បិទ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​១ និង​ដាក់ចេញ​ទិសដៅ​អនុវត្ត ៥​ចំណុច ដល់​អង្គ​វេទិកា​

121
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ ​៖ ក្នុង​ពិធី​បិទ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​១ អម​ជាមួយនិង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ (២០១៩-២០៣០) នា​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ហ្គា​ដិ​ន​ស៊ី​ធី​នេះ​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានធ្វើការ​បូកសរុប និង​ដាក់ចេញ​នូវ​ទិសដៅ​អនុវត្ត​បន្ត​មួយចំនួន​ដូចខាងក្រោម​៖

-​ទី​១.ខ្ញុំ​សូម​ស្នើ​ឲ្យ​អង្គ​វេទិកា​ទាំងមូល ទាំង​ស្ថាប័នរដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ សូម​យក​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ទាំង​៨​ចំណុច របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​នាឱកាស​បើក​វេទិកា​យកទៅ​ពិចារណា​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ជំរុញ​អភិវឌ្ឍ​សហគមន៍​នៅតាម​មូលដ្ឋាន ក្នុងករណី​ចាំបាច់ សូម​រាយការណ៍​ទៅ​ស្ថាប័ន​រៀងៗ​ខ្លួន ដើម្បី​រិះរក​វិធី​ដោះស្រាយ​ជារួម​។​

-​ទី​២.ជាមួយនឹង​ការដាក់​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ និង​ការដាក់ចេញ​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ការអភិវឌ្ឍន៍​សហគម​ន៍ និង​អេកូ​ទេសចរណ៍ ខ្ញុំ​សូម​ស្នើ​ឲ្យ​អង្គ​វេទិកា ជាពិសេស​ជំនាញ​ពាក់ព័ន្ធ​ខាង​វិស័យ​ទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គណៈ​អភិបាល​រាជធានី​-​ខេត្ត សូម​យក​ស្មារតី​នៃ​ឯកសារ​គោល​ទាំងពីរ​ទៅ​អនុវត្ត ដោយ​ឈរលើ​ស្មារតី​រួមមួយ​ជាក់លាក់ គឺ​ជួយ​អភិវឌ្ឍ​សហគមន៍​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន ពិសេស​បង្កលក្ខណៈ​ងាយ​ស្រួយ​ក្នុងការ​បញ្ចូល​សកម្មភាព​ទេសចរណ៍ ទៅក្នុង​សហគមន៍​ដែលមាន​សក្តានុពល និង​បន្ត​ជួយ​សហគមន៍​ដែលមាន​ស្រាប់ បើទោះបីជា​សហគមន៍​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​-​ស្ថាប័ន​ណាក៏ដោយ​។​

-​ទី​៣.ដើម្បី​ជំរុញ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ ខ្ញុំ​សូម​ស្នើ​ឲ្យ​ដៃគូ​អភិវឌ្ឍ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សហគមន៍ ជាពិសេស​អង្គការ​ជាតិ និង​អន្តរជាតិ​ដែលមាន​វត្តមាន​ក្នុង​អង្គ​វេទិកា ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​ជាមួយ​ក្រសួងទេសចរណ៍ ក្នុង​ការជំរុញ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​ស្នើ​ឲ្យ​មាន​ជំនួប​ជា​ទៀងទាត់​រវាង​ក្រសួងទេសចរណ៍ និង​ដៃគូ​ពាក់ព័ន្ធ​ខាងលើ បន្ថែម​ពីលើ​កិច្ចប្រជុំ​របស់​ក្របខណ្ឌ​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដោយ​លទ្ធផល​នៃ​ជំនួប​ទាំងនេះ នឹងត្រូវ​យកមក​ពិភាក្សា​នា​វេទិកា​ជាតិ​លើក​ទី​២ នៅ​ឆ្នាំក្រោយ​ទៀត​។​

-​ទី​៤.ខ្ញុំ​សូម​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន ជាពិសេស​ក្រុមហ៊ុន​ទេសចរណ៍ សមាគម CATA, PATA ធ្វើការ​រៀបចំ​កញ្ចប់​ទ​ស្សន​កិច្ច និង​នាំ​ភ្ញៀវទេសចរ​បន្ថែមទៀត​ទៅ​កាន់​គោលដៅ​សហគមន៍ បើទោះបីជា​សេវា​នៅ​សហគមន៍​នៅ​មិនទាន់​អាចឆ្លើយតប​ស្តង់ដា​ពេញលេញ​របស់​ភ្ញៀវទេសចរ​ក៏ដោយ​។​

-​ទី​៥.លេខាធិការដ្ឋាន​ក្រុមការងារ​អន្តរក្រសួង ត្រូវធ្វើ​របាយការណ៍​ល​ទ្ធ​ផល​អំពី​អង្គ​វេទិកា​នេះ​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​លើកឡើង​អំពី​លទ្ធផល​នៃ​អង្គ​វេទិកា និង​ស្នើសុំ​ជា​ជម្រើស​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​សហគមន៍​បាន​កំពុង​ជួបប្រទះ ក៏ដូចជា​ដើម្បី​តាមដាន​ការអនុវត្ត​ការងារ សម្រាប់​វេទិកា​ជាតិ​លើក​ទី​២ នៅ​ឆ្នាំក្រោយ​៕​B/