ បានធ្វើ​អ្វីខ្លះ​ហើយ សម្រាប់​កូនចៅ​ខ្មែរ​នៅ​ជំនាន់​នៃ​សម័យកាល​អនាគត ។​

លោកស្រី​ក៏បាន​ធ្វើការ​អំពាវនាវ​ជា​សាធារណៈ សូម​ឲ្យ​ទាំងអស់គ្នា ចូលរួម​ថែរក្សា និង អភិរក្ស នូវ​ប្រពៃណី វប្បធម៌​ដ៏​ផូរផង់​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រោះ​ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម រួមទាំង​សម័យកាល ជឿនលឿន​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ វា​បាន​បង្ករ​ឲ្យ​មានការ​ធ្លុះធ្លាយ​របាំង​ព្រំដែន​វប្បធម៌ បង្ក​ឲ្យ​មាន​ការហូរចូល​នៃ​វប្បធម៌​បរទេស​យ៉ាងគំហុក ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បានរៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត​លើក​ទី​៥ នៅ​សាល​សម្តែង សាលា​វិចិត្រសិល្បៈ​ភូមិភាគ​ខេត្តសៀមរាប តាម​ទម្រង់​សិល្បៈ​ចម្រៀង​ជាច្រើន​ប្រភេទ ដូចជា បទ​ចម្រៀង​សម័យ​ទសវត្សរ៍​ឆ្នាំ​៥០-៦០ , ចម្រៀង​ប្រពៃណី មហោរី បាសាក់ និង យីកេ ដែលមាន​បេក្ខជន​-​បេ​ក្ខ​នារី ចូលរួម​សរុប​ចំនួន​៥៥​នាក់ ក្នុងនោះ​មាន​បេ​ក្ខ​នារី​ចំនួន​១៦​នាក់ ។​

នៅក្នុង​ការប្រកួតប្រជែង​បង្ហាញ​ទេ​ព្យ​កោសល្យ​សិល្បៈ​ចម្រៀង​ខ្មែរលើ​វិញ្ញាសារ​បទ​ចម្រៀង​សម័យមុន​ទស​វ​ត្យ​រ៍​ឆ្នាំ​៧០ និង​វិ​ញ្ញាប​ទ​ចម្រៀង​ប្រពៃណី ក្នុងចំណោម​បេក្ខជន​-​បេ​ក្ខ​នារី​ចំនួន ៥៥​រូប ដែល​បាន​ចូលរួម​ប្រឡងប្រជែង​ដោយ​ការដាក់​ពិន្ទុ​យ៉ាង​សុក្រឹត​ពី​គណកម្មការ​មេ​ប្រយោគ​នោះ បាន​រកឃើញ​បេក្ខជន​-​បេ​ក្ខ​នារី ជាប់​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៣ ចំនួន​១២​រូប ក្នុងនោះ​រួមមាន​វិ​ញ្ញាច​ម្រៀ​ង​សម័យ​ផ្នែក​នារី​ចំនួន​០៣​រូប និង​បុរស​ចំនួន ០៣​រូប , វិញ្ញាសារ​ចម្រៀង​ប្រពៃណី មាន​ផ្នែក​នារី​ចំនួន​០៣​រូប និង​ផ្នែក​បុរស​ចំនួន​០៣​រូប ។​

បេក្ខជន​និង​បេ​ក្ខ​នារី​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប៉ុណ្ណោះ ដែលមាន​ឱកាស​បាន​ចូលរួម​បន្ត​ការប្រកួតប្រជែង​នៅ​រាជធានី​ភ្នំពេញ ក្នុង​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សាកល​ថ្នាក់ជាតិ នា​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ រួមមាន ៖ វិញ្ញាសារ​ចម្រៀង​សម័យ ផ្នែក​បុរស​បាន​ទៅលើ​បេក្ខជន​ឈ្មោះ អូន សុខា​ណា​រិ​ទ្ធ ពាក់​ស្លាក លេខ​១ និង ផ្នែក​នារី​បាន​ទៅលើ​បេ​ក្ខ​នារី​ឈ្មោះ សួន សីហា ពាក់​ស្លាក​លេខ​១២ និង វិញ្ញាសារ​ចម្រៀង​ប្រពៃណី ដោយមាន​ចម្រៀង​បាសាក់​ផង ផ្នែក​បុរស​បាន​ទៅលើ​បេក្ខជន​ឈ្មោះ ផន ចាន់​ធឿន ពាក់​ស្លាក​លេខ​២៤ និង ផ្នែក​នារី​បាន​ទៅលើ​បេ​ក្ខ​នារី​ឈ្មោះ សំ សុខា ពាក់​ស្លាក​លេខ ២៥ ។​

ជាមួយ​ជ័យលាភី​នេះ បេក្ខជន​-​បេ​ក្ខ​នារី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​រង្វាន់​លើកទឹកចិត្ត​៤០​ម៉ឺន​រៀល , លេខ​២​ទទួលបាន​ទឹកប្រាក់​៣០​ម៉ឺន​រៀល និង ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទឹកប្រាក់ ២០​ម៉ឺន​រៀល រួមទាំង​ប័ណ្ណសរសើរ​ផងដែរ ហើយ​ដោយឡែក​សម្រាប់​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ត្រូវបាន​ចាក​ចេញពី​វគ្គ​ជម្រុះ ទទួលបាន​ការលើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ចំនួន​៥​ម៉ឺន​រៀល ៕Ha

#