បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កាយសម្ព័ន្ធ​មូលដ្ឋាន​កម្រិត​១

105

ទិដ្ឋភាព​បិទ​វគ្គ​សិក្ខាសាលា​កាយសម្ព័ន្ធ (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​មូលដ្ឋាន​កម្រិត​១ នៅ​ខេត្តកំពង់ឆ្នាំង ដែល​បានចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦​មក​នោះ បានបញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​៣០​ធ្នូ​។​

​ក្នុង​ពិធី​បិទ​នេះ មានការ​ចូលរួម​ពី​សំ​នាក់លោក ស៊ឹម ប្រិ​ម អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង លោក​ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ។​

​លោក ណ​យ ផា​ណា ដែលជា​គ្រូឧទ្ទេស​ផង​នោះ បាន​រាយការណ៍​ពី​ខេត្តកំពង់ឆ្នាំង មក​ថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៧​រូប ដែល​ក្នុងនោះ​មាន​៥​រូប​ជានា​រី​។ សិក្ខាកាម​ទាំង​២៧​រូបនោះ មកពី​រាជធានី​ភ្នំពេញ​៩​រូប ខេត្តក្រចេះ​៤​រូប ខេត្តកំពង់ចាម​១​រូប និង​ខេត្តកំពង់ឆ្នាំង​១៣​រូប​។​

​វគ្គ​នេះ បើក​ឡើង​ក្រោម​គម្រោង​ថវិកា​សម្រាប់​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​វគ្គ​នេះ​សិក្សា​លំអិត​ទៅលើ​គរុកោសល្យ នៃ​ការបង្ហាត់ វិធីសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​សប្បាយ​ក្នុងការ​ហ្វឹកហាត់ ចូលចិត្ត​ហ្វឹកហាត់​។ លោក​បាន​បញ្ជាក់ថា តួនាទី​នៃ​គ្រូបង្វឹក​មាន​សារៈសំខាន់​ណាស់ ព្រោះ​មាន​តួនាទី​ក្នុងការ​ស្រាវជ្រាវ​នូវ​អ្វីដែល​ថ្មី ស្របតាម​ការអភិវឌ្ឍ​ន៍​របស់​សហព័ន្ធ​អន្តរជាតិ​។​

​វគ្គ​សិក្ខាសាលា​ដែលមាន​រយៈពេល​៥​ថ្ងៃ​ពេញ​នេះ គឺ​រៀងរាល់ថ្ងៃ​ពេលព្រឹក​សិក្សា​ទៅលើ​ទ្រឹស្ដី ដោយ​ចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​១១ និង​ពេល​រសៀល​ជា​ពេលវេលា​អនុវត្តន៍ នូវ​អ្វីដែល​បាន​សិក្សា​ពី​ព្រឹក​ដែល​ការអនុវត្តន៍​នេះ ចាប់ផ្ដើម​ពី​ម៉ោង​២​រសៀល​ដល់​ម៉ោង ៥ ល្ងាច​។ លោក​អគ្គលេខាធិការ​បា​ន​ចាត់ទុកថា អ្វីៗ​បានទទួល​លទ្ធផល​ល្អ​ហួស​ពី​ការគ្រោងទុក​របស់លោក​។​

​កាយសម្ព័ន្ធ​មាន​២​ប្រភេទ គឺ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Aerobic Gymnastic) និង​កាយសម្ព័ន្ធ​អាក​ទី​ស្ទីក (Artistic Gymnastic) ដែល​ទាំង​២​ប្រភេទ​នេះ ត្រូវ​ទាមទារ​នុ​វ​ការហ្វឹកហាត់​ជាប្រចាំ​តែម្ដង​។​

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​កាលពី​ប៉ុន្មាន​ខែ​មុន ទើបតែ​បញ្ចប់​ការធ្វើ​តេស្ត​រក​យុវជន​វ័យក្មេង​សម្រាប់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​យុវជន នៅ​ប្រទេស​អា​ហ្ស​ង់​ទីន នា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ សម្រាប់​វគ្គ​នេះ លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា សំខាន់​ណាស់​ព្រោះ​ពួកគេ​នឹង​ក្លាយជា​គ្រូ​បង្គោល​ដ៏​សំខាន់​នៅក្នុង​រាជធានី​-​ខេត្ត​របស់គេ​៕L ដោយ​៖ រ៉ូ​ហ្សា​