បិទ​សាលា​ទាំងអស់ និង​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​នៅ​រដ្ឋ​ចំនួន ២ ខណៈ​ឥណ្ឌា​ត្រៀម​កាត់ទោស​ព្រះ​គ្រូធំ​សាសនា​ម្នាក់​ពីបទ​រំលោភ​ស្ត្រី​២​នាក់​

902
ចែករម្លែក

​ឥណ្ឌា​កំពុង​ដាក់ពង្រាយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​រាប់ពាន់នាក់​និង​បិទ​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​រដ្ឋ​ភាគ​ខាងជើង​ចំនួន​ពីរ ខណៈ​ថ្ងៃ​ចន្ទ​ទី​២៨​សីហា ប្រទេស​នេះ​ត្រៀមខ្លួន​ផ្តន្ទាទោស​បុរស​តាំងខ្លួន​ជា “​ព្រះ​” ម្នាក់ ដែល​អ្នក​គោរព​ប្រ​ណិ​បត​ន៍​របស់គាត់​បាន​ផ្ទុះ​ការតវ៉ា​ហិង្សា បន្ទាប់ពី​បុរស​នេះ​ត្រូវបាន​កាត់ទោស​ពីបទ​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​លោក គូ​មី​ត រ៉ាំ រ៉ា​ហ៊ីម ស៊ី​ង (Gurmeet Ram Rahim Singh) មេដឹកនាំ​សាសនា​តេ​រ៉ា​សា​ចា​ស៊ូ​ដា មាន​អ្នកគាំទ្រ​ជាច្រើន​នៅ​រដ្ឋ​ពុន​ចាប និង​រដ្ឋ​ហារី​យ៉ាណា ជាទី​ដែល​ហ្វូង​អ្នកគាំទ្រ​មេដឹកនាំ​សាសនា​នេះ​បាន​ដុតបំផ្លាញ​ស្ថានីយប្រេងឥន្ធនៈ និង​ស្ថានីយ​រថភ្លើង និង​ដុត​យានយន្ត​ជាច្រើន​គ្រឿង បន្ទាប់ពី​តុលាការ​រកឃើញ​មេដឹកនាំ​សាសនា​នេះ​ជាប់ពិរុទ្ធ​ពីបទ​ចាប់រំលោភ​ស្ត្រី​២​នាក់​ក្នុង​សំណុំរឿង កាលពី​ឆ្នាំ​២០០២
​នៅ​ទីស្នាក់ការ​របស់គាត់​នៅ​ទីក្រុង​សៀ​សា (Sirsa)​។

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៣៨ នាក់​ត្រូវបាន​សម្លាប់​និង​ជាង ២០០ នាក់​បាន​រងរបួស​នៅក្នុង​អំពើហិង្សា​នៅ​រដ្ឋ​ហារី​យ៉ាណា ដោយ​នាំឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​រដ្ឋ​មួយ​នេះ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​បា​រ៉ា​ទី​យ៉ា ចា​ណា​តា (BJP) របស់​នាយករដ្ឋមន្ត្រី ណារិន​ត្រា ម៉ូ​ឌី ។​

​ករណីនេះ​ក៏បាន​គូសបញ្ជាក់​ពី​ការ​ងប់​ង​ល់​ខ្លាំង​ជាមួយ​ព្រះ​គ្រូធំ​សាសនា​នៅ​រដ្ឋ​មួយ​នេះ ដែលមាន​ឥទ្ធិពល​ខ្លាំង​ខាង​នយោបាយ សម្រាប់​សមត្ថភាព​រប​ស់​ពួកគេ​ក្នុង​ការប្រមូល​អ្នកគាំទ្រ​រាប់លាន​នាក់ ដែល​ខកចិត្ត​ចំពោះ​កម្សោយ​ដឹកនាំ​របស់​រដ្ឋ​។​

