បិទ​រោងចក្រ​ជាច្រើន​នៅ​ឥណ្ឌា​ព្រោះ​បង្ហូរ​កាកសំណល់​គីមី​ចូល​ទន្លេ ធ្វើឱ្យ​សត្វ​ឆ្កែ​ប្រែ​ក្រឡា​ទៅជា​ពណ៌​ខៀវ​

1174
ចែករម្លែក

​មន្ត្រី​មួយរូប​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២២​សីហា​ថា រោងចក្រ ដែល​ត្រូវបាន​ចោទប្រកាន់ថា​ចាក់​ថ្នាំ​ជ្រលក់​ពណ៌​ចូលទៅក្នុង​ទន្លេ​ឥណ្ឌា​មួយកន្លែង ដោយ​ធ្វើឱ្យ​សត្វ​ឆ្កែ​ជាច្រើន​ក្បាល​ប្រែ​ទៅជា​ពណ៌​ខៀវ​នោះ ត្រូវបាន​បិទទ្វារ​ហើយ បន្ទាប់ពី​រូបភាព​គួរឱ្យ​បារម្ភ​អំពី​សត្វ​ឆ្កែ​ដែលមាន​ពណ៌​ភ្លឺ​ថ្លា​បាន​បែកធ្លាយ​។​

​សកម្មជន​ការពារ​សត្វ​បាន​ប្រទះឃើញ​សត្វ​ឆ្កែ​ពណ៌​ខៀវ​ជាច្រើន​ក្បាល​ដើរ​តាម​ដងផ្លូវ​នៅ​ទីក្រុង​មុំ​បៃ​នៅ​ជិត​តំបន់ឧស្សាហកម្ម​មួយ ជាទី​ដែល​រោងចក្រ​ជាច្រើន​ត្រូវបាន​ចោទប្រកាន់ថា​បាន​ចាក់​សារធាតុ​គីមី​ផ្ទាល់​ចូលទៅក្នុង​ទន្លេ​កា​សា​ឌី (Kasadi)​។​

​លោក អា​រ៉ា​ទី ចូ​ហាន និយាយថា សត្វ​ឆ្កែ​និង​បក្សី​បាន​ប្រឡាក់​ពណ៌​ខៀវ​ភ្លឺ បន្ទាប់ពី​ហែល​ទឹក​នៅក្នុង​ទន្លេ​កខ្វក់​នេះ​។​

​លោក អា​រ៉ា​ទី ប្រធាន​អង្គការ​ការពារ​សត្វពាហនៈ​ណាវី​មុំ​បៃ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​យើង​បាន​យក​ឆ្កែ​មួយ​ក្បាល​ទៅ​ព្យាបាល​ព្រោះ​វា​កំពុង​រងគ្រោះ​ដោយ​ឆ្លង​មេរោគ​ភ្នែក​។ ឧបទ្ទវហេតុ​ដ៏​ចម្លែក​ដ៏​គ្រោះថ្នាក់​នេះ​បាន​បង្កឡើង​ដោយ​ក្រុមហ៊ុន​ទាំងនេះ ដែល​មិន​គោរព​តាម​បទដ្ឋាន​បរិស្ថាន​”​។​

​ទិន្នន័យ​របស់​អង្គការ​ឃ្លាំង​មើល​បរិស្ថាន ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​មុំ​បៃ​បាន​បង្ហាញថា ទន្លេ​កា​សា​ឌី​រត់​ឆ្លងកាត់​តាម​តំបន់​តា​ឡូ​ចា ដែលជា​តំបន់ឧស្សាហកម្ម​ដ៏​រឹងមាំ​របស់​ទីក្រុង​នេះ​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ដែល​ចាក់​ថ្នាំ​ជ្រលក់​គីមី​ចូល​ទន្លេ​បង្ក​ឱ្យ​សត្វ​ឆ្កែ​និង​បក្សី​ប្រែ​ទៅជា​ពណ៌​ខៀវ ត្រូវបាន​បិទទ្វារ​ហើយ