​កងកម្លាំង​សន្ដិសុខ​បាន​រឹតបន្តឹង​នៅ​ជុំវិញ​ពន្ធនាគារ​នៅ​ទីក្រុង​រូ​តាក់ (Rohtak) ចម្ងាយ ៧០ គីឡូម៉ែត្រ​ពី​ក្រុង​ញូ​វ​ដេលី ជា​កន្លែង​ដែល​លោក ស៊ី​ង ត្រូវបាន​គេ​ស្គាល់​ថា​ជា គ្រូធំ​សាសនា តាមរយៈ​សម្លៀកបំពាក់​ដែល​គាត់​ស្លៀកពាក់​។​

​ចៅក្រម​ដែល​បាន​ផ្តន្ទាទោស​លោក ស៊ី​ង នឹងធ្វើ​សវនាការ​ពិ​សេសមួយ​នៅក្នុង​ពន្ធនាគារ​ក្រុង​រ៉ូ​តាក់ នៅវេលា​ម៉ោង ២ និង ៣០ នាទី​រសៀល​ម៉ោង​ក្នុងស្រុក (​ម៉ោង ៥ ល្ងាច​នៅ​ប្រទេស​កម្ពុជា​) នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សម្រេចការ​ផ្តន្ទាទោស ក្នុង​ចំណាត់ការ​មួយ​ដែល​ក្រុមមន្ត្រី​សង្ឃឹមថានឹង​រារាំង​អ្នកគាំទ្រ​គាត់​ពី​ការប្រមូលផ្តុំ​តាម​ដងផ្លូវ​ដូចដែល​ពួកគេ​បានធ្វើ កាលពី​ថ្ងៃ​សុក្រ​។​

​លោក​ស៊ី​ង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​យ៉ាង​តិច ៧ ឆ្នាំ​។​

​លោក​អេ​ស្ប៊ី សាន់​ឌូ ស្នងការ​ប៉ូលិស​រដ្ឋ​ហារី​យ៉ាណា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ទីក្រុង​សៀ​រ៉ា ដែលជា​ទីស្នាក់ការ​រប​ស់​ព្រះ​គ្រូធំ​នេះ បាន​ស្ថិតនៅក្រោម​ការ​រឹង​បន្តឹង​រួចហើយ​។ រដ្ឋាភិបាល​និយាយថា សាលា​និង​មហាវិទ្យាល័យ​នានា​ត្រូវបាន​បញ្ជា​ឱ្យ​បិទ​។​

​លោក​សាន់​ឌូ​និយាយថា “​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ យើង​មាន​ផែនការ​ត្រៀម​ទុកជាមុន​”​។ លោក​បន្ថែមថា​ប៉ូលិស​ជាង ១ ម៉ឺន​នាក់​នឹង​ល្បាត​រដ្ឋ​នេះ ខណៈដែល​រដ្ឋ​នេះ​កំពុង​រង់ចាំ​ការកាត់ទោស​លោក ស៊ី​ង ។​

​មន្ត្រីរដ្ឋបាល​កំពូលរ​បស់​រដ្ឋ​ពុន​ចាប និយាយថា រដ្ឋ​ជិតខាង​ពុន​ចាប ជា​កន្លែង​ផ្ទុះ​អំពើហិង្សា​រប៉េះរប៉ោះ បាន​កោះហៅ​ប៉ូលិស​ជាង ៨ ពាន់​នាក់ ហាមឃាត់​ការប្រមូល​ផ្តុំគ្នា​ធំៗ និង​បិទ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​នៅ​ទូទាំង​រដ្ឋ​នេះ​រហូតមកដល់​ថ្ងៃ​អង្គារ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​ឥណ្ឌា​ឈរ​បិទផ្លូវ​ក្នុង​ទីក្រុង ប៉ា​ញ់​កុឡា បន្ទាប់ពី​តុលាការ​រកឃើញ​ព្រះគ្រូ ស៊ី​ង ជាប់ពិរុទ្ធ​ពីបទ​រំលោភ​ស្ត្រី